ក្រុមការងារប្រតិកម្មរហ័ស បំភ្លឺព័ត៌មានថា «អាជ្ញាធរខេត្តកណ្តាល បើកឱ្យពលរដ្ឋខ្មែរចូលលេងល្បែងស៊ីសងយ៉ាងពពាក់ពពូន មិនខ្លាចឆ្លងជំងឺកូវីដ-១៩»!
ខេត្តកណ្តាល៖ ក្រោយពីទទួលបាននូវព័ត៌មាននេះ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមបដិសេធទាំងស្រុងនូវខ្លឹមសារសារព័ត៌មានខាងលើដែលបានចុះផ្សាយ។ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល អនុវត្តទៅតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសេចក្តីណែនាំរបស់ក្រសួងសុខាភិបាលលេខ ២២៤សខល ចុះថ្លៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ ស្តីពីការអនុវត្តគម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល ដើម្បីបង្ការ និងទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ ក្នុងសហគមន៍ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ព្រមទាំងសេចក្តីណែនាំលេខ០៦០ សណន ចុះថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ ស្តីពីការទប់ស្កាត់ការចម្លងមេរោគកូវីដ-១៩ នៅក្នុងសហគមន៍ក្នុងខេត្តកណ្តាល ។
អនុវត្តតាមអនុសាសន៍របស់ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ដោយមានការសហការពីគណៈបញ្ជាការឯកភាពស្រុក/ក្រុង ពាក់ព័ន្ធបានចុះអប់រំ ណែនាំ និងបញ្ឈប់ល្បែងកាស៊ីណូ ហ្គ្រេនដ្រាហ្គនរីសត និងកាស៊ីណូកាឡាក់ស៊ី ព្រមទាំង KTV ក្លឹបកំសាន្ត និងភោជនីយដ្ឋានក្នុងភូមិសាស្ត្រខេត្តកណ្តាល ជាបណ្តោះអាសន្ន បើសិនជាទីកន្លែងទាំងនោះមិនអនុវត្តទៅតាមវិធានការរបស់ក្រសួងសុខាភិបាល និងសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្ត ដើម្បីបង្ការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩។
អាស្រ័យហេតុនេះ សូមអ្នកសារព័ត៌មាន និងសាធារណជនដែលប្រើប្រាស់បណ្តាញសង្គមមេត្តាជ្រាបជាព័ត៌មាន និងកុំមានការភាន់ច្រឡំ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។