លោកថាក់ស៊ីន និងលោកស្រីយីងឡាក់ បង្ហាញវត្តមាននៅសិង្ហបុរី

លោកថាក់ស៊ីន ស៊ីណាវ៉ាត្រា និងប្អូនស្រី លោកស្រីយីងឡាក់ បានបង្ហាញវត្តមាននៅក្នុងប្រទេសសិង្ហបុរី កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតនៅហាងលក់គុយទាវសាច់គោយីហោ Thaksin Beef Moodle ។

វត្តមាននាពេលនេះរបស់អតីតនាយករដ្ឋមន្ត្រីថៃទាំងពីររូបបងប្អូន បានធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង មិនតែនៅប្រទេសសិង្ហបុរីប៉ុណ្ណោះទេ ប៉ុន្តែអាចនិយាយបានថា ជុំវិញពិភពលោក ។ លោកថាក់ស៊ីន បាននិរទ្ទេសខ្លួនដោយខ្លួនឯងទៅកាន់ទីក្រុងឌុយបៃ គេចពីការឃុំខ្លួនក្រោមបទចោទប្រកាន់ប្រព្រឹត្តអំពើពុករលួយ កាលពី២០០៦ បន្ទាប់ពីកម្លាំងយោធាថៃ ធ្វើរដ្ឋប្រហារ ។ លោកថាក់ស៊ីន ជាអតីតនាយករដ្ឋមន្ត្រីថៃពីឆ្នាំ២០០១ ដល់ឆ្នាំ២០០៦ ។

ដូចគ្នានេះដែរ លោកស្រីយីងឡាក់ ប្អូនបង្កើតរបស់លោកថាក់ស៊ីន ក៏បានភៀសខ្លួនពីប្រទេសថៃកាលពីខែសីហា ឆ្នាំ២០១៧ ទៅរស់នៅបរទេស ក្រោយពេលតុលាការកំពូលប្រទេសនេះបានរកឃើញថា កាលនៅជានាយករដ្ឋមន្ត្រីរដ្ឋាភិបាលស៊ីវិល លោកស្រីបានធ្វើឲ្យរដ្ឋខាតបង់ទឹកប្រាក់រាប់លានបាត ក្នុងគម្រោងទិញស្រូវអង្ករប្រជាកសិករនោះ ហើយបានសម្រេចផ្តន្ទាទោសជាប់ពន្ធនាគារ៥ឆ្នាំ ។ រដ្ឋាភិបាលរបស់លោកស្រីយីងឡាក់ ត្រូវបានក្រុមយោធាធ្វើរដ្ឋប្រហារផងដែរ បន្ទាប់ពីរលកបាតុកម្មអូសបន្លាយអស់ជាច្រើនខែ ។ បច្ចុប្បន្ន លោកស្រីយីងឡាក់ បានសុំសិទ្ធិភៀសខ្លួននយោបាយនៅក្នុងប្រទេសអង់គ្លេស ។

សូមបញ្ជាក់ថា បន្ទាប់ពីភៀសខ្លួនពីប្រទេសកំណើត បងប្អូនត្រកូល ស៊ីនណាវ៉ាត្រា តែងតែបង្ហាញវត្តមានតាមទីសាធារណៈ ធ្វើឲ្យមានការចាប់អារម្មណ៍ ពីសំណាក់មហាជន ។ ជាក់ស្តែងកាលពីខែកុម្ភៈ ឆ្នាំ២០១៨ អតីតនាយករដ្ឋមន្ត្រីថៃទាំងពីររូបនេះ បានបង្ហាញខ្លួនម្តងនៅប្រទេសសិង្ហបុរី ។ ប្រភពពីសមាជិកគណបក្សភឿថៃ អះអាងថា នៅមុនដំណើរទៅកាន់សិង្ហបុរីនោះ លោកថាក់ស៊ីន និងលោកស្រីយីងឡាក់ បានធ្វើដំណើរទៅកាន់ប្រទេសចិន, ទៅកាន់ជប៉ុន និងហុងកុង មុនពេលទៅកាន់សិង្ហបុរី ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close