មេ​គយ​កម្ពុជា អំពាវនាវ​ឲ្យ​ម្ចាស់​ចង្កូត​ស្តាំ​មាន​ស្រាប់​ក្នុងប្រទេស ផ្តល់ព័ត៌មាន​ដល់​គយ

​ភ្នំពេញ​៖ ឯកឧត្តម​បណ្ឌិត គុណ ញឹម រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​អគ្គនាយក​នៃ​អគ្គនាយដ្ឋាន​គយ និង​រដ្ឋ​ករ​កម្ពុជា បាន​ថ្លែងថា អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាក​កម្ពុជា នឹង​ចាត់វិធានការ​រិត​បន្តឹង​យ៉ាង​តឹងរឹង នៅតាម​មាត់ច្រក​ព្រំដែន ជាពិសេស​ច្រកព្រំដែន​កម្ពុជា​ថៃ ដើម្បី​ទប់ស្កាត់​ការលួចបន្លំ​នាំចូល​រថយន្ត​ចង្កូត​ស្តាំ​ថ្មីៗ ពី​ថៃ​មក​កម្ពុជា​បន្តទៀត​។​

​លោក​បណ្ឌិត គុណ ញឹម ថ្លែង​បែបនេះ ធ្វើឡើង​ក្នុង​សន្និសីទ​សារព័ត៌មាន បង្ហាញ​លទ្ធផល​នៃ​ការប្រមូល​ពន្ធ​លើ​រថយន្ត​គ្មាន​ពន្ធ មាន​ស្រាប់​ក្នុងប្រទេស ជ្រក​ក្រោម​ផ្លាកលេខ​ផ្សេងៗ នា​ព្រឹក​ថ្ងៃទី​០៧ ខែកក្កដា ឆ្នាំ​២០២២​នេះ​។​

​លោក​បាន​បញ្ជាក់ថា ក្នុងការ​ទប់ស្កាត់​នេះ លោក​នឹង​ចេញ​សេចក្តីណែនាំ​ដល់​មន្ត្រី​គយ ជាពិសេស​ការិយាល័យ​ស្រាវជ្រាវ និង​បង្ក្រាប​អំពើ​រត់ពន្ធ​នៅ​តំបន់​៣ ដែល​គ្រប់​ដណ្តប់​នៅ​ខេត្តកោះកុង កំពង់ស្ពឺ ព្រះសីហនុ​, ការិយាល័យ​ស្រាវជ្រាវ និង​បង្ក្រាប​អំពើ​រត់ពន្ធ​តំបន់​៤ ដែល​គ្រប់​ដណ្តប់​លើ​ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្ត​ប៉ៃលិន និង​នៅ​តំបន់​៥ ដែល​គ្រប់​ដណ្តប់​លើ​ខេត្តបន្ទាយមានជ័យ ឧ​ត្ត​រ​មានជ័យ និង​ព្រះវិហារ ឱ្យ​យកចិត្តទុកដាក់​ឃ្លាំង​មើល និង​បន្ថែម​ការដាក់​ពង្រា​យក​ង​កម្លាំង​យាមល្បាត ដើម្បី​ទប់ស្កាត់​ការ​នាំចូល​រថយន្ត​ចង្កូត​ស្តាំ​ថ្មីៗ ឱ្យ​បានជា​អតិបរមា​។​

​លោក​បន្ថែមថា «​ព្រំដែន​វា​ទូលាយ​វែង​អន្លាយ ហើយ​ជនខិលខូច​នៅតែមាន វា​អត់​អស់​ទេ បើ​ថា​ឱ្យអស់​១០០% ប្រហែលជា​លំបាក តែ​យើង​ខំប្រឹងប្រែង​អនុវត្ត​តួនាទី​របស់​យើង គឺ​កាត់បន្ថយ​ឱ្យ​បានជា​អតិបរមា​។ ដូច​ខ្ញុំ​ជម្រាប បើ​ថា​ប្រទេស​របស់​យើង​កាត់បន្ថយ​បាន​ច្រើន​ភាគរយ គឺ​ទទួលយកបាន​នេះ គឺមាន​បរិយាកាស​មួយ​សម្រាប់ធ្វើ​ធុរកិច្ច​ល្អ ចំណូល​ជាតិ​ក៏បាន ប៉ុន្តែ​ការបន្លំ​ការ​គេចវេស​ពន្ធ គឺជា​តួនាទី​ភារកិច្ច​ដែល​យើង​អនុវត្ត​យូរអង្វែង​តទៅទៀត ពីព្រោះ​ជនខិលខូច​នៅតែមាន ហើយ​គោលបំណង​របស់​យើង គឺ​ធ្វើ​ម៉េច​កាត់បន្ថយ​ជនខិលខូច លួច​បន្លំ ឱ្យនៅ​កាន់តែ​តិច​»​។​

​ការដាក់​វិធានការ​ពង្រឹង​បន្ថែម លើ​ការ​នាំចូល​រថយន្ត​ចង្កូត​ស្តាំ​ដោយ​គ្មាន​ពន្ធ​នេះ ធ្វើឡើង​បន្ទាប់​សម្តេច​តេ​ជោ ហ៊ុ ន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន អនុញ្ញាត​ឲ្យ​រថយន្ត​ចង្កូត​ស្ដាំ​គ្មាន​ពន្ធ ដែលមាន​ស្រាប់​នៅក្នុង​ប្រទេស អាច​ចូល​បង់ពន្ធ​បាន​ដោយ​មិនចាំបាច់​ប្ដូរ​ចង្កូត ពីស្តាំ​ទៅ​ឆ្វេង​នោះទេ​។ ប៉ុន្តែ​ចាប់ពី​ថ្ងៃទី​៦ ខែកក្កដា ឆ្នាំ​២០២២​តទៅ មិន​អនុញ្ញាតឱ្យ​មានការ​នាំចូល​ចង្កូត​ស្តាំ​មក​កម្ពុជា ដើម្បី​អាច​បង់ពន្ធ​បានឡើយ​។​

​លោក​បណ្ឌិត គុណ ញឹម បាន​អំពាវនាវ​ឱ្យ​ម្ចាស់​រថយន្ត​ចង្កូត​ស្តាំ​ទាំងអស់ ដែល​កំពុងមាន​ស្រាប់​នៅក្នុង​ប្រទេស ចូលមក​ប្រកាស​សិទ្ធិ​កាប់​កាន់​រថយន្ត​ចង្កូត បើទោះបី​ជាមាន ឬ​គ្មាន​ប្រាក់​បង់ពន្ធ​ក៏ដោយ ដើម្បីឱ្យ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ កត់ត្រា​ពី​ចំនួន​ឱ្យបាន​ជាក់លាក់ បើ​មិន​ដូច្នេះ​ទេ នៅពេលដែល​សមត្ថកិច្ច​គយ និង​រដ្ឋាករ​កម្ពុជា ចាប់ផ្តើម​ចុះបង្ក្រាប នឹង​ចាត់ទុកថា​ជា​រថយន្ត​ថ្មី ដែល​នាំចូល​ក្រោយ​ថ្ងៃទី​៦ កក្កដា ឆ្នាំ​២០២២​។​

​សូមជម្រាបថា គិត​ត្រឹម​ថ្ងៃទី​៦ ខែកក្កដា ឆ្នាំ​២០២២ រថយន្ត​អត់​ពន្ធ​ចង្កូត​ស្តាំ​ដែល​ម្ចាស់​បាន​យកមក​ដំកល់​ប្រាក់ និង​បង់ពន្ធ​មាន​៧០៤០​គ្រឿង ក្នុងនោះ​២ ៥៤៧​គ្រឿង មិនទាន់​កែ​ច​ង្កួ​ត​។ ក្នុង​យុទ្ធនា​ការប្រមូល​ចំណូល​ពន្ធ​លើក​រថយន្ត​អត់​ពន្ធ​ជ្រក​ក្រោម​ផ្លាកលេខ​ផ្សេងៗ (​ទាំង​ចង្កូត​ស្តាំ និង​ឆ្វេង​) ដែលមាន​រយៈពេល​ជាង​១០​ខែ ចាប់ពី​ខែកញ្ញា ឆ្នាំ​២០២១ ដល់ ខែកក្កដា ឆ្នាំ​២០២២​នេះ មាន​រថយន្ត​ជាង​៩៧០០​គ្រឿង បានមក​បង់ពន្ធ ទទួល​ចំណូល​ជាង​៧៦​លាន​ដុល្លារ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close