គ្រឿងញៀន​ជាង ២៥​គីឡូក្រាម ត្រូវ​សមត្ថកិច្ច​បង្ក្រាប និង​ឃាត់ខ្លួន​ជនសង្ស័យ ៣​នាក់

​ភ្នំពេញ​៖ សមត្ថកិច្ច​ជំនាញ នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន នៅ​ថ្ងៃទី​២៦ តុលា​នេះ បាន​បង្ហាញមុខ​ជនសង្ស័យ​ចំនួន ៣​នាក់ ករណី​បង្ក្រាប​ជួញដូរ​គ្រឿងញៀន​ជាង ២៥​គីឡូក្រាម នៅ​ខេត្តបន្ទាយមានជ័យ និង​សៀមរាប​។​

​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា ប្រតិបត្តិការ​នេះ ធ្វើឡើង​កាលពី​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០២១​កន្លងទៅ នៅ​៣​ចំណុច​ផ្សេងគ្នា ជា​បន្តបន្ទាប់ គឺ​ទី​១.​នៅ​ចំណុច​ក្រោម​ដើម​ស្វាយ ប្រហែល​១០​ម៉ែត្រ​ពី​ផ្លូវជាតិ​លេខ​៥៩(​ចន្លោះ​គីឡូ​ម៉ែត​លេខ​៩​និង​១០) ស្ថិតក្នុង​ភូមិ​រស្មី​សាមគ្គី សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​, ទី​២.​នៅ​ចំណុច​ផ្ទះ​គ្មាន​លេខ បូរី​អចលនទ្រព្យ​អង្គរ ភូមិ​គោក​ធ្នោ​ត ឃុំ​ក​ណ្តែ​ក ស្រុក​ប្រសាទ​បា​គង់ ខេត្តសៀមរាប និង​ទី​៣.​នៅ​ចំណុច​ឆែក​លំនៅដ្ឋាន​របស់​ឈ្មោះ លាង ម៉ាប់ ហៅ​ទូច មួយកន្លែង​ស្ថិតនៅ​ក្នុងភូមិ​បា​លិ​លេ​យ្យ សង្កាត់​/​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។

​ជនសង្ស័យ​ដែល​ឃាត់ខ្លួន​ទាំង ៣​នាក់​នោះ ១-​ឈ្មោះ SUCHAT WANSUWONG ភេទ​ប្រុស ជនជាតិ​ថៃ (​គ្មាន​លិខិតឆ្លងដែន​) ២-​ឈ្មោះ លាង ម៉ាប់ ហៅ​ទូច ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ ជនជាតិខ្មែរ និង​៣-​ឈ្មោះ ឡុង សុ​ឡេង ភេទ​ស្រី អាយុ​៣៥​ឆ្នាំ ជនជាតិខ្មែរ (​ប្រពន្ធ លាង ម៉ាប់​)​។​

​ចំណែក​វត្ថុតាង​ចាប់​យកបាន សារធាតុ​ញៀន​សរុប ២៥​គ​.​ក្រ ១០២,៤៣​ក្រាម​
(​មេ​តំ​ហ្វេ​តា​មីន​(ICE) ២៥​កញ្ចប់​ធំ​-២​កញ្ចប់​តូច មេ​តំ​ហ្វ​តា​មីន​(WY) ៧៨៥​គ្រាប់​) ជ​ញ្ជី​ថ្លឹង ១​គ្រឿង រថយន្ត ១​គ្រឿង ទូរស័ព្ទដៃ ៦​គ្រឿង លុយ​ខ្មែរ ៧,៩៥៥,០០០​រៀល លុយ​ថៃ ៤៦,៣៥០​បាត លុយ​អាមេរិក ២៥,៨៨៥​ដុល្លារ គ្រឿងអលង្ការ និង​បង្កក​ផ្ទះ ២​កន្លែង​។​

​បច្ចុប្បន្ន​ជនសង្ស័យ ព្រមទាំង​វត្ថុតាង បាន​បញ្ជូនទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ចាត់ការ​បន្ត​តាម​នីតិវិធី​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close