​ក្រសួងពាណិជ្ជកម្ម នឹង​ចាប់ផ្តើម​ការចរចា​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​រវាង​កម្ពុជា និង​អេ​មី​រ៉ា​ត​អារ៉ាប់​រួម​

​ភ្នំពេញ​៖ នា​ថ្ងៃទី​០៥ ខែតុលា ឆ្នាំ​២០២២ លោកជំទាវ តឹក​រ៉េត កំរង រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម តំណាង ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​ដឹកនាំ​កិច្ចប្រជុំ​អន្តរក្រសួង ដើម្បី​ត្រៀមលក្ខណៈ​ចូលរួម​នៅក្នុង​ពិធី​សម្ភោ​ធ និង​ការចាប់ផ្តើម​ចរចា​លើ​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ (Comprehensive Economic Partnership Agreement – CEPA) រវាង​កម្ពុជា និង​អេ​មី​រ៉ា​ត​អារ៉ាប់​រួម ដោយមាន​ការចូលរួម​ពី​តំណាង​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​ប្រមាណ ៦៥ រូប​។​

​ជា​កិច្ច​ចាប់ផ្តើម លោកជំទាវ​រដ្ឋលេខាធិកា​រ បាន​ជម្រាបជូន​អង្គប្រជុំ​អំពី​ទំនាក់ទំនង​សេដ្ឋកិច្ច​-​ពាណិជ្ជកម្ម និង​វិនិយោគ រវាង​កម្ពុជា​-​អេ​មី​រ៉ា​ត​អារ៉ាប់​រួម ក៏ដូចជា​អត្ថប្រយោជន៍ និង​កាលានុវត្តន៍​ភាព​សម្រាប់​វិស័យ​សំខាន់ៗ​ទាំងនេះ នៃ​កិច្ចព្រមព្រៀង CEPA រវាង​កម្ពុជា និង​អេ​មី​រ៉ា​ត​អារ៉ាប់​រួម ដែលជា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី សំដៅ​ពង្រីក និង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​លើ​គ្រប់​វិស័យ ជាពិសេស​វិនិយោគ និង​ពាណិជ្ជកម្ម ឌី​ជី​ថ​លូ​ប​នីយកម្ម និង​វិស័យ​សំខាន់ៗ​ផ្សេងទៀត ឱ្យ​កាន់តែ​ល្អប្រសើរ​ថែមទៀត​។​

​ក្នុងឱកាស​នោះដែរ អង្គប្រជុំ​ក៏បាន​ចែករំលែក និង​ផ្លាស់ប្តូរ​ជូន​គ្នា​ទៅវិញទៅមក​នូវ​បទពិសោធន៍ និង​ឧ​ត្ត​មា​នុ​វត្ត​ន៍​ពាក់ព័ន្ធ​នានា​ក្នង​ការចរចា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី ទាំង​ក្នុង​ក្របខ័ណ្ឌ​ពហុភាគី និង​ទ្វេភាគី ដើម្បី​ជា​ធាតុ​ចូល​សម្រាប់​ក្រុមការងារ​ជំនាញ​តាម​ក្រសួង​-​ស្ថាប័ន​នីមួយៗ អាច​យកទៅអនុវត្ត​ក្នុងការ​ពិនិត្យ​លទ្ធភាព​ចរចា​បង្កើត​កិច្ចព្រមព្រៀង CEPA នាពេលខាងមុខ​។​

​លោកជំទាវ​រដ្ឋលេខាធិកា​រ ក៏បាន​ជំរុញ​ឱ្យ​ក្រុមការងារ​ជំនាញ​តាម​ក្រសួង​-​ស្ថាប័ន​នីមួយៗ បន្តធ្វើ​ការសិក្សា​ស្រាវជ្រាវ​ឱ្យបាន​លម្អិត​អំពី​កាលានុវត្តភាព​ផ្នែក​សេដ្ឋកិច្ច​, បញ្ហា​ប្រឈម និង​យុទ្ធសាស្ត្រ​នានា ក្នុងការ​ទាញយក​អត្ថប្រយោជន៍​សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​លើ​វិស័យ​ពាក់ព័ន្ធ ឱ្យ​បានជា​អតិបរមា ពី​កិច្ចព្រមព្រៀង CEPA នេះ ព្រមទាំង​រៀបចំ​ផែនការ​ក្នុង​ដំណើរ​ការចរចា​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​។​

​នៅ​កិច្ចបញ្ចប់ អង្គប្រជុំ​បានបង្ហាញ​នូវ​សុទិដ្ឋិនិយម លើ​អត្ថប្រយោជន៍​សេដ្ឋកិច្ច ដែល​អាច​ទទួលបាន​ពី​ការបង្កើត​កិច្ចព្រមព្រៀង និង​ចាប់ផ្តើម​ការចរចា​កិច្ចព្រមព្រៀង CEPA រវាង​កម្ពុជា និង​អេ​មី​រ៉ា​ត​អារ៉ាប់​រួម​នេះ សំដៅ​បន្តធ្វើ​ពិពិធ​កម្ម​ទីផ្សារ​, បង្កើត​កាលានុវត្តភាព​ពាណិជ្ជក​ម្ម​ថ្មីៗ និង​ទាក់ទាញ​ការវិនិយោគ​ផ្ទាល់​បរទេស ឱ្យ​កាន់តែច្រើន​បន្ថែមទៀត ក្នុង​បុព្វហេតុ​បន្ត​លើកកម្ពស់​កំណើនសេដ្ឋកិច្ច​ជាតិ ប្រកបដោយ​បរិ​យា​ប័ន្ន និង​ចីរភាព​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close