ក្រុមប្រឹក្សា​ខេត្ត​ព្រៃវែង ប្តឹងក្រុមប្រឹក្សា​ខេត្តព្រះវិហារ ករណី​ស៊ី​ដាច់​ដីជាង​៨០ហិកតានៅស្រុកកំចាយមារ

​ព្រះវិហារ ៖ លោក ប្រាក់ សុវណ្ណ អតីត​អភិបាល​ខេត្តព្រះវិហារ និង​បច្ចុប្បន្ន​ជា​ប្រធាន​ក្រុមប្រឹក្សា​ខេត្តព្រះវិហារ និង​លោកស្រី ស ចេ​ង ដែល​ជា​ភរិយា បាន​រង​ការ​ចោទប្រកាន់​ថា អាង​អំណាច​បាន​ក្លែង​បន្លំ​ឯកសារ​រំលោ.ភ​យក​ដី​អ្នក​ដ​ទៃ​ចំនួន​២​កន្លែង ដែល​មាន​​ទំហំ​៨៤​ហិច​តា នៅ​ខេត្តព្រៃវែង​ធ្វើ​ជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន ទាំង​ដឹង​ថា ​ដី​ទាំង​នេះ មាន​ម្ចាស់​ត្រឹមត្រូវ​ទៅ​ហើយ​នោះ​។

លោក​ ភេ អ៊ី​ម សមាជិក​ក្រុមប្រឹក្សា​ខេត្តព្រៃវែង ​ដែល​អះអាង​ថា​ ជា​ម្ចាស់​ដី​ខាងលើ​ បាន​ធ្វើ​លិខិតស្នើរ​សុំ​ការ​អន្តរា​គម​ន៏​ពី​សម្ដេច​ក្រឡាហោម​ ស ខេ​ង ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ។ លោក​​បាន​បាន​រៀបរាប់​នៅ​ក្នុង​លិខិត​នោះ​ថា កាលពី​ឆ្នាំ​១៩៩៨ លោក​បាន​ឲ្យ​លោក​ប្រាក់ សុវណ្ណ រួម​ជា​មួយ​មនុស្ស​ចំនួន​៥​នាក់​ទៀត ​រួម​មាន​ ១- ​ឈ្មោះ ​សៅ សុវណ្ណ, ២- ​ឈ្មោះ ​ចាប អេ​ង, ៣- ​ឈ្មោះ​ ប៊ុ​ន ដួង, ៤- ​ឈ្មោះ ​គង់ ម៉ា​ឡេ​ត និង​៥- ​ឈ្មោះ ​ឥន ភឿន ជួយ​រៀបចំ​ដី​ឲ្យ​ចំនួន​២​កន្លែង​។

លោក ​ភេ អ៊ី​ម បាន​រៀបរាប់​ជូន​សម្ដេច​ក្រឡាហោម​ បន្ត​ទៀត​ថា ដី​ទាំង​២​កន្លែង​នោះ ​ទី​១- ​មាន​ទំហំ​៧៥០​ម៉ែត្រ​គុណ​និង​៨០០​ម៉ែត្រ ​ស្មើ​នឹង​៦០​ហិច​តា មាន​ទីតាំង​ស្ថិត​នៅ​ចំណុច​ស្វាយ​បៀក ភូមិ​វាល​ស្មាច ឃុំ​ក្របៅ ស្រុក​កំចាយមារ ខេត្តព្រៃវែង​។ ​ទីតាំង​ទី​២- ​មាន​ទំហំ​៣០០​ម៉ែត្រ​គុណ​និង​៨០០​ម៉ែត្រ​ស្មើ​នឹង​២៤​ហិច​តា មាន​ទីតាំង​ស្ថិត​នៅ​ចំណុច​ត្រពាំង​គូ ភូមិ​ត្បូង​វត្ត ឃុំ​ក្របៅ ស្រុក​កំចាយមារ ខេត្ត​ព្រៃវែង​។

គាត់​បាន​បន្ត​ថា ក្រោយមក​ដី​របស់​លោក​ទាំង​២​កន្លែង​នោះ ​បាន​ត្រូវ​បាន​លោក​ប្រាក់ សុវណ្ណ ប្រធាន​​ក្រុមប្រឹក្សា​ខេត្តព្រះវិហារ និង​លោកស្រី ស ចេ​ង ដែល​ជា​ភរិយា ក្បត់​ទំនុកចិត្ត​លួច​ធ្វើ​លិខិត​កាន់កា.ប់​រហូត​ដល់​បច្ចុប្បន្ន ដោយ​មាន​ហត្ថលេខា​ទទួលស្គាល់​ត្រឹម​អាជ្ញាធរ​ភូមិ​និង​ឃុំ​។

លោក​ភេ អ៊ី​ម បាន​ប្រាប់​ឲ្យ​ដឹង​បន្ថែម​ថា លោក​បាន​ទិញ​ដី​ខាងលើ ​ពី​ប្រជាពលរដ្ឋ​ច្រើន​គ្រួសារ​នៅ​ក្នុង​ភូមិ-ឃុំ​ខាងលើ និង​មាន​ឯកសារ​ត្រឹមត្រូវ​ស្របច្បាប់ ប៉ុន្តែ​ទីបំផុត​បែរជា​ក្លាយទៅជា​ជន​រង​គ្រោះ​ទៅ​វិញ ។ ដោយ​ត្រូវ​បាន​លោក​ប្រាក់ សុវណ្ណ និង​ភរិយា ក្លែង​ឯកសារ​រំលោ.ភ​យក​ដី​ទាំងអស់​គ្មាន​សល់ ក្រោយ​ពី​ទទួល​រង​ការ​រំលោ.ភ​បំពាន​បែប​នេះ លោក​ក៏​បាន​ដាក់​ពាក្យ​ប្ដឹង​ទៅ​កាន់​អាជ្ញាធរ​ ដើម្បី​ទាម​ទារ​យក​ដី​របស់​លោក​មក​វិញ​។

ម្ចាស់​ដី​រូប​នេះ​បាន​បញ្ជាក់​ថា ក្រោយ​ពេល​លោក​ដាក់​ពាក្យបណ្ដឹង កន្លង​មក​អាជ្ញាធរ​ស្រុក​កំចាយមារ​បាន​ធ្វើការ​ដោះស្រាយ​ជូន​ជា​បន្តបន្ទាប់​ដែរ ប៉ុន្តែ​ពុំ​ទទួល​បាន​លទ្ធផល​ឡើយ។ ​ជា​ហេតុ​ធ្វើ​ឲ្យ​រឿង​ទំនាស់​​ដីធ្លី​នេះ ​អូស​បន្លាយ​រហូត​មក​ដល់​បច្ចុប្បន្ន ហើយ​ក្នុង​នាម​លោក​ជា​ម្ចាស់​ដី​ពិតប្រាកដ ពុំ​អាច​ស៊ូ​ទ្រាំ​រង​ភាព​អយុត្តិធម៌ និង​ការ​ឈឺចាប់​តទៅ​ទៀត​បាន​ឡើយ ។ ដូច្នេះ​ទើប​លោក​ធ្វើ​លិខិតស្នើ​សុំ​ការ​អន្តរា​គម​ន៏​ពី​សម្ដេច​ក្រឡាហោម ​ស ខេ​ង ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ដើម្បី​សម្ដេច​ជ្រាប​ និង​ជួយ​រក​យុត្តិធម៌​ជូន​រូប​លោក​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close