ពូ​ទីន ចង់​ចូលរួម​កិច្ចប្រជុំ​កំពូល G20 ក្នុង​ខែវិច្ឆិកា​ខាងមុខ​

​ម៉ូស្គូ​៖ ក្រសួងការបរទេស​រុស្ស៊ី​នៅ​ថ្ងៃ​ពុធ​សប្តាហ៍​នេះ​បាន​លើកឡើងថា ទីក្រុង​ម៉ូស្គូ​បាន​ជូនដំណឹង​ពី​ទីក្រុង​ហ្សា​ការ​តា អំពី​ចេតនា​របស់ ប្រធានាធិបតី​រុស្ស៊ី​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន ក្នុងការ​អញ្ជើញ​ទៅ​ចូលរួម កិច្ចប្រជុំ​កំពូល​នៃ​ក្រុម​ប្រទេស G20 នៅក្នុង​ខែវិច្ឆិកា​ខាងមុខនេះ​។​

​ក្រសួងការបរទេស​រុស្ស៊ី​បានបញ្ជាក់​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា ទម្រង់​នៃ​ការចូលរួម​របស់លោក ពូ​ទីន នឹង​អាស្រ័យ​លើ​ស្ថានភាព ពិភពលោក ដោយ​គិតគូរ​ពី​ស្ថានភាព​អនាម័យ និង​រោគរាតត្បាត នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​។ រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី​លោក សឺ​ហ្គៃ ឡា​រូ​វ បាន​ដឹកនាំ​គណៈប្រតិភូ​រុស្ស៊ី​ទៅ​ចូលរួម​កិច្ចប្រជុំ​ថ្នាក់ រដ្ឋមន្ត្រី ការបរទេស G20 នៅ​ថ្ងៃ​ព្រហស្បតិ៍ និង​ថ្ងៃ​សុក្រ​សប្តាហ៍​នេះ នៅ កោះ​បាលី របស់​ប្រទេស​ឥណ្ឌូនេស៊ី​។

​បើតាម​សារព័ត៌មាន​ជប៉ុន NHK រដ្ឋមន្ត្រីការបរទេស​មកពី​ក្រុម​ប្រទេស G20​នឹង​ពិភាក្សា​អំពី​ស្ថានការណ៍​នៅ​អ៊ុយ​ក្រែ​ន​ក្នុង​កិច្ចប្រជុំ​នៅ​ប្រទេស​ឥណ្ឌូនេស៊ី​។ កិច្ចប្រជុំ​រយៈពេល​ពីរ​ថ្ងៃ​នៅ​កោះ​បាលី ដែល​នឹង​ចាប់ផ្តើម ពីថ្ងៃ​ព្រហស្បតិ៍​នេះ គឺជា​កិច្ចប្រជុំ​លើកដំបូង​ចាប់តាំងពី​ការឈ្លានពាន របស់​រុស្ស៊ី​លើ​អ៊ុយ​ក្រែ​ន​៕


កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close