ខ្មាន់កាំភ្លើង! សារភាពថា មិនពេញចិត្តលោក អាបេ ទើបមានបំណងចង់សម្លាប់គាត់
ណារ៉ា៖ មន្ត្រីប៉ូលិសជប៉ុនបានបញ្ជាក់ថា ជនសង្ស័យឈ្មោះ យ៉ាម៉ាហ្កាមិ តេស៊ុយ៉ា វ័យ៤១ឆ្នាំ បានសារភាពប្រាប់អ្នកស៊ើបអង្កេតថា គាត់មិនពេញចិត្តនឹងអតីតនាយករដ្ឋមន្ត្រីជប៉ុនលោក សិនហ្សូ អាបេ ហើយមានបំណងចង់សម្លាប់គាត់។
ប៉ូលិសបានចាប់ខ្លួនលោក យ៉ាម៉ាហ្កាមិ តេស៊ុយ៉ា ពីបទប៉ុនប៉ងមនុស្សឃាត។ ប្រភពស៊ើបអង្កេតបានប្រាប់សារព័ត៌មាន NHK ថា កាំភ្លើងដែលរឹបអូសបាននៅកន្លែងកើតហេតុ គឺជាកាំភ្លើងកែច្នៃដោយខ្លួនឯង។
ជនសង្ស័យអាយុ៤១ឆ្នាំរូបនេះរស់នៅទីក្រុងណារ៉ា ជាកន្លែងដែលការបាញ់ប្រហារកើតឡើង។ បើតាមប្រភពពីក្រសួងការពារជាតិជប៉ុន ជនសង្ស័យធ្លាប់បានបម្រើការឲ្យកងកម្លាំងស្វ័យការពារដែនសមុទ្រ អស់រយៈពេល៣ឆ្នាំរហូតដល់ឆ្នាំ ២០០៥។
គួរបញ្ជាក់ថា អតីតនាយករដ្ឋមន្ត្រីជប៉ុនលោក សិនហ្សូ អាបេ កំពុងស្ថិតនៅក្នុងមន្ទីរពេទ្យជាមួយស្ថានភាពរបួសធ្ងន់ធ្ងរបំផុត បន្ទាប់ពីត្រូវបាញ់ប្រហារនៅតាមផ្លូវក្នុងទីក្រុងណារ៉ា ភាគខាងលិចប្រទេសជប៉ុន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។