ព្រលានយន្ដហោះ​ថ្មី នៅ​ខេត្តសៀមរាប សម្រេចបាន​ជាង​៣០​ភាគរយ​ហើយ គ្រោង​នឹង​បញ្ចប់​ការសាងសង់ នៅក្នុង​ឆ្នាំ​២០២៣

​ខេត្តសៀមរាប​៖ ឯកឧត្ដម ស៊ីន ចាន់​សិរី​វុត្ថា អនុរដ្ឋលេខាធិការ នៃ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល មានប្រសាសន៍ថា ការសាងសង់​ព្រលានយន្ដហោះ​អន្តរជាតិ​ថ្មី​នៅ​ខេត្តសៀមរាប ដែល​អនុវត្ត​ដោយ​ក្រុមហ៊ុន​អភិវឌ្ឍន៍​របស់​ចិន AIAI (Angkor International Airport Investment) មកដល់ពេលនេះ សម្រេចបាន​ជាង​៣០​ភាគរយ​ហើយ ហើយ​បើ​ផ្អែកលើ​សកម្មភាព ដែល​ក្រុមហ៊ុន​បាន​បង្កើន​ការងា​ទាំងយប់​ទាំង​ថ្ងៃ ដើម្បី​ឲ្យ​សម្រេច​គោលដៅ​ដូច​អ្វីដែល​កម្ពុជា​បានគ្រោង​ទុក​នោះ ដូច្នេះ​ការសាងសង់​អាកាសយាន​ដ្ឋា​ន​នេះ គ្រោង​នឹង​បញ្ចប់​ទាំងស្រុង និង​ដាក់​ឲ្យ​ដំណើរការ​នៅ​ឆ្នាំ​២០២៣​ខាងមុខ បើទោះបី​កម្ពុជា​ក៏ដូចជា​សក​លោក កំពុង​ជួប​វិបត្ដិ​ជំងឺ​កូ​វីដ​១៩​ក្ដី ប៉ុន្ដែ​ការសាងសង់​អាកាសយាន​ដ្ឋា​ន​អន្ដរជាតិ​ថ្មី​នៅតែ​ដំណើរការ​ជាធម្មតា ។​

​ឯកឧត្ដម ស៊ីន ចាន់​សិរី​វុត្ថា មានប្រសាសន៍​យ៉ាង​ដូច្នេះ ក្នុងឱកាស​អមដំណើរ​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍​បណ្ឌិត ម៉ៅ ហាវ​ណ្ណា​ល់ រដ្ឋមន្ត្រី ទទួលបន្ទុក​រដ្ឋលេខា​ធិ​ការដ្ឋាន​អាកាសចរ​ស៊ីវិល ដឹកនាំ​មន្ត្រីជាន់ខ្ពស់ និង​មន្ត្រី​ជំនាញ ចុះ​ត្រួតពិនិត្យ ការសាងសង់​អាកាសយា​ន​ដ្ឋា​ន​អន្តរជាតិ​សៀមរាប​អង្គរ​ថ្មី កាលពី​ថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ​២០២០​ម្សិលមិញ​នេះ ។​

​គួររំលឹកថា គោលបំណង​ក្នុង​បេសកកម្ម​នេះ គឺ​ត្រួតពិនិត្យ​ការងារ​៖
១. ផែនការ​សាងសង់​អាកា​ស​យានដ្ឋាន​ទាំងមូល ( Overall Schedule)
២. សេចក្ដីរាយការណ៍​អំពី​វឌ្ឍនៈភាព​គម្រោង​សាងសង់​អាកាសយានដ្ឋាន ឆ្នាំ​២០២០ ( Project Progress in 2020)
៣. ផែនការ​សាងសង់​អាកា​ស​យានដ្ឋាន​ឆ្នាំ​២០២១ (Construction Plan for 2021)
៤. វិធានការ​ត្រួតពិនិត្យ និង​ការបង្ការ​ជំងឺឆ្លង កូ​វិដ​១៩ ចំពោះ​បុគ្គលិក និង​កម្មករ​ដែល​ធ្វើការ​ក្នុង​គម្រោង​សាងសង់​អាកាសយានដ្ឋាន​ទាំងមូល ( Pandemic Prevention and Control) ។​

​សូមបញ្ជាក់ថា អាកាសយានដ្ឋានរ​ជាតិ​សៀមរាប​អង្គរ​នោះ មាន​ទីតាំង​ស្ថិតនៅ​ឃុំ​ពពេល ស្រុក​សូទ្រនិគម ខេត្ដ​សៀមរាប មាន​វិសាលភាព​លើ​ផ្ទៃដី​ទំហំ​ប្រមាណ​៧០០​ហិកតា បានចាប់ផ្តើម​សាងសង់​ពីថ្ងៃ​ទី​១៥ ខែមីនា ឆ្នាំ​២០២០​និង គ្រោង​បញ្ចប់​នៅ​ថ្ងៃទី​១៤ ខែមីនា ឆ្នាំ​២០២៣ ក្នុង​រយៈពេល​៣៦​ខែ ហើយ​អាកាសយានដ្ឋាន​អន្តរជាតិ​ថ្មី​នេះ នឹងចូលរួម​ចំណែក​ក្នុងការ​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​មក​ទស្សនា​ខេត្តសៀមរាប សំដៅ​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ ការបង្កើន​ការងារ និង​ប្រាក់ចំណូល ជូន​ប្រជាពលរដ្ឋ និង​រួមចំណែក​ការអភិវឌ្ឍន៍​សង្គម​ប្រកបដោយ​ចីរភាព​៕​

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close