សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​បើក​សន្និសីទ «​ចក្ខុវិស័យ​ប្រទេស​កម្ពុជា​ឆ្នាំ​២០២២»

​ភ្នំពេញ​៖ នៅ​ព្រឹក ថ្ងៃ​ព្រហស្បតិ៍ ១១​កើត ខែអស្សុជ ឆ្នាំខាល ចត្វា​ស័ក ព​.​ស​. ២៥៦៦ ត្រូវ​នឹង ថ្ងៃទី​៦ ខែតុលា ឆ្នាំ​២០២២​នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​បើក​សន្និសីទ «​ចក្ខុវិស័យ​កម្ពុជា​ឆ្នាំ​២០២២» នៅ​សណ្ឋាគារ សុខា​ភ្នំពេញ​។

​សន្និសីទ «​ចក្ខុវិស័យ​ប្រទេស​កម្ពុជា​» គឺជា​វេទិកា​ដ៏​មាន​សារៈសំខាន់​ប្រមូលផ្តុំ​អ្នកជំនាញ បើក​កិច្ចពិភាក្សា​លើ​ប្រធានបទ​នានា ពាក់ព័ន្ធ​បញ្ហា​សេដ្ឋកិច្ច និង​សង្គម ដើម្បី​ជា​ធាតុ​ចូល​សម្រាប់​ដោះស្រាយ​បញ្ហា​ប្រឈម និង​ស្វែងរក​កាលានុវត្តភាព​សម្រាប់​ជំរុញ​ដល់​ការអភិវឌ្ឍ​នៅ​កម្ពុជា​។​

​សន្និសីទ «​ចក្ខុវិស័យ​ប្រទេស​កម្ពុជា​ឆ្នាំ​២០២២» រៀបចំ​ធ្វើឡើង​ក្រោម​មូលបទ «​ការស្តារ​កម្ពុជា​ឡើងវិញ​៖ ការអភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព បន្ទាប់ពី​វិបត្តិ​ជំងឺ​កូ​វីដ​-១៩»​។ សន្និសីទ​ចក្ខុវិស័យ​ប្រទេស​កម្ពុជា​ឆ្នាំ​២០២២​នេះ មានការ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​ប្រហែល ៤០០​នាក់ មកពី​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ នៃ​រាជរដ្ឋាភិបាល​កម្ពុជា ស្ថានទូត​បរទេស តំណាង​បេសកកម្ម​ការទូត​បរទេស​នានា ប្រចាំ​កម្ពុជា ទីភ្នាក់ងារ​អង្គការសហប្រជាជាតិ វិស័យ​ឯកជន ដៃគូ​អភិវឌ្ឍន៍ ស្ថាប័ន​អប់រំ វិទ្យាស្ថាន​សិក្សា​ស្រាវជ្រាវ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ជាតិ​-​អន្តរជាតិ​នៅ​ប្រទេស​កម្ពុជា​ផងដែរ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន ពិតជា​មាន​ក្តី​រីករាយ​ដែល​បាន​អញ្ជើញ​ចូលរួម​បើក​សន្និសីទ​ចក្ខុវិស័យ​ប្រទេស​កម្ពុជា​ឆ្នាំ ២០២២​នេះ​។ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​វិទ្យាស្ថាន​បណ្តុះបណ្តាល និង​ស្រាវជ្រាវ​ដើម្បី​អភិវឌ្ឍន៍​កម្ពុជា (CDRI) ក្រុមហ៊ុន ជី ហ្គៀ គ្រុប (G Gear Group) ក្រុមហ៊ុន ជីប ម៉ុង គ្រុប (Chip Mong Group) និង​ក្រសួងការបរទេស និង​ពាណិជ្ជកម្ម​នៃ​ប្រទេស​អូស្ត្រាលី ដែល​បាន​ផ្តួចផ្តើម​រៀបចំ​សន្និសីទ​ដ៏​មាន​សារៈសំខាន់​នេះ​ឡើង ។

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍​បន្តថា ដើម្បី​តម្រង់​ទិសដៅ​អភិវឌ្ឍ​សង្គម​សេដ្ឋកិច្ចកម្ពុជា រាជរដ្ឋាភិបាល​បានដាក់​ចេញ នូវ​យុទ្ធសាស្ត្រ​ចតុកោណ​ចំនួន ៤ ដំណាក់កាល រួចមកហើយ ។ នៅក្នុង​គ្រប់​ដំណាក់កាល​នីមួយៗ រាជរដ្ឋាភិបាល​តែង​កំណត់ « មនុស្ស » ជា​វិស័យ​អាទិភាព​មួយ ក្នុងចំណោម​វិស័យ​អាទិភាព​ទាំង ៤ គឺ​៖ ផ្លូវ ទឹក ភ្លើង និង​មនុស្ស ។ ជាពិសេស​ចាប់ពី​ដំណាក់កាល​ទី ៣ មក រាជរដ្ឋាភិបាល​បានកំណត់ «​មនុស្ស​» ជា​វិស័យ​អាទិភាព ចម្បង​បំផុត ដោយ​ផ្តោត​ការយកចិត្តទុកដាក់​លើ​ការអភិវឌ្ឍ​ធនធានមនុស្ស ការបង្កើត​ការងារ និង​ការកាត់បន្ថយ​ភាព ក្រីក្រ ។ ជាក់ស្តែង កម្ពុជា​បាន​បង្កើត​ការងារ​ជូន​ប្រជាជន​រាប់ លាន​នាក់ ជាពិសេស​ក្នុង​វិស័យ​កាត់ដេរ និង​ផលិត​ស្បែកជើង វិស័យ​កសិកម្ម និង​វិស័យ​ទេសចរណ៍ ដែល​បាន​ចូលរួម​កាត់បន្ថយ​ភាពក្រីក្រ​គួរឱ្យកត់សម្គាល់​ពី​អត្រា ៥៣,២% ក្នុង​ឆ្នាំ ២០០៤ មក​ត្រឹម​អត្រា ១៧,៨% ប៉ុណ្ណោះ​ក្នុង​ឆ្នាំ ២០២០ ។

ជាមួយគ្នានេះ ក្នុង​រយៈពេល​ជាង ២ ទសវត្សរ៍​ចុងក្រោយ​មុន ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ កម្ពុជា​សម្រេចបាន​អត្រាកំណើន​ជាង ៧% ក្នុង​មួយឆ្នាំ ដែល​ការណ៍​នេះ​បានធ្វើឱ្យ​កម្ពុជា​ផ្លាស់ប្តូរ​ឋានៈ​ពី​ប្រទេស​មានការ​អភិវឌ្ឍ​តិចតួច​ទៅ ជា​ប្រទេស ដែលមាន​ចំណូល​មធ្យម​កម្រិត​ទាប​នៅក្នុង​ឆ្នាំ ២០១៥ ។

​ជាមួយ​សមិទ្ធផល​ដ៏​ត្រចះត្រចង់​នេះ រាជរដ្ឋាភិបាល បានកំណត់​ចក្ខុវិស័យ​ក្នុងការ​ប្រែក្លាយ​កម្ពុជា ជា​ប្រទេស​ដែល មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ ២០៣០ និង​ជា​ប្រទេស ដែលមាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ ២០៥០ ។ ប៉ុន្តែ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នា​អំឡុង​ពេលដែល​ជំងឺ​កូ​វីដ​-១៩ បាននិងកំពុង​រាលដាល​នេះ ដំណើរ​ឆ្ពោះទៅរក​ការសម្រេចបាន​នូវ​ចក្ខុវិស័យ​ទាំងនេះ​អាច​ជួបប្រទះ​នឹង​ការរាំងស្ទះ ។ ជាការ​ពិត នៅក្នុង​ឆ្នាំ ២០២០ ជំងឺ​ដ៏​កាច​សាហាវ​នេះ​បានធ្វើឱ្យ​សេដ្ឋកិច្ចកម្ពុជា​មាន​កំណើន​អវិជ្ជមាន​ក្នុង​អត្រា -៣,១% ដែល ជា​កំណើន​អវិជ្ជមាន​លើកដំបូង​ក្នុង​រយៈពេល​ជាង ២ ទសវត្សរ៍ ចុងក្រោយ​នេះ ។

​ជាការ​ឆ្លើយតប បន្ថែម​ពីលើ​វិធានការ​សុខាភិបាល រាជរដ្ឋាភិបាល​បានដាក់​ចេញ​នូវ​វិធានការ​អន្តរាគមន៍​ផ្នែក​សង្គម​-​សេដ្ឋកិច្ច​ជា​បន្តបន្ទាប់ ដើម្បី​រក្សា​លំនឹង​ជីវភាព​របស់ កម្មករ​-​និយោជិត ក៏ដូចជា​គ្រួសារ​ក្រីក្រ​និង​ងាយ​រងគ្រោះ ។ ទន្ទឹមនេះ រាជរដ្ឋាភិបាល​បាន​កៀរគរ​កម្លាំង​សរុប​របស់​ជាតិ ដើម្បី​បើក​យុទ្ធនាការ​ជាតិ​ចាក់​វ៉ាក់សាំង និង​បង្កើតបាន​ភាពស៊ាំ​សហគមន៍​ដ៏​រឹងមាំ​មួយ​ទូទាំងប្រទេស ។ សមិទ្ធផល​នេះ បានអនុញ្ញាត​ឱ្យ​កម្ពុជា​បើក​ប្រទេស​ពេញលេញ​ឡើងវិញ លើ​គ្រប់​វិស័យ​តាំងពី​ថ្ងៃទី ១ ខែ វិច្ឆិកា ឆ្នាំ ២០២១ ប្រកបដោយ​សុវត្ថិភាព​រហូតមកដល់​ថ្ងៃនេះ និង​បានធ្វើឱ្យ​សេដ្ឋកិច្ចកម្ពុជា ងើបឡើង​វិញ​ជា​បណ្តើរៗ​ប្រកបដោយ​ភាព​ធន់ និង​រឹងមាំ ។

​ថ្វីត្បិតតែ​ជំងឺ​កូ​វីដ​-១៩ បាន​ថមថយ បញ្ហា​ប្រឈម​ផ្សេងទៀត​ក៏បាន និង​កំពុង​កើតមាន​ឡើងជា​បន្តបន្ទាប់ ដូចជា សង្គ្រាម​រុស្ស៊ី​-​អ៊ុយ​ក្រែ​ន ការកើនឡើង​នៃ​ថ្លៃ​ប្រេងឥន្ធនៈ និង សម្ពាធ​អតិផរណា បូក​រួមទាំង​ការប្រែប្រួល​អាកាសធាតុ និង គ្រោះធម្មជាតិ ដែល​បាននិងកំពុង​ដាក់​សម្ពាធ​បន្ថែម​មកលើ​អាយុជីវិត និង​ជីវភាព​របស់​ប្រជាជន​យើង ជាពិសេស​ប្រជា​-​ជនក្រីក្រ និង​ងាយ​រងគ្រោះ​។ កម្ពុជា​ត្រូវបាន​ចាត់ទុកថា​ជា​ប្រទេស​ឈានមុខ​មួយ ដែល​បាន​គ្រប់គ្រង និង​ងើប​ចេញពី​វិបត្តិ​នៃ​ជំងឺ​កូ​វីដ​-១៩ បាន យ៉ាង​ល្អប្រសើរ ។

​ក្នុង​បរិការណ៍​ដែល​ប្រទេស​ជាច្រើន​នៅ ជុំវិញ​ពិភពលោក​នៅ​បន្ត​ជួបប្រទះ​នឹង​ការឆ្លង​រាលដាល​នៅឡើយ រាជរដ្ឋាភិបាល​បាននិងកំពុង​ព្យាយាម​ប្រែក្លាយ​វិបត្តិ​ឱ្យទៅជា​កាលានុវត្តភាព តាមរយៈ​កា​រព​ន្លឿ​ន​ការកែទម្រង់​ស៊ីជម្រៅ ដើម្បី​លើកកម្ពស់​បរិយាកាស​ធុរកិច្ច និង​ពង្រឹង​ភាព ប្រកួតប្រជែង​របស់​ក​ម្ពុ​ជា ។ ក្នុងនោះ កាលពី​ខែ តុលា ឆ្នាំ ២០២១ កម្ពុជា​បានដាក់​ចេញ​នូវ​ច្បាប់​ស្តីពី​វិនិយោគ​នៃ ព្រះរាជាណាចក្រ​កម្ពុជា ដែលជា​ច្បាប់​វិនិយោគ​ថ្មី​ដោយមាន ការកំណត់​នូវ​ការផ្តល់​ការលើកទឹកចិត្ត និង​ការការពារ​ដល់​វិនិយោគិន​ជាក់លាក់ និង​ច្បាស់លាស់ ក្នុង​បំណង​បង្កើន​ការទាក់ទាញ​ការវិនិយោគ​សម្រាប់​កម្ពុ​ជា ។ ​បន្ថែម​លើ​នេះ រាជរដ្ឋាភិបាល​ក៏បាន​ដាក់ចេញ និង​បាននិងកំពុង​ជំរុញ​ការអនុវត្ត ឯកសារ​គោលនយោបាយ និង​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​សំខាន់ៗ ដូចជា​វិស័យ​កាត់ដេរ យានយន្ត អេឡិចត្រូនិក កសិកម្ម ទេសចរណ៍ ប្រៃសណីយ៍ និង​ប្រសិទ្ធភាព​ថាមពល ជាដើម ។

ដើម្បី​ជា​ធាតុ​ចូល​បន្ថែម​ដល់​សន្និសីទ​នា​ថ្ងៃនេះ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ចែករំលែក​នូវ​ការគិតគូរ និង​ទិសដៅ​របស់​រាជរដ្ឋាភិបាល ដូចខាងក្រោម ៖
១-​បន្ថែម​ពីលើ​ការចាក់​វ៉ាក់សាំង រាជរដ្ឋាភិបាល​នឹង ជំរុញ ការវិនិយោគ​លើ​វិស័យ​សុខាភិបាល ដើម្បី​រៀបចំ​ប្រព័ន្ធ​សុខាភិបាល​មួយ​ដ៏​រឹងមាំ ដែល​អាច ជួយ និង​ការពារ​ប្រជាជន​ពី​ជំងឺ​កូ​វីដ​-១៩ ក៏ដូចជា​ជំងឺ​រាតត្បាត​ផ្សេងទៀត ដែល​អាច​កើតមានឡើង​ជាយថាហេតុ​នាពេល​អនាគត​។
២-​ការអភិវឌ្ឍ​ប្រព័ន្ធ​គាំពារ​សង្គម គឺជា​ការវិនិយោគ លើ​ប្រជាជន និង​ការផ្តល់​សន្តិសុខ​សេដ្ឋកិច្ច​ជូន ប្រជាជន ជាពិសេស​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ ។ ក្នុង​ស្មារតី​នេះ រាជរដ្ឋាភិបាល​នឹង​បន្ត​ពង្រឹង​ប្រព័ន្ធ​ជំនួយ​សង្គម និង​សន្តិសុខ​សង្គម និង​ពង្រីក​វិសាលភាព គ្របដណ្តប់​ឱ្យ​កាន់តែ​ចំ​ទិសដៅ ជាពិសេស​តាមរយៈ​ការជំរុញ និង​លើក ទឹកចិត្ត​ឱ្យ​ប្រជាជន ដែល​ស្ថិតនៅក្នុង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ឱ្យចូល​ក្នុង​ប្រព័ន្ធ ដើម្បី​ទទួលបាន​កិច្ច​គាំពារ​ផ្សេងៗ​។​
៣-​ការអភិវឌ្ឍ​ធនធានមនុស្ស ទាំង​ចំណេះ​និង​ជំនាញ គឺជា​កត្តាចាំបាច់​មិនអាច​ខ្វះ​បាន​ក្នុងការ លើកកម្ពស់​ផលិតភាព​សេដ្ឋកិច្ច និង​ការផ្លាស់ប្តូរ រចនាសម្ព័ន្ធ​សេដ្ឋកិច្ច ពី​សេដ្ឋកិច្ច​ដែល​ពឹង​ផ្អែកលើ​កម្លាំង​ពលកម្ម ដែលមាន​ជំនាញ​ទាប​ឱ្យទៅជា​សេដ្ឋកិច្ច ដែល​ពឹង​ផ្អែកលើ​ជំនាញ និង បច្ចេកវិទ្យា​។​
៤-​ថ្វីត្បិតតែ​សេដ្ឋកិច្ចកម្ពុជា​ពឹងផ្អែក​ខ្លាំង​លើ​ការ វិនិយោគ​ផ្ទា​ល់ពី​បរទេស និង​ការនាំចេញ​សហ​- គ្រាស​ធុន​តូច​និង​មធ្យម គឺជា​ឆ្អឹងខ្នង​នៃ​សេដ្ឋកិច្ច ដែល​ចូលរួមចំណែក​យ៉ាងសំខាន់ ក្នុងការ​បង្កើត មុខរបរ និង​ការងារ​ជូន​ដល់​ប្រជាជន​កម្ពុជា ។ ក្នុងន័យនេះ រាជរដ្ឋាភិបាល​កំណត់​យក​ការអភិវឌ្ឍ​សហគ្រាស​ធុន​តូច និង​មធ្យម ជា​អាទិភាព ចម្បង​មួយ តាមរយៈ​ការផ្តល់​ការគាំទ្រ​ផ្នែក​-​បច្ចេកទេស​និង​ហិរញ្ញវត្ថុ ការកែសម្រួល​បរិយាកាស ធុរកិច្ច និង​ការលើកទឹកចិត្ត​ឱ្យមាន​ការចូលរួម ក្នុង​សេដ្ឋកិច្ច​ក្នុង​ប្រព័ន្ធ​ជាដើម​។​
៥-​បច្ចេកវិទ្យា​ឌីជីថល បាន​បោះជំហាន​យ៉ាង​លឿន ហើយ​បាន​ក្លាយជា​កាតាលីករ​ក្នុងការ​ជំរុញ​កំណើនសេដ្ឋកិច្ច ។ មិន​ថា​ស្ថិតក្នុង​កម្រិត​អភិវឌ្ឍន៍​បែបណា​នោះឡើយ បច្ចេកវិទ្យា​ឌីជីថល អាចមាន​សក្តានុពល​ខ្ពស់ និង​ទូលំទូលាយ​ក្នុង​ការផ្តល់​លទ្ធភាព​ឱ្យ​បណ្តា​ប្រទេស ដែលមាន​សេដ្ឋកិច្ច​កំពុង​លូតលាស់ ឬ​កំពុង​អភិវឌ្ឍ អាច​ចាប់យក​បច្ចេកវិទ្យា​ថ្មីៗ និង​លោត​ផ្លោះ​ពី​ឧស្សាហកម្ម​ប្រពៃណី​ទៅ​ឧស្សាហកម្ម​ទំនើប​បាន​ក្នុង​រយៈពេល​ដ៏​ខ្លី ។ ដូចនេះ កម្ពុជា​ត្រូវ​ចាប់យក​ឱ្យបាន​នូវ​កាលានុវត្តភាព​ដ៏​ធំធេង​នេះ តាមរយៈ​ការជំរុញ​ការអនុវត្ត​ឱ្យបាន​ល្អប្រសើរ​នូវ «​ក្របខណ្ឌ​គោលនយោបាយ​សេដ្ឋកិច្ច និង សង្គម​ឌីជីថល​កម្ពុជា ២០២១-២០៣៥ » « គោលនយោបាយ​រដ្ឋាភិបាល​ឌីជីថល​កម្ពុជា ២០២២ – ២០៣៥ » និង​គោលនយោបាយ​ពាក់ព័ន្ធ​ផ្សេងទៀត​។​
៦-​ការលើកកម្ពស់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​បៃតង និង​ភាព​ធន់​ទៅនឹង​អាកាសធាតុ ក៏​ជា​ផ្នែក​មួយ​ចាំបាច់​សម្រាប់​ទ្រទ្រង់​កិច្ច​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព តាមរយៈ​ការគាំទ្រ ការពង្រីក​កិច្ចសហប្រតិបត្តិការ​លើ​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​បៃតង ការជំរុញ​ការធ្វើ​អន្តរ​-​កាល​ថាមពល និង​ការប្រើប្រាស់​បច្ចេកវិទ្យា​-​បៃតង​ជាដើម​។​
៧-​កិច្ចការងារ​ធំៗ​ទាំងអស់នេះ ត្រូវការ​ធនធាន​ហិរញ្ញវត្ថុ ទាំងពី​វិស័យ​ឯកជន និង វិស័យ​សាធារណៈ ។ ឈរលើ​ស្មារតី​នេះ ការបន្ត​ពង្រឹង​ស្ថិរភាព ពិពិធ​កម្មវិស័យ​ហិរញ្ញវត្ថុ ក៏ដូចជា​ការអភិវឌ្ឍ​វិស័យ​ហិរញ្ញវត្ថុ​ទាំងមូល​ប្រកប​- ដោយ​ភាព​ធន់ និង​បរិ​យាប​ន្ន ដោយមាន​ការចូលរួម​ពី​វិស័យ​ឯកជន គឺ​ពិត​ជាមាន​សារៈ​-​សំខាន់ ។ ជាមួយគ្នានេះដែរ ការអនុវត្ត​កម្មវិធី​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​បាន ទទួលលទ្ធផល​ល្អប្រសើរ ដែល​បាន​អនុញ្ញាតឱ្យ​រាជរដ្ឋាភិបាល​បង្ហូរ​ថ​វិកា​កាន់តែច្រើន​ទៅកាន់​វិស័យ​អាទិភាព បង្កើន​នូវ​ធនធាន​វិនិយោគសាធារណៈ អាច​សន្សំ លើកស្ទួយ​ឯករាជ្យភាព​ផ្នែក​ថវិកា​របស់​កម្ពុជា​និង​អនុវត្ត​គោលនយោបាយ និង​វិធានការ​អន្តរាគមន៍​ទាំងឡាយ ដើម្បី​ជួយ​ប្រជាជន និង​វិស័យ​ឯកជន​ដែល​បាននិងកំពុង​បន្ត​ទទួលរង​នូវ​ផលប៉ះពាល់​ពី​វិបត្តិ​កូ​វីដ​-១៩ ។ ក្នុងន័យនេះ ការអនុវត្ត​ដោយ​ជោគជ័យ​នូវ គោលដៅ​ធំៗ​របស់​កម្មវិធី​កែទម្រង់​ការគ្រប់គ្រង ហិរញ្ញវត្ថុ​សាធារណៈ​នឹងចូលរួម​ចំណែក​យ៉ាងសំខាន់​ដល់​ការអភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​របស់​កម្ពុជា​នាពេល​អនាគត​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close