អាជ្ញាធរ​ជាតិ​អប្សរា ធ្វើ​កំណាយ​ស្រាវជ្រាវ នៅ​បរិវេណ​ផ្នែក​ខាងលិច​ប្រាសាទអង្គរវត្ត​

​អាជ្ញាធរ​ជាតិ​អប្សរា និង​សាកលវិទ្យាល័យ​ហា​វ៉ៃ​បាន​សហការគ្នា​ធ្វើ​កំណាយ​ស្រាវជ្រាវ​ពី​ការវិវត្ត ស្តីពី «​ការគោរព​ពុទ្ធសាសនា​ថេរវាទ​»​ដោយ​ផ្តោតលើ ការវិវត្ត​របស់​សហ​គម​ន៍​មនុស្ស​ក្នុង​តំបន់​នេះ តាំងពី​សម័យមុន​អង្គរ រហូតមកដល់​សម័យ​កណ្តាល ថា​មានការ​ផ្លាស់ប្តូរ​ដូចម្តេចខ្លះ នាពេល​ដែល «​វត្ត​» មក​ជំនួស​ប្រាសាទ សម័យអង្គរ ដោយបាន​ក្លាយជា​ស្នូល​របស់​សហគមន៍​។ តាមរយៈ​ទិន្នន័យ LiDAR បង្ហាញថា មាន​ទួល​លំនៅ​នៅ​ផ្នែក​ពាយព្យ​ប្រាសាទអង្គរវត្ត នា​សតវត្សរ៍​ទី​១២ ត្រូវ​ឈូស​ពង្រាប​ប្រហែល​នៅ សម័យ​កណ្តាល​។​

​លោក ទិន ទីណា អនុប្រធាននាយកដ្ឋាន​ស្រាវជ្រាវ បណ្តុះបណ្តាល និង​ផ្សព្វផ្សាយ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា មានប្រសាសន៍ថា អាជ្ញាធរ​ជាតិ​អប្សរា​បាន​សហការ​ជាមួយ​សាកលវិទ្យាល័យ​ហា​វ៉ៃ ធ្វើ​កំណាយ​ស្រាវជ្រាវ​នេះ គឺ​ក្នុង​គោលបំណង​ដើម្បី​ស្វែងយល់​ពី​មូលហេតុ​នៃ​ការប្រែប្រួល​រចនាសម្ព័ន្ធ​ទីក្រុង និង​ប្រជាសាស្ត្រ​ក្នុង​តំបន់​អង្គរ​ពី​សតវត្សរ៍​ទី​១៣​រៀងមក​។ ដូច្នេះ ដើម្បី​ឆ្លើយតប​ទៅនឹង​គោល​បំ​ណត​ខាងលើនេះ​បាន​ក្រុមការងារ​ស្រាវជ្រាវ​បាន​បើក​រណ្តៅ កំណាយ​ចំនួន​២០​រណ្តៅ ទំហំ ១x២​ម នៅតាម​ទួល និង​ត្រពាំង​ក្នុង​បរិវេណ​ប្រាសាទអង្គរវត្ត​។ ក្រៅពីនេះ ដើម្បី​ទទួល​ទិន្នន័យ​បន្ថែមទៀត អ្នកស្រាវជ្រាវ បាន​ខួង​ដី​ចំនួន​១០៤​រណ្តៅ​បន្ថែមទៀត​។ គម្រោង​ស្រាវជ្រាវ​នេះ បានចាប់ផ្តើម​តាំងពី​ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ​២០២២ ហើយនឹង​បញ្ចប់​នៅ​ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០២៣​។​

​លោក ទិន ទីណា ពន្យល់ថា ទិន្នន័យ​ដែល​ទទួលបាន​ពី​ការធ្វើ​កំណាយ​នេះ​អាចឱ្យ​យើង​យល់​ពី​សហគមន៍ មនុស្ស​រស់នៅក្នុង​រាជធានី​អង្គរ ដែល​អាចឆ្លើយតប​នឹង​កត្តា​ប្រវត្តិសាស្ត្រ​ធំៗ​មួយចំនួន​ដូចជា ការផ្លាស់ប្តូរ​មកកាន់​ពុទ្ធ​សា​នា​ថេ​វាទ​វិញ ការធ្លាក់ចុះ​អំណាចកណ្តាល របស់​អង្គរ ការ​ធ្លា​ស់​ប្តូរ​រាជធានី​ទៅ​ភាគខាងត្បូង (​ជុំវិញ​ភ្នំពេញ​) និង​ការវិលត្រឡប់​នៃ​អំណាចកណ្តាល​មួយរយៈ​ខ្លី​នៅ​សតវត្សរ៍​ទី​១៦ នៃ​ព្រះមហាក្សត្រ​សម័យ​លង្វែក​។

​លោក​មានប្រសាសន៍​បន្ថែ​ម​ថា នៅ​ឆ្នាំ​២០១៩-២០២០ ក្រុម​ស្រាវជ្រាវ​ទាំងពីរ​ស្ថាប័ន​ក៏បាន​ធ្វើ​កំណាយ​ស្រាវជ្រាវ​នៅ​គោក​ដូន​ប៉ុក គោក​បាក់ និង​គោក​គង់ នៅ​តំបន់​វត្ត​អធ្វា នៅ​គោក​រកា និង​គោក​ព្រៃ​អំពិល​កើត នៅ​តំបន់​វត្ត​ចេតិយ និង​នៅ​គោក​ព្រៃ​អំពិល​លិច​នៅ​តំបន់​វត្ត​ព្រៃ​ផ្តៅ​។ គោលបំណង​ធ្វើ​កំណាយ​ស្រាវជ្រាវ​នេះ គឺ​ដើម្បី​ប្រមូល​ទិន្នន័យ​ពី​សហគមន៍​មនុស្ស​រស់នៅក្នុង​តំបន់​ជនបទ​រាជធានី​អង្គរ​។​

លោក ហេង ពិភាល់ បណ្ឌិត​បុរាណវិទ្យា​នៃ​សាកលវិទ្យាល័យ​ហា​វ៉ៃ និង​ជា​ប្រធាន​គម្រោង​ស្រាវជ្រាវ​បានឱ្យដឹងថា ការធ្វើ​កំណាយ​ស្រាវជ្រាវ​នេះ ក្នុង​គោលបំណង​រកមើល​ពី​ការផ្លាស់ប្តូរ​រចនាសម្ព័ន្ធ​ទីក្រុង ការផ្លាស់ប្ដូរ​វិទ្យាសាស្ត្រ មានន័យថា គឺជា​ការស្វែងរក​ទីតាំង​ដែល​មនុស្ស​ធ្លាប់​រស់នៅ​ទូទៅ​។ ការផ្លាស់ប្ដូរ​វិទ្យាសាស្ត្រ​នេះ គឺ​វា​ទាក់ទង​ទៅ​និង​ទេសភាព (​ស្ថាន​ដី​ទូទៅ​) ថា​តើ សណ្ឋាន​ដី​ដែល​មនុស្ស​ធ្លាប់​រស់នៅ​មានការ​ផ្លាស់​ប្ដូរ​យ៉ាងណាខ្លះ​?​។ ទាក់ទង​ទៅនឹង​ប្រវត្តិសាស្ត្រ​ធំៗ មានដូចជា ការផ្លាស់ប្ដូរ​ជំនឿ​សាសនា​ពី​ព្រហ្មញ្ញ​មក​គោរព​ពុទ្ធសាសនា​មហាយាន​និង​ពុទ្ធសាសនា​ថេរវាទ​វិញ​នៅ​សតវត្សរ៍​ទី​១៣ តើ​បាន​ជះឥទ្ធិពល​អី​ខ្លះ​ដល់​ភូមិ​មនុស្ស​ដែល​ធ្លាប់​រស់នៅ​កណ្ដាល​ទីក្រុង​អង្គរ និង​តំបន់​ជនបទ​ជុំវិញ​អង្គរ​?​។ មួយវិញទៀត ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​ដែល​យើង​ធ្លាប់​ដឹង​តៗ​គ្នា គឺ​ការផ្លាស់ប្តូរ​រាជធានី​អង្គរ ថា​តើ វា​ពិតជា​ការបោះបង់ចោល​ទីក្រុង​អង្គរ​មែនឬ​យ៉ាងណា​?​។

​ចាប់​តាំងតែ​ពីថ្ងៃ​ទី​២១ ខែវិច្ឆិកា ឆ្នាំ​២០២២ រហូតមកដល់​ត្រឹម​ថ្ងៃទី​១៧ ខែមករា ឆ្នាំ​២០២៣ ក្រុម​អ្នកស្រាវជ្រាវ នៃ​អាជ្ញាធរ​ជាតិ​អប្សរា​និង​អ្នកជំនាញ​មកពី​សកល​វិទ្យាល័យ​Hawai នៃ​សហរដ្ឋអាមេរិក បានធ្វើ​កំណាយ​ស្រាវជ្រាវ​បុរាណវិទ្យា​ចំនួន​២០​រណ្តៅ​។ នៅតាម​រណ្តៅ​កំណាយ​ទាំង​នោះគេ​បាន​រកឃើញ​ខឿនវិហារ​នៃ​ព្រះពុទ្ធសាសនា ថេរវាទ​ធ្វើ​ពី​ថ្មបាយក្រៀម ដែលមាន​បង្គោល​សី​ម៉ា​ធ្វើ​ពី​ថ្មភក់​នៅ​ព័ទ្ធជុំវិញ​ជា​៨​ទិស ព្រមទាំង​រកឃើញ​បំណែក​កុលាលភាជន៍ និង​កំទេច​ធ្យូង ដែល​មនុស្ស​បុរាណ​បាន​ប្រើប្រាស់ ដែល​អាច​យក​សំណាក​ទាំងនោះ​ទៅធ្វើ​ការពិសោធន៍ រក​ចម្លើយ​ទិន្នន័យ​បាន​នៅពេល​ខាងមុខ​។​ ​ចាប់តាំងពី​អំឡុង​ឆ្នាំ​២០១៣​មក ក្រុមការងារ​ស្រាវជ្រាវ ធ្លាប់​បានធ្វើ​កំណាយ​នៅ​បរិវេណ​ទួល​ខាងកើត​នៃ​ប្រាសាទអង្គរវត្ត ដោយ​គេ​បាន​រកឃើញ​សំបក​ក្រូចថ្លុង គ្រាប់ស្រូវ និង​គ្រាប់​កប្បាស​ដែល​បន្សល់ទុក​ពី​សម័យបុរាណ​ប្រើប្រាស់​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close