ចិន ផលិតនាវាផ្ទុកយន្តហោះចម្បាំង ដើរដោយថាមពលនុយក្លេអ៊ែរ ប្រជែងនឹងអាមេរិក
ប្រទេសចិនកំពុងបោះជំហានឈានឆ្ពោះទៅមុខ ដើម្បីបិទគម្លាតសមត្ថភាពកងទ័ពជើងទឹករបស់ខ្លួន ធៀបនឹងប្រទេសមហាអំណាចដទៃ តាមរយៈការសាងសង់នាវាផ្ទុកយន្តហោះចម្បាំងដើរដោយថាមពលនុយក្លេអ៊ែរ។
នាវាផ្ទុកយន្តហោះចម្បាំងដើរដោយថាមពលនុយក្លេអ៊ែរ ត្រូវបានរំពឹងថា នឹងធ្វើឱ្យចិនក្លាយជាប្រទេសមានកងទ័ពជើងទឹកកាន់តែខ្លាំងក្លា ហើយរូបភាពថតដោយផ្កាយរណប ត្រូវបានគេជឿថា នាវារបស់ចិននេះទំនងជាមានទំហំប៉ុននាវាធំបំផុតនៅក្នុងជួយកងនាវារបស់សហរដ្ឋអាមេរិកដែរ។
នាវាទំនើបខ្នាតយក្សរបស់ចិននេះ កំពុងស្ថិតក្រោមដំណើរការសាងសង់នៅឯរោងចក្រផលិតកប៉ាល់ Dalian របស់ប្រទេសចិន។ បច្ចុប្បន្ននេះ មានតែអាមេរិក និងបារាំងទេ ដែលមាននាវាផ្ទុកយន្តហោះចម្បាំងដើរដោយថាមពលនុយក្លេអ៊ែរ នៅក្នុងជួរកងនាវារបស់ប្រទេសពួកគេ។
បើសិននាវាផ្ទុកយន្តហោះចម្បាំងដើរដោយថាមពលនុយក្លេអ៊ែរនេះសាងសង់រួចរាល់ នោះចិននឹងជាប់ឈ្មោះក្នុងបញ្ជីប្រទេស ដែលមានសមត្ថភាពកងទ័ពជើងទឹកមិនអាចប្រៀបផ្ទឹមបាន។
បច្ចុប្បន្នកងទ័ពរំដោះប្រជាជនចិន ហៅកាត់ (PLA) មានចំនួននាវាចម្បាំងច្រើនជាងគេលើពិភពលោក ប៉ុន្តែនាវាផ្ទុកយន្តហោះចម្បាំងមានចំនួន ៣ ប្រភេទ គឺ Liaoning, Shandong និង Fujian។
នាវាទាំង ៣ ត្រូវបានសាងសង់ឡើងក្នុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប៉ុន្តែពួកវាជាប្រភេទនាវាដើរដោយថាមពលធម្មតាប៉ុណ្ណោះ។ នេះគឺជាបញ្ហាចម្បងមួយ ដោយសារនាវាចម្បាំងដើរដោយថាមពលនុយក្លេអែរ អាចធ្វើដំណើរក្នុងរយៈចម្ងាយឆ្ងាយក្នុងសមុទ្របើកចំហដោយមិនចាំបាច់ត្រូវការប្រេង ដូចនាវាដើរដោយថាមពលធម្មតា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។