មនុស្សស្លាប់ ១០នាក់ ករណីរថយន្ដបើកបុកហ្វូងមនុស្ស ក្នុងទីក្រុង New Orleans
ក្រុមមន្ត្រីនៅក្នុងសហរដ្ឋអាមេរិក បានឱ្យដឹងនៅថ្ងៃទី១ ខែមករានេះថាមនុស្សយ៉ាងហោច១០នាក់ បានស្លាប់ និង៣០នាក់រងរបួស ក្នុងហេតុការណ៍រថយន្ដមួយគ្រឿងបើកបំបុកហ្វូង មនុស្ស នៅឯផ្លូវ Bourbon Street នៃទីក្រុង New Orleans។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ភ្លាមៗមិនទាន់មានព័ត៌មានលម្អិតនៅឡើយទេ។ ទូរទស្សន៍ CBS News ដោយផ្អែកលើសាក្សី បានរាយការណ៍ថាមានរថយន្ដមួយគ្រឿងបានបើកបំបុកចូលក្នុងចំណោមហ្វូងមនុស្ស ក្នុងល្បឿន យ៉ាងលឿន ហើយក្រោយមក អ្នកបើកបរបានចេញពីរថយន្ដ និងបានបើកការបាញ់ប្រហារ ជាហេតុធ្វើឱ្យប៉ូលិសនៅក្បែរនោះបាញ់តបតទៅវិញ។ ចំណែក អ្នករងរបួសត្រូវបានបញ្ជូនទៅកាន់ មន្ទីរពេទ្យ យ៉ាងហោចចំនួន៥ផ្សេងៗពីគ្នា។
ដោយឡែក បើតាមកាសែត New York Times ហេតុការណ៍គ្រោះថ្នាក់ខាងលើបានកើតឡើង នៅឯ Canal and Bourbon នៃទីក្រុង New Orleans ខណៈមនុស្សម្នាកំពុងអបអរសាទរថ្ងៃបុណ្យ ចូលឆ្នាំសកស៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។