Mercer ៖ ភ្នំពេញជារាជធានីដែល​​ត្រូវចំណាយថ្លៃរស់នៅច្រើនជាងគេលំដាប់ទី២​​នៅអាស៊ាន

​បើ​យោង​តាម​ទិន្នន័យ​តម្លៃ​នៃ​ការ​រស់​នៅ​ឆ្នាំ២០២៤ របស់គេហទំព័រ​ Mercer ចេញផ្សាយកាលពីថ្ងៃទី២៣ ខែមិថុនា បានបង្ហាញថា រាជធានីភ្នំពេញ ដែលជាទីក្រុងគុជរបស់ព្រះរាជាណាចក្រកម្ពុជា ត្រូវបានចាត់ថ្នាក់ជារាជធានី ដែលត្រូវចាយលុយអស់ច្រើនជាងគេលំដាប់ទី២ សម្រាប់ការរស់នៅ ធៀបនឹងរាជ/រដ្ឋធានី និងទីក្រុងផ្សេងទៀត នៃប្រទេសក្នុងតំបន់អាស៊ាន។ ក្នុងនោះរាជធានីភ្នំពេញ ក៏ជាប់ចំណាត់ថ្នាក់ទី១២៣ផងដែរ សម្រាប់ការចំណាយថ្លៃរស់នៅខ្ពស់បើធៀបនឹងបណ្តាប្រទេសផ្សេងទៀតលើពិភពលោក។

គេហទំព័រ​ Mercer បានបញ្ចេញរបាយការណ៍មួយបង្ហាញថា សិង្ហបុរី គឺជារដ្ឋបុរី មួយដែលត្រូវចំណាយថ្លៃខ្ពស់ជាងគេសម្រាប់ការរស់នៅ ពោលគឺជាប់លំដាប់ទី១នៅអាស៊ាន និងទី​២នៅទូទាំងសកលលោក។ សម្រាប់តំបន់អាស៊ាន រាជធានីភ្នំពេញ ស្ថិតនៅចំណាត់ថ្នាក់ទី២ តាមពីក្រោយដោយរាជធានីបាងកក​របស់ប្រទេសថៃ, រដ្ឋធានីម៉ានីលរបស់ប្រទេសហ្វីលីពីន, រដ្ឋធានីហ្សាការតារបស់​ឥណ្ឌូណេស៊ី និងរដ្ឋធានីហាណូយ និងទីក្រុងព្រៃនគររបស់ប្រទេសវៀតណាម។ ទីក្រុងយ៉ាំងហ្គោនរបស់មីយ៉ាន់ម៉ា, រដ្ឋធានីគូឡាំពួររបស់ប្រទេសម៉ាឡេស៊ី, រដ្ឋធានីវៀងចន្ទន៍របស់ប្រទេសឡាវ និងចុងក្រោយទីក្រុងចូហូ បារូ របស់ប្រទេសម៉ាឡេស៊ី។

ចំណាត់ថ្នាក់ថ្លៃចំណាយរស់នៅក្នុងរដ្ឋធានី និងទីក្រុងទាំងនេះ វាយតម្លៃដោយផ្អែកលើទិន្នន័យពីរដ្ឋធានី-ទីក្រុងចំនួន២២៦នៅលើពិភពលោក តាមលំដាប់លំដោយ ពីកន្លែងដែលត្រូវចាយវាយច្រើន និងថ្លៃបំផុតទៅកន្លែងដែលចាយទាបបំផុតសម្រាប់ការរស់នៅ។ Mercer បានវាយតម្លៃទីក្រុងចំនួន ២២៦ នៅទូទាំងទ្វីបចំនួន ៥ ដោយប្រៀបធៀបការចំណាយលើទំនិញជាង ២០០ ប្រភេទ នៅក្នុងទីតាំងនីមួយៗ រួមមានលំនៅដ្ឋាន ការដឹកជញ្ជូន អាហារ សម្លៀកបំពាក់ ទំនិញប្រើប្រាស់ក្នុងផ្ទះ និងការកម្សាន្ត។ ដោយក្នុងចំណោម រាជធានី រដ្ឋធានី និងទីក្រុង ដែលថ្លៃរស់នៅមានតម្លៃថ្លៃបំផុតទាំង១០ គឺពាក់កណ្តាលមានទីតាំងនៅអឺរ៉ុបខាងលិច ដោយប្រទេសស្វីសមានក្រុងនៅក្នុងនោះដល់ទៅ៤។ ទោះបីជាយ៉ាងណាក៏ដោយ រាជធានី រដ្ឋធានី និងទីក្រុងនៅអាស៊ីដែលនាំមុខគេក្នុងបញ្ជីនេះ រួមមាន៖ ហុងកុង និងសិង្ហបុរី នៅតែស្ថិតក្នុងតំណែងទី១ និងទី២រៀងគ្នា។

កត្តាសំខាន់ៗមួយចំនួន បានជះឥទ្ធិពលដល់សេដ្ឋកិច្ចពិភពលោកក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ នៅឆ្នាំ២០២៤ កត្តាទាំងនេះបន្តជះឥទ្ធិពលលើតម្លៃនៃការរស់នៅក្នុងទីក្រុងធំៗ។ កត្តាទាំងនោះរួមមាន៖ អតិផរណា និងការប្រែប្រួលនៃអត្រាប្តូរប្រាក់កំពុងជះឥទ្ធិពលដោយផ្ទាល់ទៅលើប្រាក់បៀវត្សរ៍ និងការសន្សំប្រាក់របស់បុគ្គលិក។ ការកើនឡើងនៃភាពប្រែប្រួលនៃសេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយ ក៏ដូចជាជម្លោះក្នុងតំបន់ និងភាពអាសន្នបាននាំឱ្យមានការចំណាយបន្ថែមនៅក្នុងតំបន់ដូចជា លំនៅដ្ឋាន ឧបករណ៍ប្រើប្រាស់ ពន្ធក្នុងស្រុក និងការអប់រំ។ ក្នុងករណីរដ្ឋធានី និងទីក្រុងលំដាប់ខ្ពស់ (ហុងកុង សិង្ហបូរី និងហ្ស៊ូរីច) កត្តាដូចជាទីផ្សារលំនៅដ្ឋានថ្លៃ ថ្លៃដឹកជញ្ជូនខ្ពស់ និងថ្លៃទំនិញ និងសេវាកម្មខ្ពស់ សុទ្ធតែបានរួមចំណែកដល់ការចំណាយសម្រាប់ការរស់នៅខ្ពស់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close