សម្បត្តិ​វប្បធម៌​ខ្មែរ​ចំនួន ៣០​រូប នឹង​បញ្ជូន​ពី​សហរដ្ឋអាមេរិក ត្រឡប់មក​ព្រះរាជាណាចក្រ​កម្ពុជា​វិញ

​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី​០៩ សីហា នេះ​ថា សម្បត្តិ​វប្បធម៌​ខ្មែរ​ចំនួន ៣០​រូប នឹងត្រូវ​បញ្ជូន​ពី​សហរដ្ឋអាមេរិក មក​ប្រទេស​កម្ពុជា​វិញ​។ វត្ថុ​ទាំងនេះ​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​កាន់កាប់​វត្ថុ បុរាណ​ដោយ​ខុសច្បាប់ ដែល​ត្រូវបាន​រឹបអូស​ដោយ​រដ្ឋអាជ្ញា​សហរដ្ឋអាមេរិក​នៃ​សង្កាត់​ភាគខាងត្បូង​ក្រុង​ញូវយ៉ក សហការ​ជាមួយ​ការិយាល័យ​ស៊ើបអង្កេត​សន្តិសុខ​មាតុភូមិ​សហរដ្ឋអាមេរិក អនុលោម​តាម​អនុស្សារណៈ​នៃ​ការ យោគយល់​គ្នា​រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​សហរ​ដ្ឋ​អាមេរិក ស្តីពី​ការដាក់​កំរិត​ហាមប្រាម​នូវ​ការ​នាំចូល លើ​ប្រភេទ​នៃ​វត្ថុ​បុរាណ​របស់​កម្ពុជា​។



ក្នុងចំណោម​សម្បត្តិ​វប្បធម៌​ខ្មែរ​នេះ មាន​រូប​បដិមា​សំខាន់ៗ​មួយចំនួន ផ្នែក​ពុទ្ធ សាសនា និង​ព្រហ្មញ្ញសាសនា ដូចជា រូបចម្លាក់​ដ៏​ពិចិត្រ “​ព្រះ​ស្កន្ទ​គង់​លើ​ក្ងោក​” និង “​ព្រះ​គណេស​“ ដែល​ត្រូវបាន លួច​យក​ចេញពី​ប្រាសាទ​ក្នុង​រមណីយដ្ឋាន​កោះ​កេរ អតីត​រាជធានី​នៃ​អាណាចក្រ​ខ្មែរ​នៅ​សតវត្សរ៍​ទី​១០​នៃ​គ​.​ស​.​។ ប្រាសាទ​កោះ​កេរ​ធ្លាប់ជា​គោលដៅ​នៃ​ការ​លួច​ទ្រង់ទ្រាយ​ធំ​អស់​ជាច្រើន​ឆ្នាំ​នៅក្នុង​អំឡុង​សម័យ​សង្គ្រាម​។​

​នៅ​ថ្ងៃទី​៨ ខែសីហា ឆ្នាំ​២០២២ ឯកឧត្តម កែវ ឈា ឯកអគ្គរាជទូត​កម្ពុ​ជាប្រចាំ​សហរដ្ឋអាមេរិក តំណាងឱ្យ រាជរដ្ឋាភិបាល​កម្ពុជា និង​លោក Damien Williams អគ្គ​រដ្ឋអាជ្ញា​សហរដ្ឋអាមេរិក នៃ​សង្កាត់​ភាគខាងត្បូង​ក្រុង​ញូវយ៉ក បាន​ចូលរួម​នៅក្នុង​ពិធី​ប្រគល់​-​ទទួល​សម្បត្តិ​វប្បធម៌​ខ្មែរ​ចំនួន​៣០​រូបនេះ នៅ​ទីក្រុង​ញូវយ៉ក​។ ក្រសួង​កំពុងធ្វើការ ជាមួយ​ក្រុមហ៊ុន​ដឹកជញ្ជូន ដើម្បី​ចាត់ចែង​ការដឹក​វត្ថុ​ទាំង​៣០​រូប​មក​កម្ពុជា​ក្នុង​ពេលវេលា​ខាងមុខនេះ ហើយ​ក្រសួង នឹង​ជូន​ព័ត៌មាន​បញ្ជាក់បន្ថែម​នៅពេល​វត្ថុ​ទាំងនេះ​មកដល់​កម្ពុជា​។​

​លោកជំទាវ​បណ្ឌិត​សភាចា​រ្យ ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ បាន​មានប្រសាសន៍ថា “​យើង​ពិតជា​សេចក្តីរំភើប​ទទួល​ស្វាគមន៍​នៃ​ការវិល​ត្រឡប់មកវិញ​នូវ​រតនសម្បត្តិ​ដ៏​ល្អ​ឯក​ទាំងនេះ ដែលជា​ព្រលឹង បុព្វបុរស​ខ្មែរ​ជាច្រើន​ជំនាន់ និង​តំណាងឱ្យ​ភាពរុងរឿង​នៃ​ចក្រភព​ខ្មែរ​។

លោកជំទាវ​រដ្ឋមន្ត្រី បាន​បន្ថែមថា “​ការ ប​ញ្ចូ​ន​មកវិញ​នេះ​គឺអាច​សម្រេច​ទៅបាន​ដោយសារ​កិច្ចសហប្រតិបត្តិការ​និង​ការខិតខំ​ប្រឹងប្រែង​រួមគ្នា​រវាង​រដ្ឋាភិបាល នៃ​ប្រទេស​ទាំងពីរ (​កម្ពុជា និង​សហរដ្ឋអាមេរិក​) និង​ក៏ដោយ​សារ​ប្រទេស​កម្ពុ​ជាមាន​សុខសន្តិភាព​ពេញលេញ តាមរយៈ នយោបាយ​ឈ្នះ​-​ឈ្នះ ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ​ប្រកបដោយ​គតិបណ្ឌិត​រប​ស់ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ផ្តល់ឱកាស​ក្នុង​ការនាំ​មកវិញ​នូវ​ព្រលឹង​បុព្វបុរស​ខ្មែរ ដែល​បាន​​រសាត់​ចាក​ឆ្ងាយ​ពី​មាតុភូមិ​កំណើត​អស់​ជាច្រើន​ឆ្នាំ​នា​សម័យ​សង្គ្រាម និង​អសន្តិសុខ ។

ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា លោកជំទាវ​រដ្ឋមន្ត្រី​បាន​ថ្លែងអំណរគុណ និង​កោតសរសើរ​ចំពោះ​កិច្ច​សហ ប្រតិបត្តិការ និង​ការខិតខំ​ប្រឹងប្រែង​ពី​សំណាក់​ស្ថាប័ន​នានា​របស់​សហរដ្ឋអាមេរិក ជាពិសេស រដ្ឋអាជ្ញា​សហរដ្ឋ​អាម នៃ​សង្កាត់​ភាគខាងត្បូង​ក្រុង​ញូវយ៉ក ការិយាល័យ​ស៊ើបអង្កេត​សន្តិសុខ​មាតុភូមិ​សហរដ្ឋអាមេរិក និង​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា​។

​ជាមួយនេះ លោកជំទាវ​រដ្ឋមន្ត្រី​បាន​ថ្លែងអំណរគុណ​ដល់​ក្រសួង​ពាក់ព័ន្ធ​, ស្ថានទូត​កម្ពុជា​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន ក្រុមការងារ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ និង​ពិសេស​ដល់​លោក​មេធាវី Bradley Gordon និង​លោក​មេធាវី Steven Heimberg ដែល​បាន​ចំណាយពេល​អស់​ជាច្រើន​ឆ្នាំ ក្នុងការ​សហការ ជាមួយ​ក្រុមការងារ​ក​ម្ពុ​ជា ដើម្បី​ស្រាវជ្រាវ និង​ស្វែងរក​មកវិញ​នូវ​សម្បត្តិ​វប្បធម៌​ខ្មែរ​ជាច្រើន​មិនអាច​កាត់ថ្លៃ​បាន​។

លោកជំទាវ​ក៏បាន​ថ្លែងអំណរគុណ​ដល់​សារមន្ទីរ និង​អ្នកកាន់កាប់​សមុច្ច័យ​ឯកជន​នានា ដែល​បាន​ស្ម័គ្រចិត្ត​ប្រគល់ មរតក​វប្បធម៌​ជាតិ​មក​កម្ពុជា​វិញ​។ ជាមួយនឹង​យុទ្ធនាការ​សកល លោកជំទាវ​រដ្ឋមន្ត្រី​បាន​អំពាវនាវ​ដល់​សារមន្ទីរ នានា ក៏ដូចជា​អ្នកកាន់កាប់​សមុច្ច័យ​ឯកជន​នៅ​ទូទាំង​ពិភពលោក សូម​ចូលរួម​សហការ​ផ្ដល់​ឯកសារ​ភស្តុតាង និង​ប្រគល់​សម្បត្តិ​វប្បធម៌​ដែលជា​អត្តសញ្ញាណ​ជាតិ ត្រឡប់មក​ប្រទេស​កំណើត​វិញ​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close