កុដិ​ឈើ​ពីរ​ខ្នង​វ័យ​ចំណាស់​នៅ​វត្ត​ព្រះព្រហ្ម​រ័ត្ន​ប្រែប្រួល​សោភ័ណភាព​ដ៏​ស្រស់ត្រកាល​ក្រោយ​បញ្ចប់​ការជួសជុល​

​គម្រោង​ជួសជុល និង​អភិរក្ស​កុដិ​ឈើ​បុរាណ​នៅ​វត្ត​ព្រះព្រហ្ម​រ័ត្ន ដែល​ទទួលបាន​ថវិកា និង​បច្ចេកទេស​ទាំងស្រុង​ពី​អាជ្ញាធរ​ជាតិ​អប្សរា បានបញ្ចប់​ជា​ស្ថាពរ​ហើយ នៅ​ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ​២០២២​។​

​ក្រោម​កិច្ចខិតខំ​ប្រឹងប្រែង និង​យកចិត្តទុកដាក់​ពី​សំណាក់ មន្ត្រី​ជំនាញ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា គឺ​បាន​ជួសជុល​កុដិ​ឈើ​ពីរ​ខ្នង ដែលមាន​សភាព​ចាស់​ទ្រុឌទ្រោម ពុកផុយ ធ្លុះធ្លាយ និង​ធ្លា​ក់បាក់​ឱ្យ​ល្អ​ឡើងវិញ ព្រមទាំង​ជួសជុល​ពង្រឹង​កែលម្អ​នៅតាម​កន្លែង​ជាច្រើន​ទៀត ដូចជា ការជួសជុល​ជញ្ជាំង ជើង​ជញ្ជាំង ដំបូល​ជាដើម និង​ផ្នែក​សំខាន់​នៃ​គ្រឿង​បង្គុំ​សំណង់​មួយចំនួនទៀត​ឱ្យ​រួច​ផុតពី​ហានិភ័យ និង​រក្សាបាន​នូវ​ភាពរឹងមាំ​ឡើងវិញ​។​

​សូមបញ្ជាក់ថា កុដិ​ឈើ​ចាស់​នៅ​វត្ត​ព្រហ្ម​រ័ត្ន​នេះ មាន​ទទឹង​១៣.៦៥​ម៉ែត្រ បណ្តោយ ១៤.៧៨​ម៉ែត្រ និង​កម្ពស់​៧.៧៧​ម៉ែត្រ​។ គោលបំណង​នៃ​ការងារ​ជួសជុល និង​អភិរក្ស​ខាងលើ គឺ​ដើម្បីឱ្យ​សំណង់​កុដិ​ឈើ​នេះ​អាចបំពេញ​តួនាទី​របស់ខ្លួន​បន្តទៅ​ទៀត ដើម្បី​ជា​ប្រយោជន៍​ដល់​ការសិក្សា​ស្រាវជ្រាវ និង​ការសិក្សា​រៀនសូត្រ ជាពិសេស រក្សា​នូវ​មរតក​ពី​បុរាណ ព្រមទាំង​អាច​ទាក់ទាញ​ចំណាប់អារម្មណ៍​របស់​ទេស​ចរមក​ទស្សនា​ស្វែងយល់​បន្ថែម ក្រៅពី​សំណង់​ប្រាសាទបុរាណ​របស់​យើង​ផងដែរ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close