សម្តេច​តេ​ជោ ហ៊ុន សែន ទទួល​ជួបពិភាក្សា​ការងារ​ជាមួយ​ប្រធាន​មហាសន្និបាត​អង្គការសហប្រជាជាតិ និង​ជា​រដ្ឋមន្ត្រីការបរទេស នៃ​សាធារណរដ្ឋ​ម៉ា​ល់​ឌី​វ​

​នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​២២ ខែសីហា ឆ្នាំ​២០២២​នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ​ឯកឧត្តម អាប់​ឌូ​ឡា សា​ហ៊ី​ដ (Abdulla SHAHID) ប្រធាន​មហាសន្និបាត​អង្គការសហប្រជាជាតិ (​អ​.​ស​.​ប​) លើក​ទី​៧៦ និង​ជា​រដ្ឋមន្ត្រីការបរទេស នៃ​សាធារណរដ្ឋ​ម៉ា​ល់​ឌី​វ ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ នៅ​វិមាន​សន្តិភាព ។​

​ឯកឧត្តម អាប់​ឌូ​ឡា សា​ហ៊ី​ដ បាន​សំដែង​នូវ​សេចក្ដី​គោរព​ជូន​ចំពោះ​សម្ដេច​តេ​ជោ ដែល​បាន​ដឹកនាំ​កម្ពុជា ទទួលបាន​សុខសន្តិភាព និង​ស្ថិរភាព​ពេញលេញ​តាមរយៈ​នយោបាយ​ឈ្នះ​ឈ្នះ ហើយ​នយោបាយ​នេះ មិន​ទុកឱ្យ​អ្នកណាម្នាក់ នៅក្រៅ​ឆាក​ឡើយ ហើយ​មិន​នាំឱ្យ​មានការ​សងសឹក​គ្នា​ទៅវិញទៅមក​ទៅ ផ្ទុយទៅវិញ ជំរុញ​បាន​នូវ​ការធ្វើសមាហរណកម្ម​ទូទាំងប្រទេស​តែម្ដង ។​ ​ឯកឧត្តម អាប់​ឌូ​ឡា សា​ហ៊ី​ដ ក៏​សូម​សម្ដែង​នូវ​ការគោរព​ផងដែរ ចំពោះ​ការដឹកនាំ​កម្ពុជា ទទួលបាន​ការអភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស ដូច​ទីក្រុង​ភ្នំពេញ ជា​រាជធានី​មួយ​ដែល​ដូចជា​រាជធានី​នា​ប្រទេស​ដទៃទៀត ដែលជា​ប្រទេស​អភិវឌ្ឍន៍​ក្នុង​ពិភពលោក​។​

​ជាមួយគ្នា​នោះដែរ ឯកឧត្តម អាប់​ឌូ​ឡា សា​ហ៊ី​ដ ក៏បាន​សម្ដែង​នូវ​ការគោរព​ជូន​សម្ដេច​តេ​ជោ​ផងដែរ​ដែល​កម្ពុជា បាន​បញ្ជូន​កងកម្លាំង​ការពារ​សន្តិភាព​ក្រោម​ឆ័​ត្រ​អង្គការសហប្រជាជាតិ ទៅ​ប្រទេស​ជាច្រើន​នៅក្នុង​ពិភពលោក ដើម្បី​ការពារ​សន្តិភាព ។  ​ឯកឧត្តម​បាន​មានប្រសាសន៍ថា កម្ពុជា គឺជា​ប្រទេសមួយ​ដែល​ធ្លាប់​ទទួល​កងទ័ព​មួក​ខៀវ​មក​ការពារ​សន្តិភាព ប៉ុន្តែ​នៅពេលនេះ កម្ពុជា បានប្រែក្លាយ​ខ្លួន​ទៅជា​ប្រទេសមួយ ដែល​បញ្ជូន​កងទ័ពរ​បស់​ខ្លួន​ទៅ​ជួយ​រក្សា​សន្តិភាព​នៅតាម​បណ្ដា​ប្រទេស​ដទៃទៀត​ច្រើន​ក្រោម​ឆ័​ត្រ​អង្គការសហប្រជាជាតិ ដែល​នេះ​គឺជា​ចំណុច​ជោគជ័យ​ដ៏​ធំធេង និង​ជាការ​ប្រែប្រួល​ផ្លាស់ប្ដូរ​មុខមាត់​គួរ​ជាទីគោរព​មួយ​របស់​កម្ពុជា​។​

​លើសពីនោះ​ទៅទៀត ឯកឧត្តម អាប់​ឌូ​ឡា សា​ហ៊ី​ដ ក៏បាន​សម្ដែង​នូវ​ការវាយតម្លៃ​ខ្ពស់​ចំពោះ​ការដឹកនាំ​របស់​សម្តេច​តេ​ជោ ដែល​ដឹកនាំ​អាស៊ាន ឱ្យក្លាយ​ទៅជា​អង្គការ​មួយ ដែល​ទទួលបាន​នូវ​ការគោរព​កោតសរសើរ​ពី​បណ្ដា​ប្រទេស​ដទៃទៀត​ក្នុង​ពិភពលោក ហើយ​អង្គការ​នេះ​ទៀតសោត គប្បី​ណា​មានការ​រៀបចំ​ឱ្យមាន​អង្គការ​ដូច​អង្គការ​អាស៊ាន​នេះ​ទៀត​នៅក្នុង​ពិភពលោក ដើម្បី​ទទួលបាន​ការអភិវឌ្ឍ​តំបន់ ក៏ដូចជា​ទទួលបាន​នូវ​សុខសន្តិភាព និង​ស្ថិរភាព​តំបន់​ដទៃទៀត​ដែរ​។​ ​ឯកឧត្តម អាប់​ឌូ​ឡា សា​ហ៊ី​ដ ក៏បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ប្រទេស​កម្ពុជា ដែល​បាន​ប្ដេជ្ញាចិត្ត​នាំ​ប្រទេស ទៅជា​ប្រទេស​មាន​ប្រាក់ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ នឹង​ក្លាយទៅជា​ប្រទេស​ដែលមាន​ប្រាក់ចំណូល​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៥០​។

​ជាមួយគ្នា​នោះដែរ ឯកឧត្តម អាប់​ឌូ​ឡា សា​ហ៊ី​ដ បាន​សង្កេតឃើញ​ពី​សក្កដានុពល​នៅ​កម្ពុជា ដែល​ប្រទេស​ម៉ា​ល់​ឌី​វ និង​កម្ពុជា អាចធ្វើ​កិច្ចសហប្រតិបត្តិការ​គ្នា ជាពិសេស លើ​វិស័យ​ពាណិជ្ជកម្ម​។ ឯកឧត្តម បាន​មានប្រសាសន៍ថា ប្រទេស​កម្ពុជា មាន​ប្រភព​ចំណីអាហារ​ដែល​អាច​នាំចេញ​ទៅ​ប្រទេស​ម៉ា​ល់​ឌី​វ ក្នុងន័យនេះ ឯកឧត្តម គោរព​ជម្រាបជូន​សម្ដេច​តេ​ជោ​ថា នឹង​សហការ​ជាមួយ​ក្រសួងការបរទេស​កម្ពុ​ជា និង​ជំរុញ​អ្នកវិនិយោគ​ម៉ា​ឌី​វ ឱ្យ​ពិនិត្យមើល​ការវិនិយោគ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ជំរុញ​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពី កិច្ចសហប្រតិបត្តិការ​វិស័យសេដ្ឋកិច្ច​រវាង​ប្រទេស​ទាំងពីរ ឲ្យ​កាន់តែ​ធំធាត់​ឡើង​ថែមទៀត ។​

​ជាការ​ឆ្លើយតប សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងអំណរគុណ ឯកឧត្តម អាប់​ឌូ​ឡា សា​ហ៊ី​ដ ចំពោះ​ការលើកឡើង​ដ៏​ល្អ​អំពី​កម្ពុជា ហើយ​បាន​សុំ​ឲ្យ​ឯកឧត្ដម ដែលជា​រដ្ឋមន្ត្រីក្រសួង​ការបរទេស​ប្រទេស​ម៉ា​ល់​ឌី​វ​ផង ជួយ​ជម្រុញ​អ្នកវិនិយោគ​ពិនិត្យមើល​សក្កដានុពល​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ធ្វើយ៉ាងណា ជំរុញ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ ឲ្យ​កាន់តែ​ធំធាត់​ឡើង ។​

​ជាមួយគ្នានេះដែរ សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ជម្រាបជូន​ឯកឧត្តម អាប់​ឌូ​ឡា សា​ហ៊ី​ដ អំពី​ភាពអនុគ្រោះ​នៃ​ការវិនិយោគ​នៅ​កម្ពុជា ជាពិសេស នៅលើ​វិស័យ​កសិកម្ម​។ សម្ដេច​បាន​មានប្រសាសន៍ថា កម្ពុជា បានអនុញ្ញាត​ឱ្យ​ជនបរទេស​មក​បណ្ដាក់​ទុន​១០០% ជាពិសេស នៅក្នុង​ការដាក់ទុន​លើ​វិស័យ​កសិកម្ម ដូចជា​ការដាក់​ម៉ាស៊ីនកិនស្រូវ​, ការវិនិយោគ​ទៅលើ​ឃ្លាំង​ស្តុក​ស្រូវ និង​ការប្រមូល​ទិញស្រូវ​ផ្ទាល់​ពី​កសិករ ដើម្បី​កិន ហើយ​សម្រាប់​នាំចេញ​ទៅ​ប្រទេស​ដទៃ​។ ក្នុងន័យនេះ សម្ដេច​តេ​ជោ នាយករដ្ឋមន្ត្រី បានស្នើ​សុំឱ្យ​ឯកឧត្តម លើកទឹកចិត្ត​ឱ្យ​អ្នកវិនិយោគ​ម៉ា​ល់​ឌី​វ ពិនិត្យ​លើ​ការវិនិយោគ​លើ​កសិផល​ស្រូវ​-​អង្ករ សម្រាប់​ការនាំ​ចេញទៅ​ប្រទេស​ម៉ា​ឌី​វ​ផ្ទាល់ ៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close