ឥណ្ឌា​នឹង​ចាក់​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ​១៩ របស់​ក្រុមហ៊ុន អាមេរិក Pfizer

​ក្រោយ​ការធ្វើ​តេស្ត​មាន​ប្រសិទ្ធភាព​ដល់​ទៅ​ជាង ៩៥% ហើយ​ពេលនេះ​ប្រទេស​អង់គ្លេស ក៏បាន​ក្លាយជា​ប្រទេស​ទីមួយ​ដែល​បាន​ចាក់​វ៉ាក់សាំង​ដល់​ពលរដ្ឋ​របស់ខ្លួន ។ នៅពេលនេះ​ក្រុមហ៊ុន អាមេរិក Pfizer កំពុង​ស្នើសុំ​ការចាក់ វ៉ាក់សាំង​កូ​វីដ​-១៩ បន្ទាន់​នៅ​ប្រទេស​ឥណ្ឌា ដែលជា​ប្រទេស​មាន​ករណី​ឆ្លង​កូ​វីដ​១៩ លំដាប់​ទី​ពីរ លើ​ពិភពលោក​។​

​នៅពេលនេះ ក្រុមហ៊ុន​ឱសថ​អាមេរិក Pfizer បានដាក់​ពាក្យស្នើសុំ​ការប្រើប្រាស់​បន្ទាន់ នូវ​វ៉ាក់សាំង​ប្រឆាំង COVID-19 របស់ខ្លួន​នៅក្នុង​ប្រទេស​ឥណ្ឌា ដែលជា​ប្រទេស​មាន​ប្រជាជន ច្រើនជាងគេ​លំដាប់​ទី ២ នៅលើ​ពិភពលោក​គឺ ១.៣៨​ពាន់​លាន​នាក់​។​
​នៅក្នុង​បទសម្ភាសន៍​តាម​កញ្ចក់​ទូរទស្សន៍​ឥណ្ឌា NDTV កាលពីពេល​ថ្មីៗ​នេះ លោក វី​ខេ ផូ​ល (VK Paul) ជាទី​ប្រឹក្សា​រដ្ឋាភិបាល​ឥណ្ឌា ទទួលបន្ទុក​កម្មវិធី​វ៉ា​ក់សាក់ COVID-19 បាន​ប្រាប់ថា ក្រុមហ៊ុន Pfizer បានធ្វើ​ទំនាក់ទំនង​ជាមួយ​អាជ្ញាធរ​ឥណ្ឌា កាលពី​ថ្ងៃ​សៅរ៍​ចុង​សប្ដាហ៍​កន្លងទៅ​។ លោក Paul បន្ថែម​ដូច្នេះ​ថា «​យើង​ស្វាគមន៍​ចំណាប់អារម្មណ៍​របស់​ក្រុមហ៊ុន Pfizer ដែល​ចង់បាន​អាជ្ញាប័ណ្ណ​ប្រើប្រាស់​បន្ទាន់ នៅក្នុង​ប្រទេស​របស់​យើង​»​។​

​គួរបញ្ជាក់​តាម​លោក VK Paul ឲ្យ​ដឹងថា ជាធម្មតា​ឥណ្ឌា​ត្រូវការ​ពេល ៩០​ថ្ងៃ ដើម្បី​ធ្វើការ​សម្រេចចិត្ត​លើ​ការស្នើសុំ​បែបនេះ ប៉ុន្តែ​ការសម្រេចចិត្ត​លើ​វ៉ាក់សាំង​របស់​ក្រុមហ៊ុន​អាមេរិក Pfizer អាច​នឹងធ្វើ​ឡើង​លឿន​ជាង​នេះ​។ គិត​ត្រឹម​ថ្ងៃអាទិត្យ​ម្សិលមិញ ឥណ្ឌា​មាន​ករណី​ឆ្លង COVID-19 សរុប​ជាង ៩.៦​លាន​ករណី ក្នុងនោះ​ស្លាប់ ១៤​ម៉ឺន​នាក់ និង​ជាសះស្បើយ​វិញ ៩.១​លាន​នាក់​។​

​ចំពោះ​វ៉ាក់សាំង COVID-19 របស់​ក្រុមហ៊ុន​អាមេរិក Pfizer នេះ​ត្រូវបាន​ក្រុម​អ្នកជំនាញ​អះអាង​រួចទៅហើយ​ថា មាន​ប្រសិទ្ធភាព​លើស ៩០​ភាគរយ ហើយ​មិនមាន​ការបារម្ភ​ពី​បញ្ហា​សុវត្ថិភាព​ឡើយ​។ បន្ថែម​ពីនេះ ចក្រភព​អង់គ្លេស​ក៏បាន​ក្លាយជា​ប្រទេស​ដំបូង​គេ នៅ​លោកខាងលិច ដែល​បាន​អនុញ្ញាតឱ្យ​ប្រើប្រាស់ វ៉ាក់សាំង​របស់​ក្រុមហ៊ុន​អាមេរិក​មួយ​នេះ នៅក្នុង​ករណី​បន្ទាន់​រួចទៅហើយ​ដែរ​៕

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close