អបអរសាទរ វីរ​កីឡាការិនី ខាន់ ចេ​សា ដណ្ដើមបាន​មេដាយមាស​កីឡា​ជឺ​ជី​តស៊ូ​ជើងឯក​ពិភពលោក នៅ​អារ៉ាប់​រួម​

​កីឡាការិនី​ជឺ​ជី​តស៊ូ​កម្ពុជា ខាន់ ចេ​សា ដណ្ដើមបាន​មេដាយមាស នៃ​ការប្រកួត​កីឡា​ជឺ​ជី​តស៊ូ​ជើងឯក​ពិភពលោក Ju-Jitsu World Championship – Abu Dhabi 2022 ហើយ ក្រោយ​យកឈ្នះ​កីឡាការិនី​អេ​ស្ប៉ា​ញ Matthews Martin Naiomi ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ នៅ​ទីក្រុង​អា​ប៊ូ​ដា​ប៊ី ប្រទេស​អារ៉ាប់​រួម​។​

​សម្រាប់​ការប្រកួត​លើ​វិញ្ញាសា Jiu Jitsu (Newaza) ទម្ងន់​ក្រោម ៥២​គីឡូក្រាម ធ្វើបាន​យ៉ាង​ល្អ ក្នុងនាម​កីឡាការិនី​ឈរ​ចាំ​នៅ​ជុំ​ទី​២ ដោយ​កញ្ញា​បាន​យកឈ្នះ​គូប្រកួត ដោយ​ផ្ដួល​ឲ្យ​បោះបង់​ការប្រកួត​ចំនួន ៣​ប្រកួត​ជាប់​គ្នា ពោលគឺ ចេ​សា បាន​ផ្ដួល​កីឡាការិនី​ហ្វីលីពីន Baluyot Ashley Jeraine នៅ​ជុំ​ទី​២ (១៦​នាក់​ចុងក្រោយ​), ផ្ដួល​កីឡាការិនី​ម្ចាស់ផ្ទះ​អារ៉ាប់​រួម Shraim Maitha នៅ​ជុំ​ទី​៣ (​វគ្គ ៨​នាក់​ចុងក្រោយ​) និង​ផ្ដួល​កីឡាការិនី​អ៊ី​ស្រា​អ៊ែ​ល Aronov Pnina នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ កាលពី​ថ្ងៃមិញ​។​

​ឈានដល់​វគ្គ​ផ្ដាច់ព្រ័ត្រ កីឡាការិនី​កូនកាត់ ៣​សាសន៍ (​ខ្មែរ​-​អាមេរិក​-​ម៉ិ​ក​ស៊ិ​ក​) នៅតែ​រក្សា​ភាពខ្លាំង​របស់ខ្លួន ដោយ ខាន់ ចេ​សា បាន​ប្រើ​ស្នៀត​ពិសេស ចាប់​ឃ្លេ​កីឡាការិនី​ជើង​ខ្លាំង​អេ​ស្ប៉ា​ញ Matthews Martin Naiomi ជាប់​ពេញ​រយៈពេល ៦​នាទី ដែល​នាំ​ឲ្យ​គណៈកម្មការ​ផ្ដល់​ជ័យជម្នះ​ដល់​កីឡាការិនី​វ័យ ២១​ឆ្នាំ​របស់​កម្ពុជា ដើម្បី​គ្រង​មេដាយមាស នៃ​ការប្រកួត​ជើងឯក​ពិភពលោក ឆ្នាំ​២០២២ ជូន​ប្រទេស​កម្ពុជា​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close