បិទផ្សារចំនួន២ ក្នុងក្រុងសៀមរាប បន្ទាប់រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩
ផ្សារចំនួន២ នៅក្រុងសៀមរាប គឺផ្សារក្រោម និងផ្សារវត្តអធ្វា ត្រូវបានអាជ្ញាធរខេត្តសៀមរាប សម្រេចបិទការចេញចូលជាបណ្តោះអាសន្ន បន្ទាប់ពីរកឃើញបុរសម្នាក់ជាអាជីវករលក់ដូរនៅផ្សារក្រោម ឈ្មោះ អ៊ឹង ខៃលី និងក្រុមគ្រួសារមានវិជ្ជមានមេរោគកូវីដ ១៩។
តាមសេចក្តីប្រកាសព័ត៌មានរបស់អាជ្ញាធរខេត្តសៀមរាបថា នៅថ្ងៃទី១២ មេសា ម្សិលមិញ គេបានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ថ្មី បន្ថែមចំនួន៣នាក់ ដោយ ទី១.ឈ្មោះ ចាន់ ផុន ភេទស្រី អាយុ ២១ឆ្នាំ ២.ឈ្មោះ ជា គីម ភេទស្រី អាយុ ៥០ឆ្នាំ និង៣.ឈ្មោះ សរ សុវណ្ណារិទ្ធ ភេទប្រុស អាយុ ៥០ឆ្នាំ។ អ្នកទាំងបី មានមុខរបរជាអាជីវករលក់ដូរនៅផ្សារក្រោម និងជាក្រុមគ្រួសាររបស់ លោក អ៊ឹង ខៃលី ដែលវិជ្ជមានជំងឺកូវីដ-១៩ ហើយលោកស្រី ជា គីម ក៏ជាអាជីវករលក់ដូរនៅផ្សារវត្តអធ្វាផងដែរ។
ជាចំណាត់ការបន្ទាន់ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបានសម្រេចបិទការចេញ-ចូលជាបណ្តោះអាសន្នផ្សារក្រោម ស្ថិតនៅភូមិវិហារចិន សង្កាត់ស្វាយដង្គំ និងបន្ថែមការបិទការចេញ-ចូលជាបណ្តោះអាសន្នផ្សារវត្តអធ្វា ស្ថិតនៅភូមិកក្រាញ់ សង្កាត់សៀមរាប ក្រុងសៀមរាប រហូតដល់ មានសេចក្តីជូនដំណឹងជាថ្មី។
ចាប់តាំងពីមានព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ សម្រាប់ខេត្តសៀមរាប រហូតមកដល់ពេលនេះរកឃើញមានអ្នកវិជ្ជមានកូវីដ១៩ ចំនួន១៦នាក់ហើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។