គម្រោង​ធំៗ ៦​ទៀត បោះទុន​ជិត ៦៣​លាន​ដុល្លារ នឹង​បើក​ដំណើរការ​នៅ​កម្ពុជា​

​ភ្នំពេញ​៖ រាជរដ្ឋាភិបាល​កម្ពុជា នៅ​ពាក់កណ្តាល​មេសា​នេះ បានសម្រេច​អនុម័ត​ឲ្យ​គម្រោង​ធំៗ​ចំនួន ៦​ទៀត បោះទុន​វិនិយោគ​ជិត ៦៣​លាន​ដុល្លារ គ្រោង​បើក​ដំណើរការ និង​បានផ្តល់​រាប់ពាន់​កន្លែង​។​

​តាម​សំណើសុំ​វិនិយោគ​របស់​ក្រុមហ៊ុន គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានសម្រេច​ចេញ​វិញ្ញាបនបត្រ​ចុះបញ្ជី​គម្រោង​វិនិយោគ​ជូន​ដល់​ក្រុមហ៊ុន​ដូចខាងក្រោម​៖

១- “DEN NOKOR (CAMBODIA) INVESTMENT CO., LTD” គម្រោង​វិនិយោគ​អភិវឌ្ឍន៍​រមណីយដ្ឋាន​ទេសចរណ៍​លើ​កោះ​ទទឹង និង​សកម្មភាព​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​កោះ​ស្តេច ឃុំ​កោះ​ស្តេច ស្រុក​គិរីសាគរ ខេត្តកោះកុង ក្នុង​ទុនវិនិយោគ​ប្រមាណ ៣០​លាន​ដុល្លារ​អាម៉េរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ១៤២​កន្លែង​។​

២- “SUNFLOWER ENERGY (CAMBODIA) CO., LTD” គម្រោង​បង្កើត​រោងចក្រ​ផលិត និង​ផ្គុំ​ដំឡើង​បន្ទះ​សូ​ឡា ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ក្តាន់​រយ ឃុំ​ដំណាក់​អំពិល ស្រុក​អង្គស្នួល ខេត្តកណ្តាល ក្នុង​ទុនវិនិយោគ​ប្រមាណ ១៥,៦​លាន​ដុល្លារ​អាម៉េរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៣៣៩​កន្លែង​។​

៣- “JIA ZHI XIN AGRICULTURE TECHNOLOGY DEVELOPMENT (CAMBODIA) CO., LTD” គម្រោង​បង្កើត​រោងចក្រ​កែច្នៃ​វេច​ខ្ចប់​កសិផល (​ផ្លែ​ចេក​…) និង​កសិដ្ឋាន​ដាំ​ដំណាំ​ចេក ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​២៥ ឃុំ​ព្រះ​ធាតុ ស្រុក​អូ​រាំង​ឳ ខេត្ត​ត្បូងឃ្មុំ ក្នុង​ទុនវិនិយោគ​ប្រមាណ ១០,៣​លាន​ដុល្លារ​អាម៉េរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៤១២​កន្លែង​។​
៤- “G.T.V.C IMPORT EXPORT CO., LTD” គម្រោង​វិនិយោគ​អភិវឌ្ឍន៍ “​កោះ​មួយ​” ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​សង្កាត់​កោះរ៉ុង​សន្លឹម ក្រុង​កោះរ៉ុង ខេត្ត​ព្រះសីហនុ ក្នុង​ទុនវិនិយោគ​ប្រមាណ ៧,៧​លាន​ដុល្លារ​អាម៉េរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៤៩​កន្លែង​។​

៥- “MENG FENG PACKAGING (CAMBODIA) CO., LTD” គម្រោង​បង្កើត​រោងចក្រ​ផលិត​កេស​កា​តុង ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ផ្លូវជាតិ​លេខ​៥១ ភូមិ​ស្តុក​វែង ឃុំ​ម្កាក់ ស្រុក​អង្គស្នួល ខេត្តកណ្តាល ក្នុង​ទុនវិនិយោគ​ប្រមាណ ៥,២​លាន​ដុល្លារ​អាម៉េរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៤៧៥​កន្លែង​។​

៦- “GREATER HEALTH PRODUCT (CAMBODIA) CO., LTD” គម្រោង​បង្កើត​រោងចក្រ​ផលិត​គ្រឿងសង្ហារិម​គ្រប់​ប្រភេទ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ត្រពាំង​ខ្យង ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ក្នុង​ទុនវិនិយោគ​ប្រមាណ ៥,១​លាន​ដុល្លារ​អាម៉េរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៣០៤​កន្លែង​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close