ឯកឧត្តម នេត្រ ភក្ត្រា​៖ មាន​៧​ចំណុច​សំខាន់ៗ​នៃ​ការធ្វើ​យុទ្ធនាការ​អន្ទាក់​សូន្យ​

ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន មុន​មួយថ្ងៃ​នៃ​យុទ្ធនាការ​អន្ទាក់​សូន្យ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ខេត្តស្ទឹងត្រែង​ស្អែក​នេះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន បានលើកឡើង​នូវ​ចំណុច​សំខាន់ៗ​ចំនួន​៧ ដែលជា​ការរំពឹងទុក​ក្នុង​យុទ្ធនាការ​អន្ទាក់​សូន្យ ដឹកនាំ​ដោយ​ក្រសួងបរិស្ថាន និង​អង្គការ​ដៃគូ​សហការ​។



សន្និសីទ​សារព័ត៌មាន​ដែល​ប្រព្រឹត្តឡើង​នៅ​មន្ទីរ​បរិស្ថាន​ខេត្តស្ទឹងត្រែង កាលពី​រសៀល​ថ្ងៃទី​០៦ ខែមេសា ឆ្នាំ​២០២២ ក៏មាន​ការចូលរួម​ពី​លោក ស្រេង ជា​ហេង ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត និង​អង្គការ​ដៃគូ​រួមមាន លោក សេង ទៀក នាយក​អង្គការ WWF លោកស្រី ហ៊ូ កល្យាណ នាយ​កា​អង្គការ​រី​ខូ​ហ្វ (RECOFTC) ប្រចាំ​កម្ពុជា កញ្ញា សុ​ត ដូ​រី តំណាង​គម្រោង​ព្រៃ​ឡង់​បៃតង លោក​ទុយ សេរី​វ​ឌ្ឍ​នា នាយក​កម្មវិធី​នៃ​អង្គការ Wild Earth Allies Cambodia កញ្ញា សិ​ដ្ឋ សុភ័ក្ត្រ តំណាង​អង្គការ CI ព្រមទាំង​លោក លោកស្រី ជា​មន្ត្រី​ឱ្យ​ឱវាទ​ក្រសួងបរិស្ថាន អង្គការ​ដៃគូ និង​អ្នកសារព័ត៌មាន​ជាតិ​ជាច្រើនរូប​ទៀត​។​

​ឆ្លើយ​ទៅនឹង​សំណួរ​របស់​អ្នកសារព័ត៌មាន ឯកឧត្តម នេត្រ ភក្ត្រា បាន​សង្ខេប​នូវ​ចំណុច​សំខាន់ៗ​ទាំង​៧ ដែលជា​ការរំពឹងទុក​របស់​ក្រសួងបរិស្ថាន ក៏ដូចជា​អង្គការ​ដៃគូ ក្នុង​ក្របខ័ណ្ឌ​នៃ​យុទ្ធនាការ​អន្ទាក់​សូន្យ ក្នុង​តំបន់ការពារធម្មជាតិ​រយៈពេល​៦​ខែ (​មីនា​-​តុលា​) រួមមាន​៖
ទី​១)​សាធារណជន​នឹង​ដឹង​អំពី​ផលប៉ះពាល់​ជា​អវិជ្ជមាន​នៃ​អន្ទាក់​ទៅលើ​ជីវិត​សត្វព្រៃ ហើយ​អន្ទាក់​នេះ​មិនមែន​ប៉ះពាល់​ទៅដល់​ជីវិត​សត្វព្រៃ​ទេ ប៉ុន្តែ​ក៏​អាច​គ្រោះថ្នាក់​ដល់​មនុស្ស​ដែរ
ទី​២)​ដើម្បីឱ្យ​សាធារណជន​បានដឹងថា ការបរិភោគ​សាច់សត្វ​ព្រៃ គឺជា​ការលើកទឹកចិត្ត​ទៅដល់​ព្រានព្រៃ​បន្ត​ដាក់​អន្ទាក់ បន្ត​បរបាញ់ បន្ត​កែច្នៃ​អន្ទាក់​ដែល​កាន់​តែមាន​លក្ខណៈ​គ្រោះថ្នាក់​ឡើង ដូចជា​អន្ទាក់​វាយបំបាក់​ស្មងជើង អន្ទាក់​ឆក់ ជាដើម
ទី​៣)​ដើម្បី​ពញ្ញាក់​ស្មារតី​ឱ្យ​អ្នក​ដែល​ចូលចិត្ត​ហូប​សាច់​សត្វព្រៃ ត្រូវ​ពិចារណា​ថាបើ​គ្មាន​តម្រូវការ​ទេ ក៏​គ្មាន​ការផ្គត់ផ្គង់​ដែរ ទី​៤)​ដើម្បី​អប់រំ​ជារួម​ថា ប្រភេទ​សត្វព្រៃ​ដែល​ចាប់បាន​យកទៅលក់ ឬ​បរិភោគ បាន​តម្លៃ​តិចតួច​ទេ ប៉ុន្តែ​បើ​ទុក​សត្វ​មួយ​ក្បាល​នេះ ឱ្យ​រស់នៅ​ក្នុងព្រៃ វា​នឹងមាន​តម្លៃ​ជា​មហាសាល​សម្រាប់​ជីវៈចម្រុះ​របស់​យើង សម្រាប់​វិទ្យាសាស្ត្រ ការសិក្សា ចំណេះដឹង រាប់​ជំនាន់​ត​ទៅមុខទៀត
ទី​៥)​នៅក្នុង​ក្របខ័ណ្ឌ​ច្បាប់​ដើម្បីឱ្យ​យើង​ពិនិត្យថា តើ​បញ្ហា​អ្វីដែល​នាំ​នៅតែ​បន្ត​កើត​មាននូវ​ការដាក់​អន្ទាក់ តើ​ស្ថានភាព​ហ្នឹង​យើង​អាច​គួរ​ពិនិត្យ​ទៅលើ​ច្បាប់ ឬ​លក្ខខណ្ឌ​បន្ថែមទៀត​ទេ ដើម្បី​យើង​អាចឈាន​ទៅដល់​ការទប់ស្កាត់​បាន ឬ​កាត់បន្ថយ​ឱ្យបាន​ច្រើន​បំផុត​ចំពោះ​សកម្មភាព​ទាំងឡាយ ហើយ​ជាការ​មួយ​ព្រមាន​ទៅដល់​ជន​ទាំងឡាយ​ដែល​ប្រព្រឹត្ត​បទល្មើស​ឱ្យ​រាងចាល
ទី​៦)​ដើម្បី​ឱ្យដឹងថា ការបរិភោគ​សាច់សត្វ មិនមាន​ផលប្រយោជន៍​អ្វី​ដល់​សុខភាព​ទេ វិទ្យាសាស្ត្រ​ក៏​មិនមាន​ការបញ្ជាក់​ណាមួយ​ដែល​សាច់ ឬ​ឆ្អឹង​សត្វ​ណាមួយ​ដែល​អាច​ព្យាបាល​ជំងឺ​បាន​នោះទេ
​ទី​៧)​លើកទឹកចិត្ត​ឱ្យ​គ្រប់ភាគី​ទាំងអស់ រួមគ្នា​ក្នុងការ​ទប់ស្កាត់ និង​បដិសេធ​កុំ​ឱ្យមាន​អន្ទាក់ បើទោះបីជា​យើង​ដឹងថា ប្រពៃណី​របស់​យើង​ពីមុនមក​ក៏ដោយ ប៉ុន្តែ​យើង​ខិតខំ​ប្រឹងប្រែង​ក្នុងការ​ផ្តល់​ជម្រើស​ថ្មី ហើយ​ត្រូវ​រក្សាទុក​សត្វព្រៃ​នៅក្នុង​ព្រៃ​នេះ ដែលមាន​ប្រយោជន៍​សំខាន់ មិនមែន​ត្រឹមតែ​ជីវៈចម្រុះ ប៉ុន្តែ​វា​ជា​ផ្នែក​មួយ​ដែល​អាច​ទាក់ទាញ​ជា​ចំណូល​បាន​ពី​វិស័យ​ទេសចរណ៍​ដែលជា​ប្រភព​មិនចេះ​រីងស្ងួត ជា​ប្រភព​ថវិកា​សម្រាប់​សហគម​ន៍​ដែល​រស់នៅក្នុង​តំបន់ការពារធម្មជាតិ​ផងដែរ​។​

​ឯកឧត្តម​រដ្ឋលេខាធិកា​រ បាន​រម្លឹក​ឱ្យដឹងថា នៅក្នុង​រយៈពេល​ប្រមាណ​ជិត​១០​ឆ្នាំ​ចុង​ក្រោយនេះ ជាមួយនឹង​ការបង្កើត​ច្បាប់ ការអប់រំ ផ្សព្វ​ផ្សាយបាន​ទូលំទូលាយ ព្រមទាំង​ការអភិរក្ស​ធនធានធម្មជាតិ មាន​ភាពល្អប្រសើរ តាម​ការសង្កេត និង​សិក្សា បាន​បង្ហាញថា ប្រភេទ​សត្វព្រៃ​មួយចំនួន​រក្សាបាន​នូវ​ស្ថេរភាព ប្រភេទ​សត្វ​ខ្លះ​មានការ​កើនឡើង និង​ខ្លះទៀត​មានការ​ធ្លាក់​ចុ​។

ប្រភេទ​សត្វ​ដែលមាន​ស្ថេរភាព និង​ប្រភេទ​សត្វ​ដែលមាន​ការកើនឡើង គឺជា​ប្រភេទ​សត្វ​ដែល​រកស៊ី​នៅលើ​ដើមឈើ ឬ​ប្រភេទ​សត្វ​ស្លាប​។ ប៉ុន្តែ​ប្រភេទ​សត្វ​ដែលមាន​ការធ្លាក់ចុះ គឺជា​ប្រភេទ​សត្វ​ដែលមាន​ម្រាមជើង​ចំ​ពាម រកស៊ី​លើដី ដែល​សំដៅលើ​សត្វ​ជើង​បួន ដូចជា សត្វ​ខ្ទីង ទន្សោង ឈ្លូស ប្រើស រមាំង ក្តាន់ ជាដើម ដែល​ប្រឈម​ខ្លាំង​ជាមួយនឹង​អន្ទាក់ ហើយ​នេះ​ជា​បញ្ហា​មួយ​ដែល​យើង​ប្រឈម​នៅ​ចំពោះមុខ​។ នៅក្នុង​១​ឆ្នាំ យ៉ាងហោចណាស់​ក៏​អន្ទាក់​ប្រមាណ​ជាង​៤​ម៉ឺន​អន្ទាក់ ត្រូវបាន​ដោះចេញ​ពី​តំបន់ការពារធម្មជាតិ​។ ជាក់ស្តែង នៅ​ឆ្នាំ​២០២១​កន្លងទៅនេះ ប្រមាណ​ជាង​៦​ម៉ឺន​អន្ទាក់ ត្រូវបាន​ដោះចេញ​ពី​តំបន់ការពារធម្មជាតិ​។ ប៉ុន្តែ​ទោះជា​យ៉ាងណា នៅក្នុង​ស្ថានភាព​សត្វព្រៃ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​នាពេល​បច្ចុប្បន្ន ជាមួយនឹង​ការងារ​អភិរក្ស​មាន​ភាពល្អប្រសើ​រ តំបន់ការពារធម្មជាតិ​របស់​យើង​មួយចំនួន យើង​បាន​ការពារ​បានល្អ គឺ​ធ្វើឱ្យ​ជម្រក​របស់​សត្វព្រៃ​កាន់​តែមាន​សុវត្ថិភាព មាន​ប្រភព​អាហារ និង​ប្រភពទឹក​។ ឥឡូវនេះ យើង​ធ្វើ​យុទ្ធនាការ​អន្ទាក់​សូន្យ គឺ​ដើម្បី​ធ្វើឱ្យ​តំបន់​នៃ​ជម្រក​សត្វព្រៃ​កាន់​តែមាន​សុវត្ថិភាព និងរ​ស់សុខសាន្ត​ថែមទៀត​។​

​ឆ្លៀត​ក្នុងឱកាស​នេះដែរ ឯកឧត្តម នេត្រ ភក្ត្រា បាន​អំពាវនាវ​ថា​៖ «​យើងខ្ញុំ​សូម​អំពាវនាវ​យ៉ាងទទូច​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​នៅក្នុង​ប្រទេស​កម្ពុជា ឱ្យ​និយាយថា​ទេ​ចំពោះ​សាច់សត្វ​ព្រៃ និង​ចូលរួម​ក្នុង​សកម្មភាព​អភិរក្ស​ធនធានធម្មជាតិ​របស់​ព្រះរាជាណាចក្រ​កម្ពុជា​ឱ្យនៅ​ស្ថិតស្ថេរ​គង់វង្ស​»​។​

​គួរបញ្ជាក់​ឱ្យដឹងថា ការប្រកាស​បើក​ជា​ផ្លូវការ​កាលពី​ថ្ងៃទី​០៣ ខែមីនា ឆ្នាំ​២០២២ យុទ្ធនាការ​អន្ទាក់​សូន្យ​ក្នុង​តំបន់ការពារធម្មជាតិ បានចាប់ផ្តើម​បើក​យុទ្ធនាការ​របស់ខ្លួន​នៅតាម​បណ្តា​ខេត្ត​គោលដៅ​ដែល​ក្នុងនោះ ខេត្តស្ទឹងត្រែង​គឺជា​ខេត្ត​ទី​១ នៃ​ការធ្វើ​យុទ្ធនាការ​នេះ ទី​២)​ខេត្តក្រចេះ ទី​៣)​ខេត្ត​មណ្ឌល​គី​រី ទី​៤)​ខេត្តរតនគិរី ទី​៥)​ខេត្តព្រះវិហារ និង​ទី​៦)​ខេត្តកំពង់ធំ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close