អាជ្ញាធរ​ជាតិ​អប្សរា បណ្ដុះបណ្ដាល​អ្នក​បន្តវេន​ថែរក្សា​អង្គរ​

​ខេត្តសៀមរាប​៖ អង្គរ ជា​ដួងព្រលឹង​និង​អត្តសញ្ញាណ​ជាតិ បាន​ក្លាយជា​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​នៃ​មនុស្សជាតិ​របស់​អង្គការ​យូណេស្កូ​នៅ​ឆ្នាំ​១៩៩២​។ តាំងពី​ពេល​នោះមក​រហូតដល់​បច្ចុប្បន្ន ក្រៅតែពី​កិច្ចការ​អភិរក្ស​និង​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​តំបន់​អង្គរ ការបណ្តុះបណ្តាល​អ្នក​ប​ន្ត​វេន​ថែរក្សា​អង្គរ​ត្រូវបាន​ចាត់ទុកជា​កិច្ចការ​អាទិភាព​យ៉ាងសំខាន់​។

​ក្នុងន័យនេះ ស្រប​នឹង​ការអបអរសាទរ​ទិវា​វប្បធម៌​ជាតិ ៣​មីនា លើក​ទី​២៣ ក្រោម​ប្រធានបទ​យុវជន​ដើម្បី​វប្បធម៌​ជាតិ អាជ្ញាធរ​ជាតិ​អប្សរា​សូម​រំលេច​នូវ​ការងារ​របស់​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​អង្គរ ដែលជា​ផ្នែក​មួយ​ដើរតួ​យ៉ាងសំខាន់​ក្នុងការ​បណ្ដុះបណ្ដាល ពង្រឹង​ចំណេះដឹង​ដល់​ធនធាន​យុវជន​ជំនាន់​ក្រោយ ទាក់ទង​នឹង​កិច្ចការ​អភិរក្ស ការអភិវឌ្ឍន៍ ទំនៀមទម្លាប់ ប្រពៃណី សាសនា របកគំហើញ​ថ្មីៗ ដែល​ស្ថិតក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​។ ជាក់ស្តែង ក្នុង​ឆ្នាំ​២០២០ មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​អង្គរ​បានរៀបចំ​វគ្គ​បណ្តុះបណ្តាល​ចំនួន​១៨​វគ្គ ក្នុងន័យ​ចែករំលែក​បទពិសោធន៍ ក៏ដូចជា​ផ្ទេរ​ចំណេះដឹង​ពី​អ្នកចេះ​ច្រើន ដល់​អ្នកចេះ​តិច ដើម្បី​និរន្តរភាព​អ្នក​បន្ដវេន​។

​វគ្គ​បណ្ដុះបណ្ដាល​ទាំងនោះ​រួមមាន​ប្រធានបទ​ទាក់ទង​នឹង​វិស័យ​បេតិកភណ្ឌ ការអភិរក្ស ប្រវត្តិសាស្ដ្រ ទំនៀមទម្លាប់ សាសនា ក៏ដូចជា​ការរកឃើញ​របក​គំ​ហើយ​ថ្មីៗ​ដែលមាន​នៅក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​ដោយ​ការចូលរួម​ពី​ថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិក និង​សាធារណៈជន​ជា​សិក្ខាកាម​សរុប​ប្រមាណ ៧១៥​នាក់​។​

​បន្ថែម​ពី​នោះ មជ្ឈមណ្ឌល​នេះ​បានរៀបចំ​បាឋកថា ដែលមាន​វាគ្មិន​ជាច្រើនរូប​ចូលរួម និង​បាន​ចែករំលែក​ចំណេះដឹង បទពិសោធន៍​ដល់​មន្ត្រី បុគ្គលិក​អាជ្ញាធរ​ជាតិ​អប្សរា មគ្គុទ្ទេសក៍ សាធារណៈជន និង​អ្នកស្រាវជ្រាវ​ដែល​កំពុង​បំពេញភារកិច្ច​ក្នុង​តំបន់​អង្គរ​បាន​ចំនួន ៤​បាឋកថា សរុប​មាន​សិក្ខាកាម​ចំនួន ២០០​នាក់​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close