ប្រាសាទបាភួន គឺជាប្រាសាទភ្នំតំណាងឱ្យភ្នំសុមេរុ ជាទេវស្ថានរបស់ព្រះឥសូរ
ប្រាសាទបាភួន គឺជាប្រាសាទភ្នំតំណាងឱ្យភ្នំសុមេរុ ដែលជាទេវស្ថានរបស់ព្រះឥសូរ។ ប្រាសាទនេះមានឈ្មោះដើមហៅថា “ត្រីភូវនចូនាមណី” ដែលក្រោយមកឈ្មោះនេះនៅសល់តែពាក្យភូវុនក្លាយជាភុន ឬភួនវិញ ពាក្យភុវនមានន័យថា” អ្នកដែលគ្រប់គ្រងលើភពទាំងបី”។ នៅចំពីមុខតួរបស់ប្រាសាទបែរទៅទិសខាងកើត មានស្ពានដើរចូលប្រវែង ២០០ម៉ែត្រ x ២.៥០ម៉ែត្រ ទ្រដោយសសរមូលចំនួន ៥៤៧ដើម រៀបយ៉ាងស្មើស្ពាននេះកសាងឡើងដើម្បីជាតំណាងឱ្យផ្លូវភ្ជាប់ពីឋានមនុស្សទៅឋានសួគ៌។ នៅខាងឆ្វេងដៃស្ពាន មានស្រះមួយមានទំហំ ៣៧ម៉ែត្រx២៨ម៉ែត្រ លម្អដោយកាំជណ្តើរធ្វើអំពីថ្មភក់។ ប្រាសាទនេះជាពីរ៉ាមីតដ៏ធំមួយកំពស់៣៥ម៉ែត្រ ដែលចែកចេញបីថ្នាក់ ហើយដែលព្រះបាទឧទយាទិត្យវរ្ម័នទី២សាងឡើងនៅស.វ.ទី១១ ដើម្បីតម្កល់លិង្គមួយនៅជាន់លើបង្អស់។
អ្នកជំនាញធំៗដែលធ្លាប់បានស្រោចស្រង់ប្រាសាទនេះ ក្នុងលក្ខណៈជាសង្គ្រោះបន្ទាន់ក្តី ឬជួសជុលក្នុងបំណងឲ្យបានយូរអង្វែងនៅតាមទីដែលរលំខ្លះក្តី សុទ្ធសឹងយល់ស្របគ្នាថាវិស្វកម្មដែលប្រើក្នុងការកសាងប្រាសាទជាលើកដំបូង មានខ្ចោះដោយសារគិតមិនដល់តាំងពីដើមទី។ ក្នុងប្រវត្តិនៃការជួសជុលបុរាណស្ថានអង្គរទាំងអម្បាលម៉ាន គឺប្រាសាទបាភួននេះហើយ ដែលទទួលការជួសជុលច្រើនលើកហើយធំធេងវែងឆ្ងាយជាងគេ។ បើរាប់តែកម្មវិធីជួសជុលចុងក្រោយបង្អស់ គឺចាប់ផ្តើមនៅទសវត្ស១៩៦០អស់ច្រើនឆ្នាំហើយ ផ្អាកមួយរយៈវែង ទើបចាប់ផ្តើមបន្តមកទៀត នៅឆ្នាំ១៩៩៥អស់រយៈពេលប្រមាណ ១៤ឆ្នាំទៀត។
ចម្លាក់រូបទាំងអម្បាលម៉ានជាទីត្រកាលភ្នែកពន់ពេក។ បើកុំនិយាយពីហោជាង និងផ្តែរនានា ចម្លាក់ជាក្បាច់ក្រឡោតតែងតែបង្ហាញក្នុងស៊ុមដាច់ចេញពីគ្នាដោយមានរឿងខុសៗគ្នា។ ជួនកាលរូបនោះរំលេចឈុតណាមួយនៃទេពកថាដែលយើងស្គាល់ ខ្លះទៀតបង្ហាញពីទិដ្ឋភាពផ្សេងៗនៃការរស់នៅរាល់ថ្ងៃនៃប្រជាជនសាមញ្ញ។ ប៉ុន្តែជាញឹកញយដែរ គេប្រទះឃើញរូបប្លែកៗដែលលំបាកនឹងបកស្រាយថាអ្នកឆ្លាក់ចង់បង្ហាញពីអ្វី។
ការឧទ្ទិសទៅព្រះឥសូរដែលជាន័យដើមនៃប្រាសាទនេះ គេបោះបង់ចោលជាស្ថាពរនៅស.វ.ទី១៦ ដើម្បីងាកទៅរកព្រះពុទ្ធសាសនាពេញទី។ នៅជំនាន់នោះ គេរៀបចំឡើងវិញនូវថ្មជាច្រើនរាប់មិនអស់ ដែលរលំធ្លាក់មកពីជាន់ទី២ នៅផ្នែកខាងលិច ឲ្យទៅជារូបព្រះពុទ្ធអង្គចូលនិព្វានប្រវែងជាង៦០ម៉ែត្រ។
នៅសម័យនោះហើយដែលប្រាសាទបាភួនថ្កុំថ្កើងឡើងវិញមួយរយៈពេលជាថ្មីទៀត។ ការកែប្រែស្ថាបត្យកម្មដើមមកឲ្យបម្រើសាសនាថ្មីក្នុងកម្រិតធំធេងបែបនេះ មានតែនៅភ្នំបាខែងដែលនៅខាងត្បូងបរិវេណអង្គរធំនេះទេដែលអាចប្រៀបគ្នាបាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។