រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​រុក្ខាប្រមាញ់​ ​និង​នេសាទ​ជួប​គ​ណះ​កម្មា​ធិការ​ផលិតភាព​កម្ពុជា​

នៅ​ទី​ស្តី​ការក្រ​សួង​កសិកម្ម​ ​រុក្ខាប្រមាញ់​ ​និង​នេសាទ​ ​នា​រសៀល​ថ្ងៃទី២៥​ ​ខែមីនា​ ​ឆ្នាំ២០១៩​ ​ឯកឧត្ដម​រដ្ឋមន្ត្រី​ ​វេង​ ​សា​ខុន​ ​បាន​ទទួល​ជួប​គណ:កម្មា​ធិការ​ផលិតភាព​កម្ពុជា​អញ្ជើញ​មក​ពី​ក្រសួងសេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​ ​ដឹក​ដោយ​ឯកឧត្តម​ ​ស៊ី​សុ​វត្តិ​ ​ដួងច័ន្ទ​ទោ​។​ ​ជំនួប​នេះ​មាន​គោលបំណង​ប្រឹក្សា​យោបល់​ស្តី​ពី​ ​”​ផលិតភាព​ក្នុង​វិស័យ​កសិកម្ម​នៅ​កម្ពុជា​”​ ​មួយវិញទៀត​គឺ​ចង់​ស្វែងយល់​បន្ថែម​ពី​ឯកឧត្តម​រដ្ឋមន្រ្តី​អំពី​ទស្សនវិស័យ​ចំបង​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​នា​ពេល​អនាគត​។​ ​

​មាន​មតិ​ស្វាគមន៍​ ​ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ថ្លែងអំណរគុណ​ចំពោះ​ឯកឧត្តម​ប្រធាន​លេខាធិការ​ដ្ឋាន​គណ:កម្មា​ធិការ​ផលិតភាព​កម្ពុជា​ ​និង​សហការី​ដែល​បាន​អញ្ជើញ​មក​ក្រសួង​នា​ពេលនេះ​ ​ក្នុង​បំណង​ស្វែងយល់​ឲ្យបាន​ស៊ីជម្រៅ​ ​និង​ទូលំទូលាយ​នូវ​ប្រធានបទ​ខាងនេះ​។​

​ឯកឧត្តម​រដ្ឋមន្រ្តី​ ​បាន​ជម្រាប​ជូន​ឯកឧត្តម​ប្រធាន​ជ្រាប​ពី​ការវិវឌ្ឍន៍​រីកចម្រើន​របស់​វិស័យ​កសិកម្ម​នៅ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ ​ជាក់ស្តែង​កម្ពុជា​បាន​រំដោះខ្លួន​ចេញពី​ប្រទេស​ផលិត​ស្បៀង​សម្រាប់​តែ​ផ្គត់ផ្គង់​សេចក្តី​ត្រូវការ​ក្នុង​ស្រុក​ ​តែ​បច្ចុប្បន្ន​កម្ពុជា​ផលិត​ស្បៀង​លើស​ពី​តម្រូវការ​ក្នុង​ស្រុក​ ​ឈាន​ទៅជា​ប្រទេស​នាំ​ស្បៀង​ចេញ​ ​ហើយ​កំពុង​នឹង​ពង្រីង​និង​ពង្រីក​ផលិតភាព​ផលិតកម្ម​របស់​ខ្លួន​ឲ្យ​កាន់តែ​មាន​សក្តា​នុ​ពល​ក្នុង​ការប្រកួត​ប្រជែង​ទីផ្សារ​ទាំង​ក្នុ​តំបន់​ ​និង​ក្នុង​ពិភពលោក​សមស្រប​តាម​ស្ថានភាព​នយោបាយ​ ​កំណើន​សេដ្ឋកិច្ច​ ​ការប្រែប្រួល​អាកាសធាតុ​ ​និង​បរិ​យា​ប័ន​។​

ទន្ទឹម​នឹង​សមិទ្ធផល​ដែល​ក្រសួង​សម្រេច​បាន​ជា​វិជ្ជមាន​ ​ក្រសួង​ក៏​កំពុង​ជួប​បញ្ហា​ប្រឈម​មួយចំនួន​ដែល​ជា​ឧបសគ្គ​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​កម្ពុជា​ឲ្យ​មានការ​រីកចម្រើន​សមស្រប​តាម​កំណើន​សេដ្ឋកិច្ច​ ​កំណើនប្រជាជន​ ​ទេសចរណ៍​ ​និង​ជាពិសេស​ការប្រកួត​ប្រជែង​ទីផ្សារ​ក្នុង​ស្រុក​ ​ក្នុង​តំបន់​ ​និង​នៅ​ទូទាំង​ពិភពលោក​។​

​បញ្ហា​ប្រឈម​ទាំងនោះ​រួមមាន​÷​ ​ហេដ្ឋារចនាសម្ព័ន្ធ​គាំទ្រ​នៅ​ខ្វះខាត​ ​ខ្សែ​ច្រវាក់​ផលិតកម្ម​ពីដើម​ទី​ដល់​ចុងទី​នៅ​មានកម្រិត​ ​ការ​ផ្គត់ផ្គង់​ ​និង​តម្លៃ​ថាមពល​អគ្គិសនី​នៅ​មានកម្រិត​ខ្ពស់​ ​ធនធាន​ថវិកា​គាំទ្រ​នៅ​មានការ​ខ្វះខាត​ ​ប្រព័ន្ធ​ស្រោចស្រព​នៅ​មិនទាន់​ឆ្លើយតប​ ​បាន​សមស្រប​តាម​តម្រូវការ​របស់​ប្រជាកសិករ​ ​វិស័យ​កសិកម្ម​នៅ​ប្រឈមមុខ​ជាមួយ​បាតុភូត​ធម្មជាតិ​ ​(​ទឹកជំនន់​ ​រាំងស្ងួត​ ​ជំងឺ​ ​និង​សត្វល្អិត​ចង្រៃ​)​ ​ការប្រើ​ប្រាស់​ធាតុ​ចូល​កសិកម្ម​នៅ​មាន​ ​កម្រិត​ដែល​ប៉ះពាល់​ដល់​គុណភាព​ដី​ ​សមត្ថភាព​មន្រ្តី​ជំនាញ​ ​ការងារ​ស្រាវជ្រាវ​ ​និង​មន្ទីរពិសោធន៍​នៅ​មានកម្រិត​ ​ការ​ផ្សព្វផ្សាយ​និង​ការអនុវត្ត​បច្ចេកវិទ្យា​ទំនើប​ទាន់​ម័យ​នៅ​មិនទាន់​បាន​ទូលំ​ ​ទូលាយ​ ​និង​មានប្រសិទ្ធភាព​។​ ​បញ្ហា​ទាំងអស់​នេះ​ ​គឺជា​ដើមហេតុ​ ​ឬ​ជា​ឧបសគ្គ​ដល់​វិស័យ​ឯកជន​ក្នុង​ការ​វិនិយោគ​ធ្វើការ​កែច្នៃ​កសិផល​ដើម្បី​នាំចេញ​។​ ​

​ទោះជាយ៉ាងណា​ ​ឯកឧត្តម​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ជូន​ភ្ញៀវ​ថា​ ​ក្រសួង​បាន​និង​កំពុង​ខិតខំ​ដោះស្រាយ​បញ្ហា​ទាំងនោះ​ដោយ​ឈរ​លើ​ស្មារតី​ទទួលខុសត្រូវ​ ​និង​ទៅតាម​អាទិភាព​ ​សមត្ថភាព​ជា​បណ្តើរ​ៗ​តាម​រយ:ការ​ដាក់ចេញ​នូវ​យន្តការ​អនុវត្ត​រវាង​រដ្ឋ​ ​វិស័យ​ឯកជន​ ​ដៃគូ​អភិវឌ្ឍ​ ​និង​សហគមន៍​ ​បង្កើន​ការងារ​ផ្សព្វផ្សាយ​ ​និង​ការអនុវត្ត​បច្ចេកវិទ្យា​ទំនើប​សមស្រប​ ​ជំរុញ​ការអនុវត្ត​ផលិតកម្ម​កសិកម្ម​តាម​កិច្ច​ ​សន្យា​ ​ការ​បង្កើន​សមត្ថភាព​មន្ទីរពិសោធន៍​ ​និង​មន្រ្តី​ជំនាញ​ ​ទាំងអស់​នេះ​គឺ​បាន​ចែង​ក្ន​ង​ផែនការ​យុទ្ធ​សាស្រ្ត​អភិវឌ្ឍ​វិស័យ​កសិកម្ម​ឆ្នាំ២០១៩​ ​-​២០២៣​។​ ​លោក​បាន​បញ្ជាក់​ថា​ ​ផែនការ​យុទ្ធ​សាស្រ្ត​អភិវឌ្ឍ​វិស័យ​កសិកម្ម​នេះ​ ​សម្រេច​ទៅ​បាន​ដោយ​ជោគជ័យ​ ​លុះត្រាតែ​មានការ​ចូលរួម​ ​សហការ​ ​និង​គាំទ្រ​យ៉ាង​ពេញលេញ​ពី​គ្រប់​ដៃគូ​អភិវឌ្ឍ​ ​វិស័យ​ឯកជន​ ​និង​ជាពិសេស​ក្រសួង​ ​និង​ស្ថាប័ន​ពាក់ព័ន្ធ​។​ ​

​ឯកឧត្តម​ ​ស៉ី​សុ​វត្តិ​ ​ដួងច័ន្ទ​ទោ​ ​បាន​ថ្លែងអំណរគុណ​ចំពោះ​ឯកឧត្តម​រដ្ឋមន្ត្រី​ដែល​បាន​ផ្តល់​កិ​ត្តិ​យល​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​នា​ថ្ងៃនេះ​ ​ហើយ​ឯកឧត្តម​ក៏បាន​ឯកភាព​ចំពោះ​ការ​លើកឡើង​របស់​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ហើយ​ចំពោះ​លទ្ធផល​ដែល​ទទួល​បាន​នា​ថ្ងៃនេះ​ ​ឯកឧត្តម​នឹង​រៀបចំ​របាយការណ៍​លំអិត​ជូន​រាជរដ្ឋាភិបាល​ដើម្បី​ពិនិត្យ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close