ថ្នាក់ដឹកនាំ​វិទ្យាល័យ​ទួល​ស្វាយព្រៃ និង​សិស្សានុសិស្ស​ ប្តេជ្ញា​គាំទ្រ​ការផ្សព្វផ្សាយ​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេម ២០២៣

 

​ក្នុងនាម​ថ្នាក់ដឹកនាំ​វិទ្យាល័យ​ទួល​ស្វាយព្រៃ លោកនាយ​ករង កើត ស្រួច រួមទាំង​សិស្សានុសិស្ស​ជាច្រើន​បាន​ប្តេជ្ញាចិត្ត​ចូលរួម​គាំទ្រ​ដល់​ដំណើរ​ឆ្ពោះទៅ​ទទួល​រៀបចំ​ធ្វើជា​ម្ចាស់ផ្ទះ ការប្រកួត​កីឡា​ស៊ី​ហ្គេម លើក​ទី​៣២ និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម លើក​ទី​១២ ឆ្នាំ​២០២៣ នៅ​កម្ពុជា​ឲ្យ​កាន់តែ​ទូលំទូលាយ តាមរយៈ​ការចែករំលែក​ទៅកាន់​មិត្ត​ភក្ត្រ និង​ក្រុមគ្រួសារ​។​

​នៅក្នុង​កម្មវិធី​បញ្ជ្រាប​ការអប់រំ​គុណ​តម្លៃ​អូឡាំពិក និង​ការផ្សព្វផ្សាយ​ឆ្ពោះទៅ​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេម ២០២៣ នៅ​ព្រឹក​ថ្ងៃទី​៧ ខែកក្កដា ឆ្នាំ​២០២២​នេះ លោកនាយ​ករង​បានបង្ហាញ​នូវ​ក្តី​រីករាយ​ចំពោះ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) ដែល​បាន​រៀប​ធ្វើ​កម្មវិធី​នៅ​វិទ្យាល័យ​ទួល​ស្វាយព្រៃ ក៏ដូចជា​ចែករំលែក​ចំណេះដឹង​ពី​គុណ​តម្លៃ​នៃ​កីឡា​ទៅកាន់​សិស្សានុសិស្ស​របស់លោក ដើម្បី​ចូលរួម​គាំទ្រ​ជាមួយគ្នា​ឆ្ពោះទៅ​រៀបចំ​ព្រឹត្តិការណ៍​កីឡា​ជា​ប្រវត្តិសាស្ត្រ​ជា​លើកដំបូង​របស់​កម្ពុជា ក្រោយ​រង់ចាំ​អស់​រយៈពេល​៦៤​ឆ្នាំ​។ លោក​ប្តេជ្ញាចិត្ត​ថា វិទ្យាល័យ​ទួល​ស្វាយព្រៃ​បើក​បេះដូង​ដោយ​ក្តី​រីករាយ​ចំពោះ​កិច្ចសហការ នាពេលខាងមុខ​ជា​បន្ត​បន្ទាប់​ទៀត​។​

​លោក ប៊ុ​យ សុ​ភ័​ណ្ឌ ទីប្រឹក្សា NOCC និង​ជា​គ្រូឧទ្ទេស​ប្រចាំ​វគ្គ​នេះ​បាន​អះអាងថា ក្រុមការងារ NOCC នឹង​បន្ត​ពង្រីក​ការផ្សព្វផ្សាយ​យុទ្ធនា​ការសំខាន់ៗ​ទាំងនេះ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា និង​គណៈកម្មាធិការ​ជាតិ CAMSOC ដើម្បី​ប្រមូល​ការចូលរួម​គាំទ្រ​បន្ថែម​ពី​ប្រជាពលរដ្ឋ និង​យុវជន​ឲ្យ​បាន​ទូលំ​ទូ​លា​បន្ថែមទៀត ពីព្រោះថា ព្រឹត្តិការណ៍​កីឡា​ជា​កំណត់ត្រា​ប្រវត្តិសាស្ត្រ​នេះ គឺជា​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់គ្នា​។​

​បន្ថែម​ពីលើ​នេះ លោក​ទីប្រឹក្សា​រូបនេះ​អះអាង​ទៀតថា NOCC នឹងចូលរួម​ផ្សព្វផ្សាយ​ជា​បន្តបន្ទាប់​ទៀត ជាពិសេស នៅក្នុង​ព្រឹត្តិការណ៍​កីឡា​ជាតិ លើក​ទី​៣ នា​ចុងឆ្នាំ​២០២២ ក្រោម​ការរៀបចំ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា គឺ​ក្រុមការងារ​ផ្សព្វផ្សាយ​នឹង​រៀបចំ​កម្មវិធី​ផ្សព្វផ្សាយ នៅក្នុង​ព្រឹត្តិការណ៍​កីឡា​លក្ខណៈ​ហ្គេម​ដ៏​ធំ​រៀងរាល់​២​ឆ្នាំ​ម្តង​មួយ​នេះ​ឲ្យ​កាន់តែ​ទូលំទូលាយ​បន្ថែម​។ ក្នុង​ព្រឹត្តិការណ៍​កីឡា​ជាតិ លើក​ទី​៣​នេះ​មាន​គោលបំណង​ចម្បង​ឆ្ពោះទៅ​ទទួល​រៀ​បំ​ធ្វើ​ម្ចាស់ផ្ទះ ស៊ី​ហ្គេម ឆ្នាំ​២០២៣ ដូច្នេះ​ពេលនោះ​នឹងមាន​ប្រតិភូ​កីឡា​មកពី​២៥​រាជធានី​ខេត្ត​ចូលរួម​ប្រកួត ហើយ​ក៏មាន​មហាជន យុវជន​ចូលរួម​គាំទ្រ ដោយ​នេះ​ជា​ឱកាស​ដ៏​ល្អ ក្នុងការ​ផ្សព្វផ្សាយ​ពី​យុទ្ធនា​ការសំខាន់ៗ​ទាំងនេះ​ជូន​ដល់​ពួកគាត់​ផងដែរ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close