ព្រះមហាក្សត្រខ្មែរ ថ្វាយព្រះរាជសារជូន ព្រះចៅអធិរាជជប៉ុន ណារុហ៊ីតុ ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ ចំពោះមរណភាពលោក អាបេ សិនហ្សូ
ភ្នំពេញ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានថ្វាយព្រះរាជសារជូន ព្រះចៅអធិរាជជប៉ុន ណារុហ៊ីតុ (NARUHITO) ចំពោះមរណភាពរបស់អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក អាបេ សិនហ្សូ។ នេះបើតាមព្រះរាជសារ ដែលទទួលបាននៅថ្ងៃទី១១ ខែកក្កដានេះ។
ក្នុងព្រះរាជសាររបស់ព្រះមហាក្សត្រនៃកម្ពុជា មានខ្លឹមសារដូចខាងក្រោម៖
«ជូនចំពោះព្រះចៅអធិរាជជប៉ុន ណារុហ៊ីតុ (NARUHITO)
ខ្ញុំពិតជាមានអារម្មណ៍សោកសៅយ៉ាងក្រៃលែង ដែលទទួលបានដំណឹងមរណភាព របស់ឯកឧត្ដម អាបេ សិនហ្សូ អតីតនាយករដ្ឋមន្ត្រីជប៉ុន (ពីឆ្នាំ២០០៦ ដល់ឆ្នាំ២០០៧ និងពីឆ្នាំ២០១២ ដល់ឆ្នាំ២០២០)។
នៅក្នុងពេលវេលាដ៏សោកសៅនេះ ប្រទេសកម្ពុជាទាំងមូល ប្រជាជន រដ្ឋាភិបាល សភាជាតិ គ្រួសាររាជ្យវង្ស និងខ្លួនខ្ញុំផ្ទាល់សូមចូលរួម រំលែកទុក្ខដ៏ក្រៀមក្រំជាមួយព្រះចៅអធិរាជ និងប្រជាជាតិជប៉ុនទាំងមូល។ យើងទាំងអស់គ្នាសូមគោរព និងរំលឹកដល់វិញ្ញាណក្ខន្ធដល់ ឯកឧត្ដមអតីតនាយករដ្ឋមន្ត្រី អាបេ សិនហ្សូ ដែលបានពលីជីវិតដើម្បីបុព្វហេតុជប៉ុន។
ខ្ញុំចងចាំជានិច្ចនូវអនុស្សាវរីយ៍របស់ខ្ញុំ ជាមួយឯកឧត្ដមនាយករដ្ឋមន្ត្រី អាបេ សិនហ្សូ ក្នុងឱកាសនៃដំណើរទស្សនកិច្ចរបស់ខ្ញុំទៅកាន់ទីក្រុង តូក្យូ កាលពីខែតុលា ឆ្នាំ២០១៩ ដើម្បីចូលរួមពិធីឡើងគ្រងរាជ្យសម្បត្តិ របស់ព្រះអង្គជាព្រះចៅអធិរាជជប៉ុន។
ប្រជាជនកម្ពុជាទាំងប្រុស ទាំងស្រី នឹងមិនអាចបំភ្លេចបានឡើងនូវគុណ និងការគាំទ្រយ៉ាងមានតម្លៃ ដែលឯកឧត្ដមនាយករដ្ឋមន្ត្រី អាបេ សិនហ្សូ ដែលបានចូលរួមចំណែកក្នុងនាមប្រទេសជប៉ុន ដើម្បីជួយកម្ពុជាលើវិស័យស្ថាបនាជាតិ។
សូមព្រះចៅអធិរាជ ទទួលយកការចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ ពីយើងទាំងអស់គ្នា»៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។