សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់សញ្ញាបត្រ ដល់និស្សិតវិទ្យាស្ថានវ៉ាន់ដា ជិត៤ពាន់នាក់
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២២ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីនិងប្រគល់សញ្ញាបត្រដល់និស្សិតវិទ្យាស្ថានវ៉ាន់ដាប្រមាណ ៣,៨៦៦នាក់ នារី ៣,៣៨២នាក់។ និស្សិតដែលទទួលសញ្ញាបត្រនេះ រួមមានថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត។
និស្សិតជ័យលាភីខាងលើ បានបញ្ចប់ការសិក្សាក្នុងឆ្នាំសិក្សា២០២០-២០២១។ ក្នុងនោះក៏មាននិស្សិតថ្នាក់បរិញ្ញាបត្រ ផ្នែកអាហារូបករណ៍របស់សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចំនួន ៥០នាក់ នារី ៤៧នាក់ផងដែរ។
សម្ដេចតេជោ ហ៊ុន សែន ពិតជារីករាយដែលបានអញ្ជើញមកប្រគល់សញ្ញាបត្រដល់និស្សិតនៃវិទ្យាស្ថានវ៉ាន់ដា នាថ្ងៃនេះ នឹងបានអបអរសាទរចំពោះនិស្សិតជ័យលាភីទាំងអស់។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានកោតសរសើរដល់គណៈគ្រប់គ្រងវិទ្យាស្ថានវ៉ាន់ដា ដែលបានជម្នះលើការលំបាកនៃការរាតត្បាតជំងឺកូវីដ-១៩ ក្នុងការផ្តល់ចំណេះដឹង និងបន្តនិរន្តរភាពអប់រំរហូតទទួលបានជោគជ័យក្នុងការអប់រំនិស្សិត។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍បញ្ជាក់ ថា មកដល់ពេលនេះពលរដ្ឋបានយល់ដឹងច្បាស់អំពីវិធានការ ដែលរាជរដ្ឋាភិបាលបានដាក់ចេញពេលជំងឺកូវីដ១៩ រាតត្បាត ដែលវិធានការដាក់ចេញនោះ គឺដើម្បីការពារអាយុជីវិតពលរដ្ឋ។ ដល់ពេលនេះ កម្ពុជាត្រូវបានគេចាត់ទុកជាប្រទេសឈានមុខលើការងារចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ និងបង្កើតបានភាពសាំខ្ពស់ក្នុងសង្គម ដែលអាចបើកដំណើរការប្រទេសជាតិឡើងវិញ។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍កោតសរសើរដល់វិទ្យាស្ថានវ៉ាន់ដា ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ឱ្យទទួលបានចំណេះជំនាញជាបន្តបន្ទាប់។ សម្តេចពិតជាមានមោទនភាពចំពោះការសម្រេចចិត្តឱ្យវិស័យឯកជនចូលរួមវិនិយោគលើការអប់រំ និងការផ្តល់ឱកាសឱ្យសាកលវិទ្យាល័យរដ្ឋយកថ្លៃមួយផ្នែកសម្រាប់ការសិក្សា។
រាជរដ្ឋាភិបាលបានចាត់ទុកវិស័យឯកជនជាក្បាលរថភ្លើងនៃសេដ្ឋកិច្ចជាតិ។ ការរីកចម្រើនរបស់វិស័យឯកជន បានជួយផ្តល់ការងារជូនប្រជាពលរដ្ឋ ហើយរួមចំណែកទ្រទ្រង់សេដ្ឋកិច្ចជាតិ តាមរយៈការបង់ពន្ធផងដែរ។
សម្ដេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា គោលនយោបាយនៃវិស័យអប់រំរបស់រាជរដ្ឋាភិបាលបច្ចុប្បន្ននេះ គឺរុញសាលារៀនអោយទៅដល់ជនបទ និងបានកំណត់ថា ឃុំ១យ៉ាងតិចត្រូវមានអនុវិទ្យាល័យ១ ហើយបច្ចុប្បន្ននេះឃុំខ្លះ មានវិទ្យាល័យច្រើនជាង១ទៀតផង ដែលបានបណ្ដុះបណ្ដាលសិស្សានុសិស្សគ្រប់ទីកន្លែង មិនមានខ្វះខាតសាលារៀនដូចពីអតីតកាលទៀតឡើយ។
នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ ថា ក្នុងឋានៈជានាយករដ្ឋមន្ត្រី និងជាអ្នកដាក់ចេញនូវគោលនយោបាយ ដូច្នេះសម្តេចមានសិទ្ធិថ្លែងលើបញ្ហានានា ជាពិសេសថ្មីៗនេះ ដែលសម្តេចមានការលើកឡើងពីការប្រកាសផ្តល់បណ្ណក្រីក្រជូនពលរដ្ឋនៅតំបន់រុនតាឯក ដែលមានបុគ្គលមួយចំនួនថា សម្ដេចកំពុងយកឱកាសស្វែងរកសំឡេងឆ្នោត។ សម្ដេចតេជោបានមានប្រសាសន៍ ថាមិនមែនជាការស្វែងរកសំឡេងឆ្នោតអ្វីទេ តែនេះជាគោលនយោបាយដែលរាជរដ្ឋាភិបាលបានដាក់ចេញជាបន្តបន្ទាប់មកហើយ។
នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានផ្តាំទៅអ្នករស់នៅតំបន់រមណីយដ្ឋានអង្គរថា កុំរងចាំតថ្លៃសំណងជាមួយរាជរដ្ឋាភិបាល។ ចំណាត់ការរបស់រាជរដ្ឋាភិបាលពេលនេះ គឺមិនថមថយនោះទេ ប្រសិនបើដល់ថ្ងៃឱសានវាទហើយប្រជាពលរដ្ឋមិនមានការរុះរើ ឬក៏មិនព្រមទទួលនូវការអនុវត្តរបស់រាជរដ្ឋាភិបាល នឹងមិនទទួលបានសំណងអ្វីឡើយ។ ដូច្នេះ សូមពលរដ្ឋគិតឱ្យបានច្បាស់ទាន់រដ្ឋាភិបាលកំពុងមានការថ្នាក់ថ្នម ពីព្រោះពេលនេះពលរដ្ឋដែលបានចាកចេញ គឺទទួលបាននូវអត្ថប្រយោជន៍ច្រើនណាស់។
ជាចុងក្រោយ សម្តេចតេជោ ហ៊ុន សែន ក៏បានជូនពរឱ្យនិស្សិតដែលទទួលជ័យលាភីទាំងអស់នាថ្ងៃនេះ ទទួលបាននូវភាពជោគជ័យជាបន្តបន្ទាប់ទៀត ទាំងក្នុងការបន្តការសិក្សា និងការទទួលបានការងារល្អៗទៅតាមជំនាញនាពេលខាងមុខ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។