Apple បើក​បង្ហាញ​ទូរ​សព្ទ iPhone 14 ជំនាន់​ថ្មី នា​ថ្ងៃ​នេះហើយ​

​នៅ​ថ្ងៃទី​០៧​ខែកញ្ញា​នេះ ពិភពលោក​ទាំងមូល ជាពិសេស​អ្នកប្រើប្រាស់​ដែល​និយម​គាំទ្រ​ផលិតផល​របស់​ក្រុមហ៊ុន
Apple នឹង​បានឃើញ​ពីមុខ​មាត់​និង​រូបរាង​របស់​ទូរ​សព្ទ​ជំនាន់​ថ្មី​នៃ​ក្រុមហ៊ុន​នេះ គឺ​ទូរ​សព្ទ iPhone ជំនា​ន់ទី​១៤​។ ក្រៅពី​ទូរ​សព្ទ iPhone14 ក្រុមហ៊ុន Apple ក៏​នឹង​បង្ហាញ​ពី​នាឡិកា Apple Watch 8, Apple Watch 8 Pro, Apple Watch SE2 និង​កាស​សម្រាប់​ស្ដាប់ AirPods Pro 2 ផងដែរ​។

​នេះ​គឺជា​កម្មវិធី​ដ៏​ធំ​បំផុត​មួយ​របស់​ក្រុមហ៊ុន Apple នា​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ តាមរយៈ​ការបើក​បង្ហាញ​នូវ​ផលិតផល​ថ្មីៗ​ជាច្រើន​។

​ក្រុមហ៊ុន Apple តាំងពីដើម​មក ត្រូវគេ​សង្កេតឃើញថា មានការ​លាក់​ការណ៍​សម្ងាត់​មែនទែន​ចំពោះ​ផលិតផល​ថ្មីៗ​របស់ខ្លួន​។ ប៉ុន្តែ​បើតាម​ពាក្យ​ច​ចាម​អារាម​ដែល​គេ​ដឹង​កន្លងមក គេ​រំពឹងថា​នឹងមាន​ការអភិវឌ្ឍ​តិចតួច​ចំពោះ​ទូរ​សព្ទ​ជំនាន់​ថ្មី iPhone 14 ប៉ុន្តែ​ចំពោះ​ទូរ​សព្ទ iPhone 14 Pro វិញ នឹងមាន​ការផ្លាស់ប្ដូរ និង​អភិវឌ្ឍ​ច្រើនជាង​មុខ​។

​ចំពោះ​នាឡិកា Apple Watch ជំនាន់​ថ្មី​វិញ ក្រុមហ៊ុន Apple ទំនងជា​ធ្វើ​បច្ចុប្បន្នភាព​សមត្ថភាព​របស់​វា ឲ្យ​ធន់​ជាង​មុន ស័ក្តិសម​សម្រាប់​ការប្រើប្រាស់​ប្រចាំថ្ងៃ ទោះជា​ហាល​ក្ដៅ ហាលភ្លៀង​ក្ដី ខណៈ​កាស AirPods Pro 2 វិញ អាច​នឹងមាន​សមត្ថភាព​ប្រសើរ​ជាង​មុន ជាពិសេស​គឺ​មុខងារ​ម៉ៃ​ក្រូ​ហ្វូ​ន​ស្រូប​សំឡេង​នៅពេល​និយាយ​ឆ្លើយឆ្លង​ដោយ​ប្រើ​កាស​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close