ឯកឧត្តម ឃួង ស្រេង អភិបាល នៃអភិបាលរាជធានីភ្នំពេញ ស្នើសុំសម្តេចក្រឡាហោម ស ខេង ដកប្រធានពន្ធនាគារ PJ

រាជធានី​ភ្នំពេញ៖តាមសេចក្តីរាយការណ៍បានឲ្យដឹងនៅថ្ងៃអង្គារ ១១ កើត ខែ មិគសិរ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែ ធ្នូឆ្នាំ២០១៨ នេះថា ឯកឧត្តម ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​ បាន​ធ្វើ​លិខិតមួយច្បាប់ចុះ​ថ្ងៃ​ទី​៣១ ខែតុលា ឆ្នាំ ២០១៨ ស្នើ​សុំ​ទៅ​កាន់​សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ដើម្បី​ពិនិត្យ និង​សម្រេច​ផ្ទេរ​ភារកិច្ច (​ដក​) លោក​ ពេជ្រ យ៉ុ​ន ពី​ប្រធាន​ពន្ធនាគារ​រាជធានី​ភ្នំពេញ​ PJ ឲ្យ​ទៅ​បម្រើ​ការ​ការងារ​នៅ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​នៃ​ក្រសួងមហាផ្ទៃ​វិញ។

តាមសេចក្តីរាយការណ៍បានទម្លាយឲ្យដឹងថាមូលហេតុដែលឯកឧត្តមអភិបាល​រាជធានី​ភ្នំពេញ​ដាក់​ការ​ស្នើ​សុំ​ទៅ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ដកប្រធាន​ពន្ធនាគារ​រាជធានី​ភ្នំពេញ​នោះ បន្ទាប់​ពី​លោក ពេជ្រ យ៉ុ​ន មិន​បាន​យកចិត្តទុកដាក់​បំពេញ​តួនាទី និង​ភារកិច្ច​របស់​ខ្លួន​ឲ្យ​សម​ស្រប​ជា​ប្រធាន​អង្គភាព​និងគ្រប់គ្រង​អ្នកទោស​ក្នុង​ពន្ធនាគារ​មិន​បាន​ត្រឹមត្រូវ​តាម​នីតិវិធី​ច្បាប់។

ជាមួយនេះដែរលោក ពេជ្រ យ៉ុន ​មិន​បានយកចិត្តទុកដាក់​ចូលរួម​កិច្ចប្រជុំ​នានា​តាម​ការ​អ​ញ្ជើ​ញ​របស់​គណៈ​បញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ និង​មានការ​បែកបាក់​សាមគ្គីភាព​ផ្ទៃក្នុង​ក្នុង​អង្គភាពទៀតផង។ភាព​អសកម្ម​ទាំងនេះបានធ្វើឲ្យ​ជះ​ឥទ្ធិពល​មិនល្អ​ដល់​ការងារ​ដឹកនាំ​របស់​អង្គភាព​ពន្ធនាគារ និង​រដ្ឋបាល​រាជធានី​ភ្នំពេញ។

តាមសេចក្តីរាយការណ៍បានបន្ថែមថាមិនដឹងមន្រី្តនគរបាលណាម្នាក់ទេដែលមកជំនួសលោក ពេជ្រ យ៉ុន ? តែមាន​ប្រភព​ព័ត៌ខ្លះបាន​បង្ហើប​ឲ្យ​ដឹង​ថា មន្ត្រីនគរបាលដែល​ត្រូវ​មក​ជំនួស​តំណែង​ប្រធាន​ពន្ធនាគារ​រាជធានី​ភ្នំពេញ (PJ) នោះ ​ជា​ប្រធាន​ពន្ធនាគារ​ខេត្តស្ទឹងត្រែង​គឺ​លោក លី​ម ធី​ដា ខណៈដែល​លោក ពេ​ជ យ៉ុ​ន ត្រូវដកបញ្ឈរជើងនៅអគ្គស្នង​ការដ្ឋាន​នគរបាលជាតិ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close