ប្រធានសូហ្វតិន្នីសថា កីឡាករ កីឡាការិនីចូលរួមប្រកួតជើងឯកថ្នាក់ជាតិឆ្នាំនេះមានមានការរីកចម្រើនខ្លាំង
ឯកឧត្តមបណ្ឌិត ជា ប៊ុនហេង ប្រធានសហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជាបានវាយតម្លៃថា កម្រិតគុណភាពរបស់កីឡាករ កីឡាការិនីដែលចូលរួមប្រកួតកីឡាសូហ្វតិន្នីសជ្រើរើសជើងឯកថ្នាក់ជាតិ និងពានរង្វាន់សម្តេចក្រឡាហោម ស ខេង លើកទី៩ ឆ្នាំ២០២២ មានការរីកចម្រើនខ្លាំង ជាងព្រឹត្តិការណ៍ឆ្នាំកន្លងមក។
ការលើកឡើងរបស់ឯកឧត្តមបណ្ឌិត ជា ប៊ុនហេង ក្នុងឱកាសអញ្ជើញជាអធិបតីពិធីបិទការប្រកួតកីឡាសូហ្វតិន្នីសជើងឯកថ្នាក់ជាតិ និងពានរង្វាន់សម្តេចក្រឡាហោម ស ខេង លើកទី៩ ឆ្នាំ២០២២ ជាមួយតំណាងក្រសួងអប់រំ យុវជន និងកីឡា ដែលបានបញ្ចប់ដោយជោគជ័យ នៅល្ងាចថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ នៅសាលនៃពហុកីឡដ្ឋានជាតិអូឡាំពិក។
ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិតក៏បានប្តេជ្ញាចិត្តថានឹងខិតខំរៀបចំការប្រកួតដ៏សំខាន់មួយទៀត ក្នុងក្របខណ្ឌថ្នាក់ជាតិ នាអំឡុងពាក់កណ្តាលខែធ្នូ ឆ្នាំ២០២២នេះ ហើយក៏ត្រៀមខ្លួនរៀបចំទទួលធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាសូហ្វតិន្នីសជើងឯកអាស៊ីអាគ្នេយ៍ នាចុងឆ្នាំ២០២២នេះផងដែរ ដើម្បីដុសខាត់សមត្ថភាពកីឡាករ កីឡាការិនីកម្ពុជា ព្រមទាំងបង្កើតឱកាសជូនដល់មន្ត្រីរៀបចំការប្រកួត និងអាជ្ញាកណ្តាលរបស់ខ្លួន ក្នុងគោលដៅត្រៀមឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ទៀតផង។
ដើម្បីសម្រួចគោលដៅឆ្ពោះទៅស្វែងរកមេដាយ ក្នុងឋានៈជាម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូងរបស់ព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមប្រធានសហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជាក៏បានជំរុញឲ្យកីឡាករ កីឡាការិនី និងមន្ត្រីបច្ចេកទេសទាំងអស់ត្រូវតែខិតខំឲ្យអស់ពីលទ្ធភាពទាំងអស់គ្នា។ ការចូលរួមលើកទឹកចិត្តឧបត្តម្ភគាំទ្រ គឺជាថាមពលដ៏ខ្លាំងក្លា ដើម្បីជំរុញ និងអភិវឌ្ឍកីឡាសូហ្វតិន្នីសកម្ពុជាឲ្យកាន់តែមានសន្ទុះជឿនលឿន និងខ្លាំងក្លាបន្ថែមទៀត។ ក្នុងនាមសហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា ឯកឧត្តមនឹងបន្តខិតខំប្រឹងប្រែងពង្រឹងនូវ វិស័យកីឡាមួយនេះឲ្យកាន់តែមានប្រជាប្រិយភាព ភាពល្បីល្បាញ និងមានមោទនភាពទាំងថ្នាក់ជាតិ និងលើឆាកអន្តរជាតិ ជាពិសេស គឺជួយជំរុញដាស់ស្មារតីទឹកចិត្តកីឡាករ កីឡាការិនីឲ្យមានភាពស្វាហាប់ និងប្រកួតប្រជែងខ្ពស់ ដើម្បីដណ្តើមយកជ័យលាភីជូនជាតិមាតុភូមិ។
បើតាមការបញ្ជាក់របស់តំណាងគណៈកម្មការបច្ចេកទេសសហព័ន្ធគូសបញ្ជាក់ថា ដោយទទួលបានការអនុញ្ញាតជាគោលការណ៍ពីប្រធានសហព័ន្ធ និងទទួលបានថវិកាគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា ធ្វើឲ្យសហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជាបានរៀបចំការប្រកួត កីឡាសូហ្វតិន្នីស ជ្រើសរើសជើងឯកថ្នាក់ជាតិ លើកទី៦ ដណ្តើមពានរង្វាន់សម្តេចក្រឡាហោម ស ខេង លើកទី៩ រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី ០៧ ដល់ថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០២២បញ្ចប់ទៅប្រកបដោយជោគជ័យ។ ព្រឹត្តិការណ៍នេះមានប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនីចូលរួមទាំងអស់ចំនួន ៧៤នាក់ ក្នុងនោះប្រតិភូ-គ្រូបង្វឹកចំនួន ១២នាក់ កីឡាករចំនួន ៣៨នាក់ កីឡាការិនីចំនួន ២៤នាក់ ដែលមានវិញ្ញាសាប្រកួតចំនួន ៩វិញ្ញាសា។
គួរបញ្ជាក់ថា សមាគមកីឡាសូហ្វតិន្នីសក្រសួងមហាផ្ទៃដណ្តើមមេដាយមាស ៦ ប្រាក់៣ និងសំរឹទ្ធ១ ឈរចំណាត់លេខ១។សមាគមកីឡាសូហ្វតិន្នីស អគ្គស្នងការនគរបាលជាតិដណ្តើមមេដាយមាស ២ ប្រាក់៤ និងសំរឹទ្ធ ៤។ សមាគមកីឡាសូហ្វតិន្នីស ក្រសួងការពារជាតិដណ្តើមមេដាយមាស ១ ប្រាក់១ និងសំរឹទ្ធ ១៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។