១១ខែ ឆ្នាំនេះ! ទំហំពាណិជ្ជកម្មកម្ពុជា-អន្តរជាតិ សម្រេចបានជាង ៤៣ពាន់លានដុល្លារ ខណៈការនាំចេញ២១ពាន់លានដុល្លារ កើនឡើង ៤.០៨%
លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ បានបញ្ជាក់ឲ្យដឹងថា ទំហំពាណិជ្ជកម្មអន្តរជាតិ ក្នុងរយៈពេល១១ខែ ឆ្នាំ២០២៣នេះ សម្រេចបានជាង ៤៣ពាន់លានដុល្លារ ក្នុងនោះ ការនាំចេញមានចំនួន២១ពាន់លានដុល្លារ កើនឡើង ៤.០៨%។
ការបញ្ជាក់ឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាស លោកស្រី ចម និម្មល អញ្ជើញជាអធិបតី ក្នុងពិធីបើកសន្និបាត បូកសរុបការងារពាណិជ្ជកម្មឆ្នាំ២០២៣ និងទិសដៅអនុវត្តការងារពាណិជ្ជកម្ម ឆ្នាំ២០២៤។ សន្និបាតនេះ រៀបចំធ្វើឡើងរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២១-២២ ខែធ្នូ ឆ្នាំ២០២៣ នាទីស្ដីការក្រសួង។
លោកស្រី ចម និម្មល បានបញ្ជាក់យ៉ាងដូច្នេះថា «ទំហំពាណិជ្ជកម្មអន្តរជាតិ ក្នុងរយៈពេល១១ខែ ឆ្នាំ២០២៣ សម្រេចបាន ៤៣.៥២ពាន់លានដុល្លារ ក្នុងនោះ ការនាំចេញមានចំនួន២១ពាន់លានដុល្លារ គឺមានកើនឡើង ៤.០៨% បើប្រៀបធៀបនឹងការនាំចេញ រយៈពេល១១ខែ ឆ្នាំ២០២២»។
បន្ថែមពីនោះទៀត លោកស្រី ចម និម្មល បានឲ្យដឹងថា ទំហំពាណិជ្ជកម្មរបស់កម្ពុជា ជាមួយនឹងបណ្តាប្រទេសហត្ថលេខី នៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) មានចំនួន ២៦.៥៧ ពាន់លានដុល្លារ ដែលការនាំចេញមានទំហំ ៧.២១ ពាន់លានដុល្លារ គឺកើនឡើង ២៧.២៩%។
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់ថា ទីផ្សារ RCEP គឺជាទីផ្សារដ៏សំខាន់មួយសម្រាប់កម្ពុជា ដែលមានចំណែកប្រមាណ ៦១.០៦% នៃទំហំពាណិជ្ជកម្មសរុបរបស់កម្ពុជា។
ទន្ទឹមគ្នានេះ លោកស្រី ចម និម្មល បានឲ្យដឹងផងដែរថា ក្រសួងពាណិជ្ជកម្ម ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល នៅតែប្តេជ្ញាបន្តកិច្ចខិតខំប្រឹងប្រែង ក្នុងការជំរុញវិស័យពាណិជ្ជកម្ម ឲ្យកាន់តែរីកចម្រើន តាមរយៈ៖
១៖ ការបន្តពង្រឹងគុណភាពធនធានមនុស្សលើវិស័យពាណិជ្ជកម្ម និងធុរកិច្ចឌីជីថល ដោយធ្វើកំណែទម្រង់រចនាសម្ព័ន្ធរដ្ឋបាល និងគ្រប់គ្រង និងការអភិវឌ្ឍស្ថាប័ន
២៖ ការបន្តធ្វើកំណែទម្រង់ស៊ីជម្រៅ និងការធ្វើឱ្យប្រសើរឡើងគុណភាពនៃការផ្តល់សេវាសាធារណៈរបស់ក្រសួងតាមប្រព័ន្ធស្វ័យប្រវត្តកម្ម ដោយបានកាត់បន្ថយទាំងការចំណាយ និងពេលវេលា
៣៖ ការរក្សាស្ថិរភាពថ្លៃ និងការជំរុញពាណិជ្ជកម្មក្នុងប្រទេស ការអភិវឌ្ឍទីផ្សារ និងអភិវឌ្ឍវិស័យឯកជន
និង៤៖ ការបន្តកសាងនិងធ្វើវិសោធនកម្មច្បាប់និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងវិស័យពាណិជ្ជកម្មផងដែរ ដែលទាំងនេះបានបង្កលក្ខណៈងាយស្រួល និងបង្កើតបរិយាកាសអំណោយផលដល់ការធ្វើធុរកិច្ច និងការវិនិយោគ ក៏ដូចជាពង្រឹងភាពប្រកួតប្រជែងនៃទំនិញនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ។
លោកស្រី ចម និម្មល បានលើកឡើងថា តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ អតីតនាយករដ្ឋមន្ត្រី ដែលផ្តោតការយកចិត្តទុកដាក់ដល់ការប្រែក្លាយកម្ពុជា ទៅជាប្រភពដែលអាចទុកចិត្តបាន សម្រាប់ផ្គត់ផ្គង់ស្បៀងក្នុងតំបន់ និងពិភពលោក (Reliable Food Supply Chain) ក្រសួងពាណិជ្ជកម្មក្នុងតួនាទីជាអាណាព្យាបាលបច្ចេកទេសរបស់ក្រុមហ៊ុន ហ្គីនត្រេដ និងសហព័ន្ធស្រូវអង្ករកម្ពុជា បានបើកទីផ្សារ និងជំរុញការនាំចេញស្រូវ-អង្ករ និងកសិផលសំខាន់ៗជាច្រើន។
ជាលទ្ធផលក្នុងរយៈពេល១១ខែឆ្នាំ២០២៣នេះ ការនាំចេញអង្ករសម្រេចបាន ៥៩៥ ៦៣០ តោនធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២២ កើនឡើង៦.៥៣%។ ទន្ទឹមនឹងនេះ ក្រសួងក៏បានជំរុញនាំចេញកសិផលមួយចំនួនទៀតទៅកាន់ទីផ្សារអន្តរជាតិរួមមាន៖ ដំឡូងមីស្រស់, ចំណិតដំឡូងមីក្រៀម, ផ្លែមៀនស្រស់, ម្សៅដំឡូង, ផ្លែស្វាយស្រស់, ផ្លែចេកស្រស់, គ្រាប់ស្វាយចន្ទី, ម្រេច, គ្រាប់ពោត, សណ្ដែកបាយ, សណ្ដែកសៀង, ដូងប្រេង, និងបន្លែ។
សូមជម្រាបថា អង្គសន្និបាតនេះរៀបចំឡើងដើម្បីពិនិត្យ និងវាយតម្លៃលើសមិទ្ធផលការងារដែលក្រសួងសម្រេចបាន ក្នុងរយៈពេលមួយឆ្នាំកន្លងទៅ ក៏ដូចជាពិភាក្សាស៊ីជម្រៅ និងដោះស្រាយបញ្ហាប្រឈមនានា និងលើកទិសដៅអនុវត្តន៍សម្រាប់ឆ្នាំបន្ទាប់ ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា៕
ប្រភព៖ Fresh News
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។