បើករថយន្ត ជ្រុលចង្កូតបុកម៉ូតូ ស្លាប់២នាក់នៅនឹងកន្លែង
ខេត្តកំពង់ឆ្នាំង៖ ដោយសារតែរថយន្តវ៉ាងជែងមិនប្រយ័ត្ន បានជ្រុលទៅបុកម៉ូតូ១គ្រឿង បណ្តាលឲ្យមនុស្ស២នាក់ស្លាប់ភ្លាមៗតែម្តង។ ករណីនេះ បានកើតឡើងកាលពៅរសៀល ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២០ ក្នុងភូមិត្រពាំងព្រីង ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។
បើតាមរបាយការណ៍ពីសមត្ថកិច្ច បានឲ្យដឹងថា ករណីនេះបង្កឡើងដោយរថយន្ត ម៉ាកHilander ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ បាត់ដំបង 2B.5193 បានទៅបុកម៉ូតូ១គ្រឿង ម៉ាកហុងដា ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ឆ្នាំង 1E.0051 ក្នុងដំណើរស្របទិសគ្នា។
ជនរងគ្រោះជាភាគីខាងម៉ូតូ ឈ្មោះ ផ្លុង វិត ភេទប្រុស អាយុ៤១ឆ្នាំ និងអ្នករួមដំណើរឈ្មោះ ហន ហួយ ភេទប្រុស អាយុ៤០ឆ្នាំ ទាំងពីររស់នៅភូមិត្រពាំងព្រីង ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស។ រីឯភាគីខាងរថយន្ត បានរត់គេចខ្លួនបាត់ ដោយបន្សល់ទុករថយន្តនៅនឹងកន្លែង។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានយកវត្ថុតាងទៅរក្សាទុកបណ្តោះអាសន្តនៅអធិការដ្ឋាននគរបាលស្រុកទឹកផុស ដើម្បីកសាងសំណុំរឿងតាមនីតិវិធី។ ដោយឡែកសាកសព បានប្រគល់ជូនបងប្អូនយកទៅធ្វើបុណ្យតាមប្រពៃណី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។