នគរបាល​កម្ពុជា​ ​តាម​ចាប់​មេ​ក្លោង​ម្នាក់​ ​និង​ស្នើ​ឡាវ​ ​ធ្វើ​បត្យាប័ន​ ​ជនសង្ស័យ​ជា​ជនជាតិ​ខ្មែរ​ ​ដែល​ឆបោក​ប្រជាពលរដ្ឋ​រាប់ពាន់​នាក់​ ​អស់ប្រាក់​ជាង៦០លាន​ដុល្លារ​ ​

មន្ត្រីនគរបាល​ជាន់ខ្ពស់​កម្ពុជា​ ​បាន​ឲ្យដឹង​ថា​ ​នៅដើម​ខែធ្នូ​ ​ឆ្នាំ២០១៨នេះ​ ​កម្ពុជា​បាន​ដាក់​សំណើសុំ​បត្យាប័ន​ទៅ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ​ ​ដើម្បី​បញ្ជូន​ជន​ជាប់​ ​ចោទ​ជនជាតិ​ខ្មែរ​ម្នាក់​ ​មក​ផ្តន្ទា​ទោស​នៅក្នុង​យុត្តាធិការ​ ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ​តាម​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​ ​លេខ៤២៧​ ​ដ.ច.ន​ ​ចុះ​ថ្ងៃទី១១​ ​ខែកក្កដា​ ​ឆ្នាំ២០១៧​ ​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​។

ជនជាប់ចោទ​ឈ្មោះ​ ​ហួត​ ​សុវណ្ណ​ ​គឺជា​មេខ្លោង​ម្នាក់​ ​នៅក្នុង​ប្រព័ន្ធ​ឆបោក​ដ៏​ធំ​ដែល​មាន​សមាសភាព​ ​មក​ពី​ ​«​ក្រុមហ៊ុន​ ​EBC​»​ ​«​អង្គការ​ ​AIF​»​ ​និង​ ​«​សមាគមន៍​ ​ICA​»​។​ ​ក្រុមហ៊ុន​ ​និង​អង្គការ​ទាំងនេះ​ ​តែងតែ​ដើរ​ឆបោក​ប្រជាពលរដ្ឋ​គ្រប់​ទីកន្លែង​ ​ជាអាទិ៍​បាន​ឆបោក​ប្រជាពលរដ្ឋ​ខ្មែរ​ជាង៧ពាន់​នាក់​ ​អស់​ទឹកប្រាក់​ជាង៦០លាន​ដុល្លារ​ ​មក​ពី​ខេត្ត​ជាច្រើន​ ​នៅ​កម្ពុជា​តាម​ ​រយៈ​ការបញ្ចុះបញ្ចូល​ឲ្យ​ដាក់​ ​ប្រាក់​វិនិយោគ​រួម​ ​ដោយ​ជនល្មើស​សន្យា​ថា​ ​នឹង​ផ្តល់​មកវិញ​នូវ​អត្រា​ចំណេញ​ខ្ពស់​។

ឯកឧត្តម​ឧត្តមសេនីយ៍ឯក​ ​ឌី​ ​វិជ្ជា​ ​អគ្គស្នងការ​រង​នគរបាល​ជាតិ​ ​និង​ជា​ប្រធាន​នាយកដ្ឋាន​កណ្តាល​សន្តិសុខ​ ​នៃ​អគ្គស្នងការ​ដ្ឋាន​នគរបាល​ជាតិ​ ​ក្រសួងមហាផ្ទៃ​ ​នៅ​ថ្ងៃទី១៧​ ​ខែធ្នូ​ ​ឆ្នាំ២០១៨នេះ​ ​បាន​អោយ​ដឹង​ថា​ ​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ​ ​និង​អគ្គស្នងការ​ដ្ឋាន​នគរបាល​ជាតិ​ ​កំពុង​ខិតខំ​ប្រឹង​ ​ប្រែង​អស់ពី​សមត្ថភាព​ជំនាញ​ទាំង​ផ្លូវច្បាប់​ ​និង​ការទូត​ដើម្បី​នាំ​យក​ជន​ ​ជាប់ចោទ​ ​ពី​ប្រទេស​ឡាវ​ ​និង​ដើម្បី​រក​យុត្តិធម៌​ជូន​ប្រជាពលរដ្ឋ​ស្លូតត្រង់​។

ឯកឧត្តម​ឧត្តមសេនីយ៍ឯក​ ​បន្ត​ថា​ ​«​សមត្ថកិច្ច​ជំនាញ​កំពុង​ ​បន្ត​ស្រាវជ្រាវ​ ​និង​ស៊ើបអង្កេត​ស៊ីជម្រៅ​បន្ថែម​ទៀត​ ​ដើម្បី​វែកមុខ​ ​និង​នាំ​យក​មេ​ខ្លោង​ធំៗ​ ​និង​ដៃជើង​របស់​ ​ក្រុម​នេះ​មក​ផ្តន្ទា​ទោស​តាមច្បាប់​ ​ឲ្យខាងតែ​បាន​ ​ទោះជា​ត្រូវ​ចំណាយពេល​វេលា​ប៉ុណ្ណា​ក៏ដោយ​»​។

មន្ត្រីជាន់ខ្ពស់​កម្ពុជា​ ​ក៏បាន​បញ្ជាក់​ថ្ងៃនេះ​ផង​ដែរ​ថា​ ​កម្ពុជា​កំពុង​ជំរុញ​ដំណើរការ​កិច្ច​នីតិវិធី​ ​បត្យាប័ន​ជាមួយ​សាធារណរដ្ឋ​ប្រជាមានិត​ប្រជាធិបតេយ្យ​ឡាវ​ ​ក្នុងស្មារតី​អ្នកជិតខាង​ល្អ​។

សូម​បញ្ជាក់​ថា​ ​សាធារណរដ្ឋ​ប្រជាមានិត​ឡាវ​ ​និង​ព្រះរាជាណាចក្រ​កម្ពុជា​ ​បាន​ចុះហត្ថលេខា​ ​លើ​សន្ធិសញ្ញា​បត្យាប័ន​ ​ក្នុង​ឆ្នាំ១៩៩៩​ ​ដែល​សន្ធិសញ្ញា​នេះ​ចូលជាធរមាន​ឆ្នាំ២០០៥​។​ ​ទន្ទឹមគ្នា​នេះ​ ​ដែរ​ក្នុង​ក្របខ័ណ្ឌ​ប្រទេស​អាស៊ាន​ទាំង១០​ ​ក៏​មាន​សន្ធិសញ្ញា​ស្តី​ពី​ជំនួយ​ផ្នែក​ច្បាប់​ទៅវិញទៅមក​ក្នុង​រឿង​ ​ព្រហ្មទណ្ឌ​ផង​ដែរ​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close