ទឹកជំនន់ និង​បាក់​ដី សម្លាប់​មនុស្ស​ច្រើន​នាក់ នៅ​ប្រទេស​ឥណ្ឌា​

ញូ​ដេល្លី​៖ ក្រុមមន្ត្រី​បាន​និយាយថា ទឹកជំនន់ និង​ការបាក់​ដី​ដែល​បង្កឡើង​ដោយ​ភ្លៀង​មូសុង​ខ្លាំង​បានសម្លាប់​មនុស្ស​យ៉ាងហោចណាស់ ៥០ នាក់​នៅ​ភាគ​ខាងជើង និង​ភាគ​ខាងកើត​នៃ​ប្រទេស​ឥណ្ឌា ក្នុង​រយៈពេល​បី​ថ្ងៃ​ចុងក្រោយ​នេះ​។​

​ភ្លៀង​បាន​ជន់​លិច​ភូមិ​រាប់រយ​ខ្នង ដោយបាន​បោកបក់​រលំ​ផ្ទះ​អស់ ហើយ​ធ្វើឱ្យ​អ្នកស្រុក​ជាប់គាំង ខណៈ​ក្រុម​ជួយសង្គ្រោះ​បាននិងកំពុង​ប្រឹងប្រែង​ខ្លាំង ដើម្បី​ជម្លៀស​អ្នក​នៅ​រស់រានមានជីវិត​។​

​តាមពិតទៅ កាលពី​ដើមខែ​នេះ ការិយាល័យ​អាកាសធាតុ​សហព័ន្ធ​បាន​ព្យាករណ៍​ថា ប្រទេស​ឥណ្ឌា​ទំនងជា​ទទួលបាន​បរិ​មាណទឹក​ភ្លៀង​ជា​មធ្យម​ក្នុង​ខែសីហា និង​ខែកញ្ញា ដោយ​ចង្អុលបង្ហាញ​ពី​ទិន្នផល​ដំណាំ​ល្អ​សរុប​នៅក្នុង​សេដ្ឋកិច្ច​ធំ​ទី​បី​របស់​អាស៊ី ដែល​ពឹង​ផ្អែកលើ​ការធ្វើ​កសិកម្ម​ដើម្បី​បង្កើន​កំណើន និង​បង្កើត​ការងារ​។​

​ការធ្វើ​កសិកម្ម​បានរួម​ចំណែក​ប្រហែល​១៥ ភាគរយ​ដល់​សេដ្ឋកិច្ច ២.៧ ពាន់​ពាន់​លាន​ដុល្លារ​របស់​ឥណ្ឌា ខណៈពេលដែល​ទ្រទ្រង់​ប្រជាជន​ជាង​ពាក់កណ្តាល​នៃ​ចំនួន ១.៣ ពាន់​លាន​នាក់​។​

​ភ្លៀង​ធ្លាក់​ខ្លាំង អមដោយ​ការបាក់​ដី និង​ទឹកជំនន់​នៅក្នុង​រដ្ឋ​ហិ​ម៉ាឡៃ​យ៉ាន នៃ​រដ្ឋ Himachal Pradesh ក្នុង​រយៈពេល​បី​ថ្ងៃ​ចុងក្រោយ​នេះ បានសម្លាប់​មនុស្ស​យ៉ាងហោចណាស់​៣៦ នាក់​។​ ​នៅក្នុង​រដ្ឋ Uttarakhand ដែលជា​តំបន់ភ្នំ​ជិតខាង ការចេញផ្សាយ​ផ្លូវការ​របស់​រដ្ឋាភិបាល​បាន​និយាយថា មនុស្ស ៤​នាក់​បាន​ស្លាប់ និង ១៣ នាក់​កំពុង​បាត់​ខ្លួន ដោយសារ​ភ្លៀង​ធ្លាក់​ជា​បន្តបន្ទាប់ គិត​រហូតដល់​ថ្ងៃអាទិត្យ ទី​២១ សីហា​។​

​មន្ត្រី​បាន​និយាយថា នៅក្នុង​រដ្ឋ Odisha ភាគ​ខាងកើត មនុស្ស​យ៉ាងហោចណាស់ ៦​នាក់​បាន​ស្លាប់ ចំពេល​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​។ ទឹកជំនន់​បាន​ប៉ះពាល់​ដល់​មនុស្ស​ជិត 800.000 នាក់ និង​បាន​ជម្លៀស​មនុស្ស​រាប់ពាន់នាក់​ចេញពីផ្ទះ​របស់​ពួកគេ​ក្នុង​ទីក្រុង Odisha ជាមួយនឹង​ភ្លៀង​ធ្លាក់​រំខាន​ដល់​ចរន្តអគ្គិសនី និង​ការផ្គត់ផ្គង់​ទឹក និង​បំផ្លាញ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​។​ ​រដ្ឋ​បាន​ជម្លៀស​មនុស្ស​ចំនួន 120,000 នាក់ ពី​តំបន់​ដែល​រង​ផលប៉ះពាល់ រហូតមកដល់​ពេលនេះ​។​

​អាជ្ញាធរ​នៅក្នុង​ស្រុក Ramgarh នៃ​រដ្ឋ Jharkhand ភាគ​ខាងកើត​បាន​និយាយថា មនុស្ស ៥​នាក់​ត្រូវបាន​ទឹក​នាំ​ទៅដោយ​ទឹកទន្លេ Nalkari ដែល​ហើម កាលពី​ថ្ងៃ​សៅរ៍​។ មន្ត្រី​ស្រុក​នៅ Ramgarh បាន​និយាយថា សាកសព​ចំនួន ៤ នាក់​ត្រូវបាន​រកឃើញ​ហើយ រហូតមកដល់​ពេលនេះ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close