ចិន សម្លឹង​រក​ឱកាស​វិនិយោគ​ថ្មី​នៅ​កម្ពុជា​

​ភ្នំពេញ​៖ គណៈប្រតិភូ​នៃ​សមាគម​សម្ពន្ធ​សហគ្រាស​ធុន​តូច និង​មធ្យម​សកល (Global Alliance of SMEs) ដែលជា​សមាគម​វិនិយោគ​អន្តរជាតិ​មកពី​ប្រទេស​ចិន​នោះ កំពុង​បំពេញ​ទស្សនកិច្ច​ស្វែងយល់ និង​សម្លឹង​រក​ឱកាស​វិនិយោគ​នៅ​ប្រទេស​កម្ពុជា ក្នុងនោះ​ក៏បាន​ចាប់អារម្មណ៍​លើ​ការវិនិយោគ​វិស័យ​ទេសចរណ៍​ផងដែរ​។ ឆ្លៀតពេល​កំពុង​ទស្សន​កិច្ច​នៅ​កម្ពុជា គណៈប្រតិភូ​នៃ​សមាគម Global Alliance of SMEs ដឹកនាំ​ដោយ​ឯកឧត្ដម ឆាវ ហ្វា​ង (Cao Fang) អគ្គលេខាធិការ​សមាគម បាន​ចូលជួប​ពិភាក្សា​ជាមួយ​ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ នា​ដើម​សប្តាហ៍​នេះ នៅ​ទីស្ដីការ​ក្រសួងទេសចរណ៍​។​

​ឯកឧត្ដម ឆាវ ហ្វា​ង បានឱ្យដឹងថា ដំណើរ​ទស្សនកិច្ច​រប​ស់​ប្រតិភូ​សមាគម Global Alliance of SMEs នៅ​កម្ពុជា​នេះ គឺ​ដើម្បី​សម្លឹង​រក​ឱកាស​វិនិយោគ​នៅ​ប្រទេស​កម្ពុជា ក្នុងនោះ​សមាគម​របស់​ឯកឧត្ដម​ក៏បាន​ចាប់អារម្មណ៍​លើ​ការ វិនិយោគ​វិស័យ ទេសចរណ៍​ផងដែរ ដូច្នេះហើយ​ទើប​ស្នើសុំ​ចូលជួប​ពិភាក្សា​ជាមួយ​ភាគី​ក្រសួងទេសចរណ៍​។​

​ឯកឧត្ដម ឆាវ បាន​រៀបរាប់ថា សមាគម​លោក​មាន​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​ជា​លក្ខណៈ​អន្តរជាតិ​។ សមាគម​នេះ​ត្រូវបាន​ផ្ដួចផ្ដើម​បង្កើតឡើង​ដោយ​សហគ្រិន​ឆ្នើម​ដែល​ស្រឡាញ់​សន្តិភាព និង​ការអភិវឌ្ឍ​ទូទៅ​ប្រទេស​ផ្សេងៗ​។ ​បច្ចុប្បន្ននេះ​ការិយាល័យ​ទំនាក់ទំនង​នៃ​សមាគម Global Alliance of SMEs ត្រូវបាន​បង្កើតឡើង​នៅក្នុង​ប្រទេស​ចិន កម្ពុជា ថៃ សិង្ហ​បុរី ម៉ា​ឡេ​ស៉ី វៀតណាម ឥណ្ឌូ​ណេ​ស៉ី ឡាវ ហ្វីលីពីន ស្រីលង្កា កូរ៉េខាងត្បូង ជប៉ុន ទីក្រុង​ហុងកុង ទីក្រុង​ម៉ា​កាវ ក្រិ​ក អារ៉ាប់​រួម អាហ្វ្រិក​ខាងត្បូង តួ​ក​គី បារាំង អ៉ី​តា​លី អាល្លឺម៉ង់ សហរដ្ឋអាមេរិក នូ​វែ​ល​សេ​ឡង់ អូស្ត្រាលី រុ​ស្ស៉ី និង​តំបន់​ផ្សេងទៀត​។​

​ឯកឧត្ដម​អគ្គលេខាធិកា​រ​បាន​បន្តថា សមាគម Global Alliance of SMEs មាន​គោលបំណង​ផ្ដោតលើ​ការតភ្ជាប់​ទំនាក់ទំនង និង​ការប្រឹក្សា​យោបល់​រួមគ្នា​រវាង​ចិន​និង​កម្ពុជា និង​រួមគ្នា​ចែករំលែក​យុទ្ធសាស្ត្រ​ឈ្នះ​-​ឈ្នះ​ទាំងអស់គ្នា ដើម្បី​បង្កើត​ទំនាក់ទំនង​មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ និង​សហគ្រិន​មកពី​ជុំវិញ​ពិភពលោក សំដៅ​ចូលរួម​ជំរុញ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​។​
​ឯកឧត្ដម ឆាវ ហ្វា​ង បាន​បញ្ជាក់ថា កិច្ចការ​ទាំងអស់​រប​ស់​សមាគម Global Alliance of SMEs គឺ​ប្រព្រឹត្តទៅ​ក្រោម​គោលនយោបាយ «​ខ្សែក្រវាត់ និង​ផ្លូវ​» របស់​រដ្ឋាភិបាល​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដែលមាន​លោក​ប្រធានាធិបតី ស៉ី ជិន​ពីង ជា​ប្រមុខ​។​

​នាឱកាស​នោះ ឯកឧត្ដម​រដ្ឋមន្ត្រី ថោង ខុន បានឱ្យដឹង​ដែរ​ថា កម្ពុជា​នៅតែមាន​ចំណុច​សំខាន់ៗ​ក្នុងការ​វិនិយោគ ក្នុងនោះ​កម្ពុ​ជាមាន​សន្តិភាព ក្រោម​ការដឹកនាំ​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​។ លោក​ថា «​សន្តិ​ភាពជា​និរន្តរ៍ គឺ ជា​កត្តា​គន្លឹះ ដែល​ផ្ដល់នូវ​ការជឿទុកចិត្ត​ដល់​វិនិយោគិន​»​។​ ​ឯកឧត្ដម​បាន​បន្តថា ក្រៅពីនេះ​កម្ពុជា​និង​ចិន​ជា​មិត្ត​ដ៏​ល្អ ជា​មិត្ត​ដែកថែប ហើយ​កិច្ចសហប្រតិបត្តិការ​រ​វាង​កម្ពុជា​-​ចិន​គឺជា​កិច្ចសហប្រតិបត្តិការ​ត្បូង​ពេជ្រ ក្រោម​យុទ្ធសាស្ត្រ​ឈ្នះ​-​ឈ្នះ​។ ទំនាក់ទំនង​រវាង​ប្រជាជន​កម្ពុជា​-​ចិន គឺ​ល្អូក​ល្អឺ​ន​នឹង​គ្នា​តាំងពី​បុរាណ​មក សហគមន៍​ចិន​និង​សហគមន៍​ខ្មែរ​រស់នៅ​មិនដែល​មាន​ជម្លោះ​ជាមួយគ្នា​នោះឡើយ ស្រឡាញ់គ្នា​ដូច​បងប្អូន ហើយ​ជនជាតិខ្មែរ​ក៏មាន​ចិត្ត​ស្រឡាញ់​មិត្តភក្តិ​ចេញពី​បេះដូង​។​

​ឯកឧត្ដម​រដ្ឋមន្ត្រី ថោង ខុន បាន​បង្ហើរ​មួយ​ឃ្លា​ទៀតថា «​គោលនយោបាយ​វិនិយោគ​របស់​រាជរដ្ឋាភិបាល​កម្ពុជា គឺមាន​ភាពរស់រវើក និង​លើកទឹកចិត្ត​ខ្ពស់​ចំពោះ​អ្នកវិនិយោគ​មកពី​ក្រៅប្រទេស​»​។​ ​ចំពោះ​ប្រជាជន​កម្ពុជា​ក៏បាន​ត្រៀម​ស្វាគមន៍​ទេសចរ​ចិន​រួចរាល់​អស់ហើយ​។ ក្រសួងទេសចរណ៍​ក៏បាន​រៀបចំ​សៀវភៅ​ស China Ready តាំងពី​ឆ្នាំ​២០១៥​មកម្ល៉េះ ប៉ុន្តែ​កម្ពុជា​ក៏ត្រូវ​ការពង្រីក​ការវិនិយោគ​បង្កើន ហេ​ដ្ឋា​រចនា​សម្ពន្ធ​និង​ផលិតផល​ទេសចរណ៍​ថ្មី ការរៀបចំ​យុទ្ធសាស្ត្រ​ផ្សព្វផ្សាយ​ទៅកាន់​ទីផ្សារ​ទេសចរណ៍​ចិន ដើម្បី​ទាក់ទាញ​កំណើន​ភ្ញៀវទេសចរ​ចិន​បន្ថែមទៀត​។

ឯកឧត្ដម​រដ្ឋមន្ត្រី ក៏បាន​បង្ហាញ​ផែនការមេ​អភិវឌ្ឍន៍​តំបន់​សៀមរាប​អង្គរ ខេត្តមណ្ឌលគិរី និង​ឱកាស​វិនិយោគ​នៅ​ខេត្ត​ព្រះសីហនុ និង​តំបន់​អេកូ​ទេសចរណ៍ ក​សិ​ទេសចរណ៍ និង​ទេសចរណ៍ សហគមន៍ និង​ទេសចរណ៍​ជនបទ​ផងដែរ​។​
​គួរ​ជម្រាប​ថា រយៈពេល​៣​ខែ​ដើមឆ្នាំ​នៃ​ឆ្នាំ​២០២៣ (​មករា​-​មីនា​) កម្ពុជា​ទទួលបាន​ភ្ញៀវទេសចរ​អន្តរជាតិ​ប្រមាណ​១.២​លាន ហើយ​ក្នុង​កំណើន​ជាង​៧១៨ % ក្នុងនោះ​ទេសចរ​ចិន​ប្រមាណ​១២​ម៉ឺន​នាក់​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close