ក្រសួងអប់រំ ធ្វើកំណែទម្រង់ស៊ីជម្រៅ៤ចំណុច ដើម្បីលើកកម្ពស់ឆ្ពោះទៅ ស៊ីហ្គេម ២០២៣
ឯកឧត្តមបណ្ឌិត ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាមានប្រសាសន៍ថា ក្រសួងបានរៀបចំគោលនយោបាយកីឡាជាតិ ស្តីពីការអភិវឌ្ឍវិស័យអប់រំកាយ និងកីឡា និងបានធ្វើកំណែទម្រង់ស៊ីជម្រៅការងារអប់រំកាយ និងកីឡា ៤ចំណុច ដើម្បីលើកកម្ពស់វិស័យកីឡាឆ្ពោះទៅធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ឆ្នាំ២០២៣។
នេះជាប្រសាសន៍របស់ឯកឧត្តមបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី នៅក្នុងឱកាសបើកការប្រកួតជាផ្លូវការការប្រកួតកីឡានិស្សិតឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសថ្នាក់ជាតិ នៅសាលសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នៅរសៀលថ្ងៃទី២២ មិថុនា ឆ្នាំ២០២២នេះ។
៤ចំណុចសំខាន់ៗ ដែលឯកឧត្តមបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីគូសបញ្ជាក់នេះ រួមមាន៖ ១.ការជួសជុលកែលម្អរ និងកសាងហេដ្ឋារចនាសម្ព័ន្ធកីឡា ២. ការបណ្តុះបណ្តាលធនធានមនុស្ស ៣. ការកែលម្អរចនាសម្ព័ន្ធនៃការប្រកួត ៤. ការពង្រឹងសហព័ន្ធកីឡាជាតិ។
មិនតែប៉ុណ្ណោះក្រសួងអប់រំ យុវជន និងកីឡាក៏បានដាក់នូវកំណែទម្រង់ការប្រកួតកីឡាគ្រប់កម្រិតក្នុងការរៀបចំឱ្យមានគុណភាពមានលក្ខណៈជាហ្គេមដូចជា៖ ១-ការប្រកួតកីឡាសិស្សមធ្យមសិក្សាជ្រើសរើសជើងឯកប្រចាំឆ្នាំ៤ប្រភេទកីឡាមកជាការប្រកួតកីឡាសិស្សមធ្យមសិក្សាថ្នាក់ជាតិមានជាលក្ខណៈហ្គេម (National School GAMES) ស្របតាមការប្រកួតកីឡាសិស្សអាស៊ាន (ASEAN School GAMES)។ ២-ការប្រកួតកីឡាឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេស ជ្រើសរើសជើងឯកប្រចាំឆ្នាំ ៤ប្រភេទកីឡាមកជាការប្រកួតកីឡាឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេស មានជាលក្ខណៈហ្គេម (National University GAMES) ស្របតាមការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ាន (ASEAN University GAMES) និងការប្រកួតកីឡាសាកលវិទ្យាល័យពិភពលោករដូវក្តៅ (World Summer University Games)។
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន មានប្រសាសន៍ទៀតថា «ចំពោះកីឡាករ កីឡាការិនី ដែលមានទេពកោសល្យនឹងក្លាយជាកីឡាករ កីឡាការិនី សម្រាប់សហព័ន្ធកីឡាសិស្សនិស្សិតកម្ពុជា ហើយក៏ក្លាយជាកីឡាករ កីឡាការិនីសិស្សនិស្សិតតំណាងឱ្យកម្ពុជា ក្នុងការបន្តហ្វឹកហាត់ ដើម្បីត្រៀមលក្ខណៈចូលរួមការប្រកួតកីឡាសិស្សអាស៊ាន និងប្រកួតកីឡាសាកលវិទ្យាល័យអាស៊ាន ជាពិសេសបន្តការហ្វឹកហាត់ទាំងបច្ចេកទេស និងកាយសម្បទា ឆ្ពោះទៅស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នាពេលដ៏ខ្លីខាងមុខ»។
បើតាមការបញ្ជាក់របស់លោក ហួត សេងទ្រី ប្រធានយកដ្ឋានរៀបចំ និងគ្រប់គ្រងព្រឹត្តិការណ៍កីឡានៃក្រសួងអប់រំ យុវជន និងកីឡាបានឲ្យដឹងថា ការប្រកួតនេះដំណើរការពីថ្ងៃទី២១ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ ដោយមានប្រតិភូ កីឡាករ កីឡាការិនីសរុប ១៤៤៣នាក់មកពីមានគ្រឹះស្ថានឧត្តមសិស្សា និងមធ្យមសិក្សាបច្ចេកទេសសរុបចំនួន៣៨ ក្នុងនោះគ្រឹះស្ថានសិក្សាសាធារណៈចំនួន២០ និងឯកជនចំនួន១៨ និងមាន១២ ប្រភេទកីឡាស្មើនឹង ៨៨វិញ្ញាសា។
គួរបញ្ជាក់ថា ការប្រកួតថ្នាក់ជាតិនេះយើងប្រើប្រាស់ទីលានកីឡាចំនួន៥ទីតាំង គឺទីលានវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា, វិទ្យាល័យបឹងត្របែក, ពហុកីឡដ្ឋានជាតិអូឡាំពិក, មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា និងទីលានសាកលវិទ្យាល័យភូមិន្ទភ្នំពេញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។