គម្រោង​អភិវឌ្ឍន៍​ទេសចរណ៍ធម្មជាតិ​ខ្នាតតូច​ចំនួន​៥ នឹង​បង្កើត​សក្តានុពល​ទេសចរណ៍​កាន់តែខ្លាំង

​ខេត្តកំពត​៖ ប្លង់​មេ និង​ផែនការអភិវឌ្ឍន៍​វិនិយោគ​ទេសចរណ៍ធម្មជាតិ​ខ្នាតតូច​ចំនួន ៥ ស្ថិតនៅក្នុង​ឧទ្យាន​ជាតិ​ព្រះ មុនី​វង្ស​បូកគោ ភូមិសាស្ត្រ​សង្កាត់​ព្រែក​ត្នោត ខេត្តកំពត ត្រូវបាន​ដាក់​ឆ្លង និង​អនុម័ត​នៅក្នុង​កិច្ចប្រជុំ​ពិនិត្យ​នៅ​ថ្ងៃ ទី ២៥ ខែតុលា ឆ្នាំ​២០២១​។

​ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន ជឿជាក់ថា គម្រោង​វិនិយោគ​អភិវឌ្ឍន៍​ទេសចរណ៍ធម្មជាតិ​ខ្នាតតូច​នេះ នឹងចូលរួម​បង្កើត​សក្តានុពល​ទេសចរណ៍​កាន់តែខ្លាំង និង​មាន​ជម្រើស​កាន់តែច្រើន ចូលរួម​បង្កើត​ការងារ និង បង្កើន​ជីវភាព​ប្រជាពលរដ្ឋ​នៅ​ជុំវិញ​តំបន់​នោះ​។

​ឯកឧត្តម​រដ្ឋលេខាធិកា​រ​ក្រសួងបរិស្ថាន បាន​គូសបញ្ជាក់ថា ទេសចរណ៍ធម្មជាតិ​ផ្នែក​មួយ​យ៉ាងសំខាន់ នៃ​ទេសចរណ៍​កម្ពុជា ហើយ​តំបន់ការពារធម្មជាតិ និង​របៀង​អភិរក្ស​ចម្រុះ​ដែល​កំពុង​ត្រូវបាន​ការពារ​បាន​យ៉ាង​ល្អប្រសើរ​បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​ជំរុញ​វិស័យ​ទេសចរណ៍​នៅក្នុង​បរិការណ៍​នៃ​ការ ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ ១៩ នេះ​។

​ឯកឧត្តម​បានលើកឡើង​ថា​ក្នុង​រយៈពេល​ចុងក្រោយ​នេះ ពល រដ្ឋ​ខ្មែរ​បាន​ដើរ​កម្សាន្ត​ច្រើន​នៅតាម​រមណីយដ្ឋាន និង​តំបន់​ទេសចរណ៍ធម្មជាតិ​នានា​ក្នុងប្រទេស​កម្ពុជា និង​បាន​នាំចូល​សេដ្ឋកិច្ច​ជាច្រើន​ទៅ​មូលដ្ឋាន និង​បង្កើត​ការងារ​ថ្មី​ជូន​ពលរដ្ឋ ដែលជា​ផ្នែក​មួយ​នៃ ការចូលរួម​ពង្រឹង​លើ​កិច្ចការពារ​និង​អភិរក្ស​ធនធានធម្មជាតិ​។

​ឯកឧត្តម​រដ្ឋលេខាធិកា​រ បាន​លើកឡើងថា ប្រជាពលរដ្ឋ​ខ្មែរ​កាន់តែ​ច្រើនឡើង បានផ្តល់​តម្លៃ​ខ្ពស់​នៃ​តំបន់​ទេសចរណ៍ធម្មជាតិ និង​មាន​មោទកភាព​ចំពោះ​សម្បត្តិ ធនធាន​របស់​កម្ពុជា ជាពិសេស​តាមរយៈ​ដំណើរ​កម្សាន្ត​នៅតាម​រមណីយដ្ឋាន​ទេសចរណ៍ធម្មជាតិ នានា រូបភាព និង​ទេសភាព​ធម្មជាតិ​ដ៏​ស្រស់ត្រកាល នៃ​ប្រទេស​កម្ពុជា ត្រូវបាន​ចែករំលែក​យ៉ាង​ទូលំទូលាយ​នៅតាម​បណ្តាញ​ទំនាក់ទំនង​សង្គម និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា ដែល​បាន​ចូលរួម​កាន់តែខ្លាំង​ថែមទៀត ក្នុងការ​បណ្តុះ​ស្មារតី​ស្រឡាញ់​បរិស្ថាន និង​ធនធានធម្មជាតិ​ក្នុងចំណោម​ប្រជាពលរដ្ឋ​ខ្មែរ និង​បាន​ចូលរួម​ថែរក្សា​ការពារ​នូវ​ទេសភាព និង​សម្បត្តិ​ធម្មជាតិ​ទាំងនេះ​សម្រាប់​មនុស្ស​រាប់​ជំនាន់​ត​ទៅមុខទៀត​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close