សន្តិសុខសង្គម

យុវតី​បើករថយន្ត​ ​Range​ ​Rover​ ​បុក​និស្សិត​ម្នាក់​ស្លាប់​នៅ​ខណ្ឌ​ទួល​ ​ត្រូវ​បញ្ជូន​ទៅ​តុលាការ​ហើយ​ ​បន្ទាប់ពី​ឪពុក​នាំទៅ​ប្រគល់​ជូន​នគរបាល​

​បន្ទាប់ពី​លោក​ ​យិន​ ​ហ្គិច​ ​ជា​ឪពុក​បាន​នាំ​ខ្លួន​កូនស្រី​ទៅ​ប្រគល់​ជូន​សមត្ថកិច្ច​ចាត់ការ​តាមច្បាប់​ ​ភ្លាម​ៗ​នៅ​ព្រឹក​ថ្ងៃទី២៩​ ​ខែមីនា​ ​ឆ្នាំ២០១៩នេះ​ ​ជនសង្ស័យ​ឈ្មោះ​ ​យិន​ ​ម៉ា​ណា​ ​ដែល​ជា​តៃកុង​រថយន្ត​ ​Range​ ​Rover​ ​ស្លាក​លេខ​ ​7777​ ​បុក​និស្សិត​ឈ្មោះ​ ​ឌុំ​ ​រី​ដា​ ​ត្រូវ​សមត្ថកិច្ច​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ហើយ​ ​ដើម្បីឲ្យ​តុលាការ​ចាត់ការ​តាមច្បាប់​។​

​ពាក់ព័ន្ធ​ករណីនេះ​ ​លោក​ ​សែម​ ​គន្ធា​ ​ប្រធាន​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​ ​នៃ​ ​ស្នងការ​ដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ ​បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា​ ​សំណុំរឿង​ខាងលើ​នេះ​ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​កសាង​ ​និង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ហើយ​កាលពី​រសៀល​ថ្ងៃទី២៨​ ​ខែមីនា​ ​ឆ្នាំ២០១៩ម្សិលមិញ​។​

​សូមជម្រាប​ជូន​ថា​ ​បន្ទាប់ពី​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​បង្ក​ដោយ​ ​ឈ្មោះ​ ​យិន​ ​ម៉ា​ណា​ ​បាន​បើករថយន្ត​ ​ម៉ាក​ ​Range​ ​Rover​ ​ពណ៌ខ្មៅ​ ​ពាក់​ស្លាក​លេខ​ ​ភ្នំពេញ​ ​2AF​-​7777​ ​បុក​ជនរងគ្រោះ​ឈ្មោះ​ ​ឌុំ​ ​រី​ដា​ ​ស្លាប់​កាលពី​ថ្ងៃទី២៦​ ​ខែមីនា​ ​ឆ្នាំ២០១៩​ ​លោក​ ​យិន​ ​ហ្គិច​ ​ជា​ឪពុក​ជន​បង្ក​បាន​ព្យាយាម​ដោះស្រាយ​ ​និង​ទទួលខុសត្រូវ​ដោយ​បាន​ចូលបុណ្យ​សព​ជនរងគ្រោះ​ចំនួន​ ​៥០០០ដុល្លារ​។​

​បន្ទាប់ពី​ចូលបុណ្យ​សព​ ​លោក​ ​យិន​ ​ហ្គិច​ ​បាន​នាំ​ខ្លួន​កូនស្រី​ទៅ​ប្រគល់​ជូន​សមត្ថកិច្ច​ជំនាញ​ដើម្បី​ចាត់ការ​តាមច្បាប់​ ​និង​ទទួលខុសត្រូវ​ចំពោះ​សំណង​ជំងឺចិត្ត​ទៅ​គ្រួសារ​ជនរងគ្រោះ​ថែមទៀត​ផង​។​

​សូម​រំលឹក​ថា​ ​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​បង្កឡើង​ដោយ​ឡាន​ ​Range​ ​Rover​ ​ពណ៌ខ្មៅ​ ​ពាក់​ស្លាក​លេខ​ ​ភ្នំពេញ​ ​2AF​-​7777​ ​បើក​លឿន​ទៅ​បុក​ជនរងគ្រោះ​ដែល​កំពុង​ជិះ​ម៉ូតូ​នៅ​ចំណុច​ផ្លូវបំបែក​ជា៤​ ​បណ្តាល​ឲ្យ​ស្លាប់​ភ្លាម​ៗ​នៅកន្លែង​កើតហេតុ​។​

​ក្រោយ​បង្កហេតុ​ ​តែ​កុង​រថយន្ត​បាន​ព្យាយាម​បើក​រត់គេច​ខ្លួន​ ​ប៉ុន្តែ​សំណាងល្អ​ដែល​មាន​វីដេអូ​កាមេរ៉ា​សុវត្ថិភាព​បាន​ថត​ជាប់​ស្លាក​លេខ​រថយន្ត​ ​រហូត​សមត្ថកិច្ច​អាច​កំណត់​មុខសញ្ញា​ម្ចាស់​រថយន្ត​ខាងលើ​បាន​៕​ ​មករា​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Show More

Related Articles

Close