នាយករដ្ឋមន្ត្រី​អង់គ្លេស​នឹង​លាលែង​ពី​តំណែង​ប្រធាន​គណបក្ស តែ​បន្ត​ជា​នាយករដ្ឋមន្ត្រី​បណ្តោះអាសន្ន​

​នាយករដ្ឋមន្ត្រី​អង់គ្លេស លោក បូរី​ស ច​ន​សុន នឹង​លាលែង​ពី​តំណែង​ប្រធាន​គណបក្ស Conservative នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ បន្ទាប់ពី​រូបលោក បាន​បាត់បង់​សំឡេងគាំទ្រ​ពី​សំណាក់​គណៈរដ្ឋមន្ត្រី​, មន្ត្រី និង​សមាជិកសភា​ជាច្រើនរូប ប៉ុន្តែ​រូបលោក​នឹង​នៅ​បន្ត​កាន់តំណែង​នាយករដ្ឋមន្ត្រី ជា​បណ្តោះអាសន្ន​សិន​។

​សារព័ត៌មាន BBC បាន​បន្ថែមថា ក្រោយ​ការលាលែង​ខាងលើ ការប្រកួតប្រជែង​ជ្រើសរើស​ប្រធាន​ថ្មី សម្រាប់​គណបក្ស​អភិរក្សនិយម (Conservative) នឹងត្រូវ​ធ្វើឡើង​ក្នុងពេល​ខាងមុខ ហើយ​នាយករដ្ឋមន្ត្រី​ថ្មី ត្រូវគេ​រំពឹងថា នឹង​ចូលកាន់​តំណែង​រួចរាល់ ជំនួស​លោក Johnson ទាន់ពេល​សន្និសីទ​បក្ស ដែល​នឹង​ប្រព្រឹត្តទៅ នា​ខែតុលា ឆ្នាំ​២០២២​នេះ​។ យ៉ាងណាមិញ មុន​ដល់​ពេលនោះ លោក John នឹង​បន្ត​កាន់តំណែង​នាយករដ្ឋមន្ត្រី​អង់គ្លេស ជា​បណ្តោះអាសន្ន​សិន​។​

​គួរ​បញ្ជាក់ថា ដំបូង​ឡើយ លោក Johnson បាន​ប្តេជ្ញា​បន្ត​ពុះពារ​ទៅមុខ ដោយ​មិន​ព្រម​ចុះចេញ​នោះឡើយ បន្ទាប់ពី​ការលាលែង​ពី​តួនាទី​ជា​បន្តបន្ទាប់ ដោយ​មន្ត្រី​ក្នុង​ជួរ​រដ្ឋាភិបាល ដើម្បី​ប្រឆាំងនឹង​ការដឹកនាំ​របស់លោក​។ ប៉ុន្តែ​លោក Johnson ក៏​ត្រូវបាន​ក្រុមមន្ត្រី​ជាន់ខ្ពស់ ក្នុងនោះ​រួមទាំង​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ ដែល​ទើប​តែងតាំង​ថ្មី​ផងដែរ ទទូច​ឱ្យ​រូបលោក​លាលែង​ពី​តំណែង​៕


កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close