ឃាត់ខ្លួនមន្ត្រីនគរបាលម្នាក់ដែលជាអ្នកកាងទំនិញដ៏សកម្មចេញពីប្រទេសវៀតណាម ចូលមកកម្ពុជា

មន្ត្រីនគរបាលមួយរូបដែលជាអ្នកកាងទំនិញដ៏សកម្មចេញពីប្រទេសវៀតណាម ចូលមកក្នុងប្រទេសកម្ពុជា ស្ថិតក្នុងភូមិសាស្ត្រខេត្តតាកែវ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៣

យោងតាមការចុះផ្សាយរបស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ឱ្យដឹងថា មានករណីរារាំងការអនុវត្តច្បាប់របស់មន្ត្រីសាធារណៈ និងប្រើប្រាស់អាវុធខុសច្បាប់បានកើតឡើង ដែលបង្កឡើងដោយបុរសម្នាក់ដែលជានាយរងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ។

អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាបានឱ្យដឹងទៀតថា មន្ត្រីនគរបាលរូបនេះ បានផ្ទុះអាវុធរារាំង និងរំដោះរថយន្តដឹកទំនិញគេចពន្ធពីសមត្ថកិច្ចគយ ដែលកំពុងចុះប្រតិបត្តការបង្ក្រាបបទល្មើសទំនិញគេចពន្ធ កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង៨:៤០នាទីព្រឹក នៅតាមបណ្តោយផ្លូវជាតិលេខ២ ស្ថិតក្នុងភូមិបន្ទាយ ឃុំជីខ្មារ ស្រុកទ្រាំង ខេត្តតាកែវ។

មន្ត្រីនគរបាលរូបនេះ បានជិះរថយន្ត ១គ្រឿង ម៉ាក FORD RANGER WILDTRAK ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BY-9899 ហើយធ្វើសកម្មភាពរារាំង (បិទគូថ) និងដកកាំភ្លើងខ្លីបាញ់ចំនួន ៥គ្រាប់ ដើម្បីគំរាមដល់សមត្ថកិច្ចគយដែលកំពុងចុះប្រតិបត្តការបង្ក្រាបបទល្មើសទំនិញគេចពន្ធនាំចូល។

គួរឱ្យដឹងដែរថា មន្ត្រីនគរបាលរូបនេះត្រូវបានសមត្ថកិច្ចចាប់ខ្លួន ដោយកំពុងបន្តនីតិវិធីកសាងសំណុំរឿង និងគ្រោងនឹងបញ្ជូនទៅកាន់សាលាដំបូងខេត្តតាកែវហើយ នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៣នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close