សម្តេច​តេ​ជោ នឹង​អញ្ជើញ​ទៅ​ដឹកនាំ​កិច្ចប្រជុំ​កំពូល អាស៊ាន​-​អាមេរិក នា​ថ្ងៃស្អែក​

ភ្នំពេញ​៖ តាម​កម្មវិធី ដែល​បាន​គ្រោងទុក សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងនាម​ជា​ប្រធាន​អាស៊ាន នឹង​អញ្ជើញ​ទៅ​ដឹកនាំ​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​អាមេរិក នៅ​សហរដ្ឋអាមេរិក នា​ព្រឹក​ថ្ងៃទី​១០ ខែឧសភា ឆ្នាំ​២០២២​។ ពោលគឺ​បន្ទាប់ពី​សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​រៀបចំ​បុណ្យ និង​បញ្ចុះសព​បងប្រុស​របស់​សម្តេច តែមួយ​ថ្ងៃ​ប៉ុណ្ណោះ​។​

​សេចក្តីថ្លែងការណ៍​រប​ស់​ក្រសួងការបរទេស​កម្ពុ​ជា ក្នុងនាម​ជា​ប្រធាន​អាស៊ាន កាលពី​ថ្ងៃទី​១៦ ខែមេសា ឆ្នាំ​២០២២ បង្ហាញថា សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ ហៅ​កាត់​ថា អាស៊ាន និង​សហរដ្ឋអាមេរិក នឹង​រៀបចំ​កិច្ចប្រជុំ​កំពូល​ពិសេស នៅ​រដ្ឋធានី​វ៉ាស៊ីនតោន ក្នុង​ទឹកដី​អាមេរិក នា​ថ្ងៃទី​១២-១៣ ខែឧសភា ឆ្នាំ​២០២២ ដើម្បី​អបអរសាទរ​ទំនាក់ទំនង​ដៃគូ​សន្ទនា​អាស៊ាន​-​សហរដ្ឋអាមេរិក ដែលមាន​វ័យ ៤៥​ឆ្នាំ​មកហើយ​។ កិច្ចប្រជុំ​កំពូល​ពិសេស​នេះ គឺជា​កិច្ចប្រជុំ​កំពូល​ពិសេស លើក​ទី​២ គិតពី​ឆ្នាំ​២០១៦​។​

​សេចក្តីថ្លែងការណ៍​ដដែល បញ្ជាក់ថា ថ្នាក់ដឹកនាំ​អាស៊ាន និង​ប្រធានាធិបតី ចូ បៃ​ឌិន នឹង​ពិភាក្សាគ្នា​អំពី​មធ្យោបាយ និង​វិធីសាស្ត្រ​នានា ដើម្បី​បង្កើន​កិច្ចសហប្រតិបត្តិការ ក្នុង​វិស័យ​ជាច្រើន រួមមាន ការឆ្លើយតប​នឹង​ជំងឺ​កូ​វីដ​-១៩ សន្តិសុខ សុខភាព​សកល ការផ្លាស់ប្តូរ​បញ្ហា​អាកាសធាតុ ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព កិច្ចសហប្រតិបត្តិការ​លំហ​សមុទ្រ ការអភិវឌ្ឍ​ធនធានមនុស្ស ការអប់រំ និង​ចំណងទាក់ទង​រវាង​ប្រជាជន និង​ប្រជាជន ក៏ដូចជា​ការតភ្ជាប់​ទំ​នាក់​ទំនង​សេដ្ឋកិច្ច ជាដើម​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ថ្នាក់ដឹកនាំ​អាស៊ាន និង​សហរដ្ឋអាមេរិក នឹង​ផ្លាស់ប្តូ​យោបល់​គ្នា​ទៅវិញទៅមក អំពី​បញ្ហា​តំបន់ និង​អន្តរជាតិ ដែលជា​ផលប្រយោជន៍ និង​កង្វល់​រួម​ផងដែរ​។​

​លើសពីនេះ នៅក្នុង​អំឡុងពេល​នៃ​កិច្ចប្រជុំ​កំពូល​ពិសេស​ជា​ប្រវត្តិសាស្ត្រ​នេះ ថ្នាក់ដឹកនាំ​អាស៊ាន និង​សហរដ្ឋអាមេរិក នឹងដាក់​ចេញ​នូវ​ទិសដៅ​អា​នាគ​តនៃ​ទំនាក់ទំនង​រវាង​អាស៊ាន និង​សហរដ្ឋអាមេរិក​។ បន្ថែម​ពីនេះ នឹង​លើកកម្ពស់​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ សម្រាប់​ផលប្រយោជន៍​រួម​ទៅវិញទៅមក នៃ​ប្រជាជន​អាស៊ាន និង​ប្រជាជន​សហរដ្ឋអាមេរិក ដើម្បី​បង្កើន​ជំនឿ និង​ទំនុកចិត្ត​គ្នា​ក្នុងការ​ថែរក្សា​សន្តិភាព ស្ថិរភាព និង​វិបុលភាព នៅក្នុង​តំបន់​។​

​សូម​រម្លឹកថា ពីមុន កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន​-​សហរដ្ឋអាមេរិក គ្រោង​ធ្វើឡើង កាលពី​ថ្ងៃទី​២៨-២៩ ខែមីនា ប៉ុន្តែ​ត្រូវបាន​លើក​ពេល ដោយសារតែ​ថ្នាក់ដឹកនាំ​ប្រទេស​ជា​សមាជិក​អាស៊ាន​មួយចំនួន ជាប់រវល់ មិនអាច​អញ្ជើញ​ទៅ​ប្រជុំ​ដោយផ្ទាល់​នៅ​សហរដ្ឋអាមេរិក​បានឡើយ​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close