ក្រសួង​អប់រំ អនុញ្ញាត​ឲ្យ​មន្ត្រី​តេ​ក្វាន់​ដូ ITF ដុសខាត់​សមត្ថភាព ឆ្ពោះទៅ ស៊ី​ហ្គេម ២០២៣»

​ឯកឧត្តម បួន​ហ៊ីង សុធី​យ៉ា អគ្គលេខាធិការ សហព័ន្ធ​កីឡា​តេ​ក្វាន់​ដូ ITF កម្ពុជា​លើកឡើងថា «​ក្នុងនាម​ថ្នាក់ដឹកនាំ​សហព័ន្ធ​កីឡា​តេ​ក្វាន់​ដូ ITF កម្ពុជា សូម​អរគុណ​ចំពោះ​ក្រសួង​អប់រំ យុវជន និង​កីឡា ដែល​បានអនុញ្ញាត​ឲ្យ សហព័ន្ធ​បាន​ចូលរួម​រៀបចំ​ការប្រកួត​កីឡា​ឧ​ត្ត​មសិ​ក្សា និង​មធ្យមសិក្សា​បច្ចេកទេស​ថ្នាក់ជាតិ ប្រចាំឆ្នាំ​២០២២ ដើម្បី​ផ្តល់ឱកាស​ដល់​មន្ត្រី​បច្ចេកទេស​បាន​ដុសខាត់​សមត្ថភាព​កាន់តែ​មោះមុត ក្នុង​ដំណើរ​ឆ្ពោះទៅ​រៀបចំ​ធ្វើ​ម្ចាស់ផ្ទះ ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ ក៏ដូចជា​ការពង្រីក​វិសាលភាព និង​អភិវឌ្ឍ​ធនធាន​តេ​ក្វាន់​ដូ ITF នៅ​កម្ពុជា កាន់តែ​រីកចម្រើន​បន្ថែមទៀត​»​។​

​គូសបញ្ជាក់​នៅក្នុង​បទសម្ភាសន៍ ក្នុងឱកាស​រៀបចំ​ការ​ប្រកួត​កីឡា​និស្សិត​ឧ​ត្ត​មសិ​ក្សា និង​មធ្យមសិក្សា​បច្ចេកទេស​ថ្នាក់ជាតិ នៅ​ថ្ងៃទី​២៦ ខែមិថុនា នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ​កាយ និង​កីឡា ឯកឧត្តម​អគ្គលេខាធិការ​បន្ថែមទៀត​ថា «​តាមរយៈ​ការរៀបចំ​ប្រកួត​នេះ គឺ​ល្អ​មែនទែន ក្នុង​ការជួយ​ជំរុញ​ឲ្យ​មន្ត្រី​បច្ចេកទេស អាជ្ញាកណ្តាល ចៅក្រម​របស់​សហព័ន្ធ​បាន​ដុះខាត់​សមត្ថភាព​បន្ថែម ឆ្ពោះទៅ​ទទួល​រៀបចំ​ធ្វើ​ម្ចាស់ផ្ទះ ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ ជា​ប្រវត្តិសាស្ត្រ​ដំបូង​របស់​ព្រះរាជាណាចក្រ​កម្ពុជា​។

​ជាមួយគ្នា​នោះ យើង​ក៏​នឹង​អាច​ពិនិត្យមើល​លើ​ចំណុច​ខ្វះខាត​របស់​ពួកគាត់ ដើម្បី​កែលម្អ​ឲ្យ​កាន់តែ​ល្អប្រសើរ​បន្ថែមទៀត ដើម្បី​គោលដៅ​ដំបូង ក្នុងការ​រៀបចំ​ប្រភេទ​កីឡា​តេ​ក្វាន់​ដូ ITF នៅក្នុង​ស៊ី​ហ្គេម ឆ្នាំ​២០២៣ ជា​លើកដំបូង​របស់​កម្ពុជា​ផង និង​ជា​ប្រវត្តិសាស្ត្រ​ដំបូង​របស់​ប្រភេទ​កីឡា​តេ​ក្វាន់​ដូ ITF ក្នុង​ប្រវត្តិសាស្ត្រ ស៊ី​ហ្គេម ក្នុង​រយៈពេល​៣២​លើក ស្មើនឹង​រយៈពេល​៦៤​ឆ្នាំ​ផងដែរ​»​។​

​ក្នុងការ​ប្រកួត​កីឡា​និស្សិត​ឧ​ត្ត​មសិ​ក្សា និង​មធ្យមសិក្សា​បច្ចេកទេស​នេះ សហព័ន្ធ​តេ​ក្វាន់​ដូ ITF បាន​ប្រើប្រាស់​មន្ត្រី​គណៈកម្មការ​ប​ច្ចេ​ទេស​ចំនួន​១៦​នាក់ ហើយ​ក្នុង​ចំ​នួ​នេះ គឺមាន​មន្ត្រី​អាជ្ញាកណ្តាល​-​ចៅក្រម​ចំនួន​៥​នាក់ ដែលមាន​សមត្ថភាព​ខ្ពស់ ក្នុងការ​បម្រើ​ដល់​ការប្រកួត​កម្រិត​អន្តរជាតិ ជាពិសេស​គឺ​ចូលរួម​កាត់សេចក្តី ក្នុង​ស៊ី​ហ្គេម ២០២៣ ខណៈ​គោលការណ៍​របស់​សហព័ន្ធ​តេ​ក្វាន់​ដូ ITF អាស៊ី ក៏បាន​កំណត់​ដែរ​ថា ម្ចាស់ផ្ទះ​អាចដាក់​បាន​៥​នាក់ ចូលរួម​កាត់សេចក្តី​ជាមួយ​អាជ្ញាកណ្តាល​-​ចៅក្រម​អន្តរជាតិ សម្រាប់​បម្រើ​ស​ដល់ ស៊ី​ហ្គេម ឆ្នាំ​២០២៣​។​

​ជារួម​គោលការណ៍​សហព័ន្ធ ស្រប​ជាមួយនឹង​គោលដៅ​ដែល​បានដាក់​ចេញពី​ក្រសួង​អប់រំ យុវជន និង​កីឡា ធ្វើយ៉ាងណា​ជំរុញ​ឲ្យ​ប្រភេទ​កីឡា​តេ​ក្វាន់​ដូ ITF រួមទាំង​ប្រភេទ​កីឡា​ទាំងអស់​ត្រូវតែ​គោរព​ឲ្យ​បានជា​ដាច់​ខាត់​នូវ​តម្លាភាព យុត្តិធម៌​។
«​គោលដៅ​របស់​យើង​ជំរុញ​ឲ្យ​គ្រប់​សមាសភាព​ពាក់ព័ន្ធ​ទាំង​មន្ត្រី​បច្ចេកទេស ទាំង​ការចូលរួម​ប្រកួត ប្រជែង​របស់​កីឡាករ កីឡាការិនី​ទាំងអស់​គោរព​ឲ្យ​បាន​នូវ​យុត្តិធម៌ ស្មារតី​កីឡា ដែល​ទទួលយកបាន​គ្រប់ៗ​គ្នា​»​។​

​ជា​ចុងក្រោយ ក្នុងនាម​ឯកឧត្តម កែវ រ៉េមី រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​សហព័ន្ធ​កីឡា​តេ​ក្វាន់​ដូ ITF កម្ពុជា និង​ថ្នាក់ដឹកនាំ​ប្រតិបត្តិ​សហព័ន្ធ ឯកឧត្តម បួន​ហ៊ីង សុធី​យ៉ា សូម​គោរព​អរគុណ​ចំពោះ​ក្រសួង​អប់រំ យុវជន និង​កីឡា ដែល​បានអនុញ្ញាត​ឲ្យ​សហព័ន្ធ​បាន​ចូលរួម​រៀបចំ​កា​ប្រកួត​កីឡា​និស្សិត​ឧ​ត្ត​ម​សិក្សា​ថ្នាក់ជាតិ​នេះ ក្នុង​ការជួយ​ជំរុញ​លើកកម្ពស់​បន្ថែម​ដល់​ការអភិវឌ្ឍ​បច្ចេកទេស ព្រមទាំង​ការអភិវឌ្ឍ​ធនធាន​កីឡាករ កីឡាការិនី​ជា​និស្សិត​ឲ្យ​កាន់តែ​សម្បូរបែប និង​មាន​គុណភាព​ខ្ពស់ នា​ថ្ងៃ​អនាគត​។ «​ខ្ញុំ​ជឿជាក់ថា តាមរយៈ​ការរៀបចំ​នេះ​នឹង​ជួយ​ពង្រឹង​បន្ថែម ក្នុងការ​អភិវឌ្ឍ​និស្សិត​អាច​ក្លាយជា​សមាជិក​ក្រុម​ជម្រើសជាតិ និង​អាច​ក្លាយជា​គ្រូបង្វឹក នា​ថ្ងៃ​អនាគត​។ ព្រឹត្តិការណ៍​និស្សិត​ឧ​ត្ត​ម​សិក្សា​នេះ​មាន​ផលចំណេញ​ច្រើន​មែនទែន ដើម្បី​អភិវឌ្ឍ​ពួកគាត់​ឲ្យ​កាន់តែ​ល្អ ប្រសើរ​សម្រាប់​ការប្រកួត​ផ្សេងៗ​ទៀត នាពេលខាងមុខ​ផងដែរ​»​។​

​ការ​ប្រ​កួ​កីឡា​និស្សិត​ឧ​ត្ត​មសិ​ក្សា និង​មធ្យមសិក្សា​បច្ចេកទេស​ថ្នាក់ជាតិ ប្រចាំឆ្នាំ​២០២២ លើ​ប្រភេទ​កីឡា តេ​ក្វាន់​ដូ ITF មាន​កីឡាករ កីឡាការិនី​ជា​និស្សិត​ចូលរួម​សរុប​ចំនួន ៦៤​នាក់ (​កីឡាករ​៣៦​នាក់ កីឡាការិនី​២៨​នាក់​) មកពី​គ្រឹះស្ថាន​ឧ​ត្ត​មសិ​ក្សា និង​មធ្យមសិក្សា​បច្ចេកទេស​ចំនួន​៧ ដូចជា​៖ ខេ​ម​អេ​ដ ប៊ី​សស​នី​ស​ស្គូ​ល​, សាកលវិទ្យាល័យ ជាស៊ីម កំចាយមារ​, សាកលវិទ្យាល័យ​គ្រប់គ្រង និង​សេដ្ឋកិច្ច​, សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​, វិទ្យាស្ថាន​បច្ចេកវិទ្យា​ប្រាជ្ញា​សាស្ត្រ​, សាកលវិទ្យាល័យ​វេ​ស្ទើ​ន​កំពង់ចាម និង​សាកលវិទ្យាល័យ​មានជ័យ​។ ការប្រកួត​ដំណើរការ​ពីថ្ងៃ​ទី​២៥​ដល់​៣០​ខែមិថុនា ឆ្នាំ​២០២២ ដោយមាន​១៣​វិញ្ញាសា ក្នុងនោះ​រៀបចំ​វិញ្ញាសា សម្តែង​មេគុណ ចំនួន​៤ និង​វិញ្ញាសា​ប្រយុទ្ធ​ចំនួន​៩៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close