កាកបាទក្រហមកម្ពុជា ប្រគល់​ថវិកា ២​លាន​ដុល្លារ ជូន​ដល់​អាជ្ញាធរ​មីន ដើម្បី​ចូលរួម​ជា​ចលនា​ជាតិ​ឆ្ពោះទៅរក​សូន្យ​គ្រាប់មីន នៅ​ឆ្នាំ​២០២៥

​នៅ​ទីស្នាក់ការ​កាកបាទក្រហម​កម្ពុជា កាលពី​រសៀល​ថ្ងៃទី​០៧ ខែកក្កដា ឆ្នាំ​២០២២ លោកជំទាវ​កិត្តិ​បណ្ឌិត អ៊ុក ម៉ាលី អគ្គ​ហេរញ្ញិក​កាកបាទក្រហមកម្ពុជា តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា និង​ជា​មាតា​មនុស្សធម៌ បានប្រគល់​ថវិកា​ចំនួន ២​លាន​ដុល្លារ ជូន​ដល់​អាជ្ញាធរ​មីន ដើម្បី​ចូលរួម​ជា​ចលនា​ជាតិ​ឆ្ពោះទៅរក​សូន្យ​គ្រាប់មីន នៅ​ឆ្នាំ​២០២៥ តាមរយៈ «​គម្រោង​សម្តេច​តេ​ជោ សម្រាប់​សកម្មភាព​មីន​» ក្រោម​មូលបទ «​ផ្តល់​ដី​សុវត្ថិភាព បង្កើត​ស្នាមញញឹម​»​។

​ក្នុងនាម​ប្រជាជន​កម្ពុជា​ទូទាំងប្រទេស ក៏ដូចជា​ប្រជាពលរដ្ឋ​កំពុង​រស់នៅ​ក្នុង​សហគមន៍​រង​ផលប៉ះពាល់ ដោយសារ​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម និង​ក្រុមគ្រួសារ​វិស័យ​មីន ឯកឧត្ដម​ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធាន​ទី​១ អាជ្ញាធរ​មីន សូម​សម្ដែង​នូវ​ការដឹងគុណ និង​ក​ត្ត​ញ្ញូ​តា​ធម៌​ដ៏​ខ្ពង់ខ្ពស់ ជូន​ចំពោះ​សម្តេច​តេ​ជោ ហ៊ុន សែន បិតា​សន្តិភាព និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា មាតា​មនុស្សធម៌ និង​ជា​ឥស្សរជន​ឆ្នើម​ថ្នាក់ជាតិ​នៃ​វេទិកា​អ្នកដឹកនាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ដែល​តែងតែ​យកចិត្តទុកដាក់​ផ្តល់​ក្តី​សន្តោស​ប្រណី មេត្តាធម៌ និង​ការអាណិតអាសូរ ដល់​ប្រជាពលរដ្ឋ​គ្រប់​កាលៈទេសៈ និង​គ្រប់​ទីកន្លែង​។

​ទីណា​មានទុក្ខ​លំបាក​ទីនោះ តែងតែមាន​កាកបាទក្រហម​កម្ពុជា​។ តាមរយៈ​វិភាគទាន​ដ៏​ថ្លៃថ្លា​នេះ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ពិតជា​បានផ្តល់​ស្នាមញញឹម ដល់​ប្រជាជន​កម្ពុជា​រាប់លាន​នាក់ ឲ្យ​រួច​ផុតពី​ការស្លាប់ ពិការ និង​របួសស្នាម​ពី​គ្រាប់មីន និង​សំណល់​ជាតិ​ផ្ទុះ ពី​សង្គ្រាម​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close