ក្រសួងទេសចរណ៍ បើក​វគ្គ​វិ​ក្រឹ​ត​ការ​ពិសេស​មគ្គុទ្ទេសក៍​ទេសចរណ៍ តំបន់​សៀមរាប​-​អង្គរ

​ក្រសួងទេសចរណ៍ សហការ​ជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា មន្ទីរ​ទេសចរណ៍​ខេត្តសៀមរាប កាលពី​ថ្ងៃទី​៧ ខែមិថុនា ឆ្នាំ​២០២២ បានរៀបចំ​ពិធី​បើក​វគ្គ​វិ​ក្រឹ​ត​ការ​ពិ​សេសម​គ្គុ​ទេ្ទ​សក៍​ទេសចរណ៍ តំបន់​សៀមរាប​-​អង្គរ ក្រោម​អធិបតីភាព ឯកឧត្ដម ប៉ាក់ សុខុម រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្ដម​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​ឯកឧត្ដម​បណ្ឌិត ហង់ ពៅ អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា​។​

​វគ្គ​វិ​ក្រឹ​ត​ការ​ពិសេស​នេះ មាន​សិក្ខាកាម​ជា​មគ្គុទ្ទេសក៍​ទេសចរណ៍​ចូលរួម​សរុប ចំនួន​៦៥​នាក់ សិក្សា​រយៈពេល ១០​ថ្ងៃ ចាប់ពី​ថ្ងៃទី​០៧ ដល់​ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០២២ នៅ​អាជ្ញាធរ​ជាតិ​អប្សរា​។​

​ឯកឧត្តម ប៉ាក់ សុខុម បាន​មានប្រសាសន៍ថា វគ្គ​វិ​ក្រឹ​ត​ការ​ពិសេស​មគ្គុទ្ទេសក៍​ទេសចរណ៍ តំបន់​សៀមរាប​-​អង្គរ នេះ ពិត​ជាមាន​សារៈសំខាន់​ណាស់​សម្រាប់​ផ្តល់​ចំណេះដឹង​ថ្មីៗ​បន្ថែមទៀត​ដល់​មគ្គុទ្ទេសក៍​ទេសចរណ៍​របស់​យើង​សម្រាប់​ត្រៀម​ទទួល​ភ្ញៀវទេសចរ​ជាថ្មី​មក​ទស្សនា​សៀមរាប​-​អង្គរ បន្ទាប់ពី​ជំងឺ​កូ​វីដ​១៩ មាន​ភាពស្ងប់ស្ងាត់​ធូរស្រាល ហើយ​ឯកឧត្តម​រដ្ឋលេខាធិកា​រ​បាន​ផ្តាំ​ផ្ញើឱ្យ​សិក្ខាកាម​ទាំងអស់​ត្រូវ​យកចិត្តទុកដាក់ និង​ខិតខំ​ក្រេប​យកចំណេះ​ដឹង​ថ្មីៗ​តាមរយៈ​វគ្គ​វិ​ក្រិត​ការ​នេះ​។​

​ឯកឧត្ដម​បណ្ឌិត ហង់ ពៅ អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា បាន​មានប្រសាសន៍ថា វគ្គ​វិ​ក្រិត​ការ​នេះ​ក្នុង​គោលបំណង​ចម្បង​ចំនួន​២ គឺ ទី​១ ចែករំលែក​ចំណេះដឹង និង​ណែនាំ​ផលិតផល​ទេ​ចរណ៍​ថ្មីៗ​នៅ​តំបន់​សៀមរាប​-​អង្គរ ទៅដល់​មគ្គុទ្ទេសក៍​ទេសចរណ៍ ព្រោះថា​មគ្គុទ្ទេសក៍​ទេសចរណ៍​អាច​ត្រូវ​ចាត់ទុកថា​ជា​ទូត​ដែលមាន​ឥទ្ធិពល​ខ្លាំង​បំផុត ដើម្បី​ផ្សព្វផ្សាយ​ពី​របកគំហើញ​ថ្មីៗ​នៃ​ការស្រាវជ្រាវ និង​សមិទ្ធផល​ការងារ​ថ្មីៗ វប្បធម៌​ខ្មែរ​ក្នុងការ​បញ្ជាក់​ពី​តម្លៃពិត​របស់​តំបន់​រមណីយដ្ឋាន​អង្គរ​។ ទី​២ ចង់ឱ្យ​អ្នក​មគ្គុទ្ទេសក៍​ទេសចរណ៍​សហការ​ជាមួយ​ភ្នាក់ងារទេសចរណ៍​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​តាមរយៈ​ការគ្រប់គ្រង​ភ្ញៀវទេសចរ​តាមបែប​គន្លង​ថ្មី នៅ​តំបន់​អង្គរ​ក្រោយ​សម័យ​កូ​វីដ​។​

​អាជ្ញាធរ​ជាតិ​អប្សរា ក្នុង​រយៈពេល​ស្ថិតនៅក្នុង​បរិបទ​ការរីក​រាលដាល​ជា​សាកល​នៃ​ជំងឺ​កូ​វីដ​១៩ បាន​កែលម្អ​សោភ័ណភាព​នៅ​បរិវេណ​ប្រាសាទ​សំខាន់ៗ​នៅក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ ពិសេស ពង្រីក​ការងារ​ស្រាវជ្រាវ​លើ​វិស័យ​បេតិកភណ្ឌ ដែលជា​ចំណុច​សំខាន់ ដែល​អាច​ផ្តល់​ជា​ចំណេះដឹង​បន្ថែម​ដល់​មគ្គុទ្ទេសក៍ ដើម្បីឱ្យ​មគ្គុទ្ទេសក៍​ដែលជា​អ្នក​នាំសារ​សំខាន់​ក្នុងការ​ផ្តល់ជូន​ភ្ញៀវទេសចរ​ឱ្យ​យល់​ពី​តម្លៃ​អង្គរ និង​វប្បធម៌​ខ្មែរ ទទួលបាន​ព័ត៌មាន​ជាក់លាក់​ពិតប្រាកដ​ពី​អង្គរ​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close