ខេត្តត្បូងឃ្មុំ នឹងក្លាយជាខេត្តអស់មីន ក្នុងរយៈពេល ៦ខែ ក្រោមគម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន “ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម”
ភ្នំពេញ៖ កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ នៅទីស្នាក់ការអាជ្ញាធរមីន ក្នុងនាមសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាជ្ញាធរមីន ឯកឧត្តម ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានអញ្ជើញជាអធិបតីក្នុងពិធីចុះកិច្ចសន្យាលើការងារបោសសម្អាតមីនក្នុងខេត្តត្បូងឃ្មុំ រវាងអាជ្ញាធរមីន និងមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម (NPMEC)។
ការចុះកិច្ចសន្យានេះ បានទទួលការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្តេចតេជោនាយករដ្ឋមន្ត្រី កាលពីថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២២ ដែលនេះគឺជាការចាប់ផ្តើមអនុវត្តន៍ការងារបោសសម្អាតមីនដំណាក់កាលដំបូង នៃគម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន “ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម” ដើម្បីប្រកាសខេត្តត្បូងឃ្មុំ ជាខេត្តអស់មីន ក្នុងរយៈពេល ០៦ខែ ហើយបន្ទាប់ពីកុងត្រានេះ កម្លាំង NPMEC នឹងចាប់ផ្តើមបោសសម្អាតនាថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ ខាងមុខនេះ។
ឯកឧត្តម ទេសរដ្ឋមន្ត្រី លី ធុជ បានថ្លែងបញ្ជាក់បន្ថែមថា “បន្ទាប់ពីក្រុមការងារបច្ចេកទេសអាជ្ញាធរមីន និងមជ្ឈមណ្ឌលជាតិកងកម្លាំងរក្សាសន្តិភាព NPMEC បានចុះពិនិត្យ និងវាយតម្លៃរួមគ្នានូវស្ថានភាពចម្ការមីនជាក់ស្តែងក្នុងខេត្តត្បូងឃ្មុំ តាមវិធីសាស្ត្រផ្ទៀងផ្ទាត់ការប្រើប្រាស់ផ្ទៃដីមានមីនជាក់ស្តែង (Ground Data Verification) ផ្ទៃដីចំនួន ៣.៩៨៤.២១៩ ម៉ែត្រក្រឡា នឹងត្រូវបោសសម្អាតឲ្យអស់ក្នុងខេត្តត្បូងឃ្មុំ”៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។