១១​ខែ ឆ្នាំនេះ​! ទំហំ​ពាណិជ្ជកម្ម​កម្ពុជា​-​អន្តរជាតិ សម្រេចបាន​ជាង ៤៣​ពាន់​លាន​ដុល្លារ ខណៈ​ការនាំចេញ​២១​ពាន់​លាន​ដុល្លារ កើនឡើង ៤.០៨%

​លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម នៅ​ថ្ងៃទី​២១ ខែធ្នូ ឆ្នាំ​២០២៣ បានបញ្ជាក់​ឲ្យ​ដឹងថា ទំហំ​ពាណិជ្ជកម្ម​អន្តរជាតិ ក្នុង​រយៈពេល​១១​ខែ ឆ្នាំ​២០២៣​នេះ សម្រេចបាន​ជាង ៤៣​ពាន់​លាន​ដុល្លារ ក្នុងនោះ ការនាំចេញ​មាន​ចំនួន​២១​ពាន់​លាន​ដុល្លារ កើនឡើង ៤.០៨%​។​

​ការបញ្ជាក់​ឲ្យ​ដឹង​បែបនេះ ធ្វើឡើង​ក្នុងឱកាស លោកស្រី ចម និម្មល អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​បើក​សន្និបាត បូកសរុប​ការងារ​ពាណិជ្ជកម្ម​ឆ្នាំ​២០២៣ និង​ទិសដៅ​អនុវត្ត​ការងារ​ពាណិជ្ជកម្ម ឆ្នាំ​២០២៤​។ សន្និបាត​នេះ រៀបចំ​ធ្វើឡើង​រយៈពេល​២​ថ្ងៃ ចាប់ពី​ថ្ងៃទី​២១-២២ ខែធ្នូ ឆ្នាំ​២០២៣ នា​ទីស្ដីការក្រសួង​។​

​លោកស្រី ចម និម្មល បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​ទំហំ​ពាណិជ្ជកម្ម​អន្តរជាតិ ក្នុង​រយៈពេល​១១​ខែ ឆ្នាំ​២០២៣ សម្រេចបាន ៤៣.៥២​ពាន់​លាន​ដុល្លារ ក្នុងនោះ ការនាំចេញ​មាន​ចំនួន​២១​ពាន់​លាន​ដុល្លារ គឺមាន​កើនឡើង ៤.០៨% បើ​ប្រៀបធៀប​នឹង​ការនាំចេញ រយៈពេល​១១​ខែ ឆ្នាំ​២០២២»​។​

​បន្ថែម​ពី​នោះ​ទៀត លោកស្រី ចម និម្មល បាន​ឲ្យ​ដឹងថា ទំហំ​ពាណិជ្ជកម្ម​របស់​កម្ពុជា ជាមួយនឹង​បណ្តា​ប្រទេស​ហត្ថលេខី នៃ​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់ (RCEP) មាន​ចំនួន ២៦.៥៧ ពាន់​លាន​ដុល្លារ ដែល​ការនាំចេញ​មាន​ទំហំ ៧.២១ ពាន់​លាន​ដុល្លារ គឺ​កើនឡើង ២៧.២៩%​។​

​រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​គូសបញ្ជាក់ថា ទីផ្សារ RCEP គឺជា​ទីផ្សារ​ដ៏​សំខាន់​មួយ​សម្រាប់​កម្ពុជា ដែលមាន​ចំណែក​ប្រមាណ ៦១.០៦% នៃ​ទំហំ​ពាណិជ្ជកម្ម​សរុប​របស់​កម្ពុជា​។​

​ទន្ទឹមគ្នានេះ លោកស្រី ចម និម្មល បាន​ឲ្យ​ដឹងផង​ដែរ​ថា ក្រសួងពាណិជ្ជកម្ម ដែលជា​សេនាធិការ​របស់​រាជរ​ដ្ឋា​ភិ​បាល នៅតែ​ប្តេជ្ញា​បន្ត​កិច្ចខិតខំ​ប្រឹងប្រែង ក្នុងការ​ជំរុញ​វិស័យ​ពាណិជ្ជកម្ម ឲ្យ​កាន់តែ​រីកចម្រើន តាមរយៈ​៖

១៖ ការបន្ត​ពង្រឹងគុណភាព​ធនធាន​មនុស្ស​លើ​វិស័យ​ពាណិជ្ជកម្ម និង​ធុរកិច្ច​ឌីជីថល ដោយ​ធ្វើកំណែទម្រង់​រចនាសម្ព័ន្ធ​រដ្ឋបាល និង​គ្រប់គ្រង និង​ការអភិវឌ្ឍ​ស្ថាប័ន​
២៖ ការបន្ត​ធ្វើកំណែទម្រង់​ស៊ីជម្រៅ និង​ការធ្វើឱ្យ​ប្រសើរឡើង​គុណភាព​នៃ​ការផ្តល់សេវា​សាធារណៈរ​បស់​ក្រសួង​តាម​ប្រព័ន្ធ​ស្វ័យប្រវត្ត​កម្ម ដោយបាន​កាត់បន្ថយ​ទាំង​ការចំណាយ និង​ពេលវេលា​
៣៖ ការរក្សា​ស្ថិរភាព​ថ្លៃ និង​ការជំរុញ​ពាណិជ្ជកម្ម​ក្នុងប្រទេស ការអភិវឌ្ឍ​ទីផ្សារ និង​អភិវឌ្ឍ​វិស័យ​ឯកជន​
​និង​៤៖ ការបន្ត​កសាង​និង​ធ្វើ​វិសោធនកម្ម​ច្បាប់​និង​លិខិតបទដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធ​នឹង​វិស័យ​ពាណិជ្ជកម្ម​ផងដែរ ដែល​ទាំងនេះ​បាន​បង្កលក្ខណៈ​ងាយស្រួល និង​បង្កើត​បរិយាកាស​អំណោយ​ផល​ដល់​ការធ្វើ​ធុរកិច្ច និង​ការវិនិយោគ ក៏ដូចជា​ពង្រឹង​ភាព​ប្រកួតប្រជែង​នៃ​ទំនិញ​នាំចេញ​របស់​កម្ពុជា​ទៅកាន់​ទីផ្សារ​អន្តរជាតិ​។​

​លោកស្រី ចម និម្មល បាន​លើកឡើងថា តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​តេ​ជោ អតីត​នាយករដ្ឋមន្ត្រី ដែល​ផ្តោត​ការយកចិត្តទុកដាក់​ដ​ល់​ការ​ប្រែក្លាយ​កម្ពុជា ទៅជា​ប្រភព​ដែល​អាច​ទុកចិត្តបាន សម្រាប់​ផ្គត់​ផ្គង់ស្បៀង​ក្នុង​តំបន់ និង​ពិភពលោក (Reliable Food Supply Chain) ក្រសួងពាណិជ្ជកម្ម​ក្នុងតួនាទី​ជា​អាណាព្យាបាល​បច្ចេកទេសរ​បស់​ក្រុមហ៊ុន ហ្គី​ន​ត្រេ​ដ និង​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា បាន​បើក​ទីផ្សារ និង​ជំរុញ​ការនាំចេញ​ស្រូវ​-​អង្ករ និង​កសិផល​សំខាន់ៗ​ជាច្រើន​។​

​ជា​លទ្ធផល​ក្នុង​រយៈពេល​១១​ខែ​ឆ្នាំ​២០២៣​នេះ ការនាំចេញ​អង្ករ​សម្រេចបាន ៥៩៥ ៦៣០ តោន​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​២០២២ កើនឡើង​៦.៥៣%​។ ទន្ទឹមនឹងនេះ ក្រសួង​ក៏បាន​ជំរុញ​នាំចេញ​កសិផល​មួយចំនួនទៀត​ទៅកាន់​ទី​ផ្សារ​អន្តរជាតិ​រួមមាន​៖ ដំឡូង​មី​ស្រស់​, ចំណិត​ដំឡូង​មី​ក្រៀម​, ផ្លែ​មៀន​ស្រស់​, ម្សៅដំឡូង​, ផ្លែស្វាយ​ស្រស់​, ផ្លែ​ចេក​ស្រស់​, គ្រាប់ស្វាយចន្ទី​, ម្រេច​, គ្រាប់ពោត​, សណ្ដែកបាយ​, សណ្ដែកសៀង​, ដូងប្រេង​, និង​បន្លែ​។​

​សូមជម្រាបថា អង្គសន្និបាត​នេះ​រៀបចំឡើង​ដើម្បី​ពិនិត្យ និង​វាយតម្លៃ​លើ​សមិទ្ធផល​ការងារ​ដែល​ក្រសួង​សម្រេចបាន ក្នុង​រយៈពេល​មួយឆ្នាំ​កន្លងទៅ ក៏ដូចជា​ពិភាក្សា​ស៊ីជម្រៅ និង​ដោះស្រាយ​បញ្ហា​ប្រឈម​នានា និង​លើក​ទិសដៅ​អនុវត្តន៍​សម្រាប់​ឆ្នាំ​បន្ទាប់ ស្របតាម​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​បញ្ច​កោណ ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល​នីតិកាល​ទី​៧ នៃ​រដ្ឋសភា​៕

​ប្រភព​៖ Fresh News​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close