ភ្នំភ្លើងនៅប្រទេសជប៉ុនកម្រើកខ្លួនអាចផ្ទុះទ្រង់ទ្រាយធំក្នុងពេលដ៏ខ្លីខាងមុខ
ក្រុមជំនាញជប៉ុនបានប្រកាស នៅថ្ងៃទី២៦ខែតុលាថា ភ្នភ្លើង Aso អាចនឹងផ្ទុះទ្រង់ទ្រាយធំនៅពេលខាងមុខ ខណៈមានការញ័ររញ្ជួយដីជាបន្តបន្ទាប់ ប៉ុន្មានថ្ងៃចុងក្រោយនេះជាសញ្ញានៃការកម្រើកខ្លួនរបស់ភ្នំភ្លើងអាចផ្ទុះឡើងគ្រប់ពេល។
តាមទីភ្នាក់ងារឧតុនិយមជប៉ុនហៅកាត់ថា JMA បានចេញសេចក្តីព្រមានថ្មីមួយ នៅថ្ងៃ ទី២៦ ខែតុលា ឆ្នាំ២០២១នេះថា កម្រិតនៃការរញ្ជួយភ្នំភ្លើងនៅត្រង់រណ្ដៅទី ១ ឈ្មោះ ណាកាដាកិ (No.1 Nakadake) នៃតំបន់ភ្នំភ្លើង Aso បានកើនឡើងយ៉ាងខ្លាំង គិតចាប់តាំងពីយប់ថ្ងៃអាទិត្យសប្តាហ៍មុន មកទល់នឹងព្រឹកថ្ងៃចន្ទដើមសប្តាហ៍នេះ។ បន្ទាប់ពីការផ្ទុះភ្នំភ្លើង នៅត្រង់រណ្តៅដែលមានមុខកាត់ជាង ១,៥០០ម៉ែត្រកាលពីថ្ងៃពុធសប្តាហ៍មុន, JMA បានបង្កើនការប្រកាសអាសន្នភ្នំភ្លើងដល់កម្រិតទី ៣ ក្នុងចំណោមកម្រិតទាំង ៥ និងហាមឃាត់ការចូលទៅកាន់ តំបន់ភ្នំភ្លើងនោះក្នុងរង្វង់ ២គីឡូម៉ែត្រ។
គួរបញ្ជាក់តាម JMA ឲ្យដឹងថា ផេះភ្នំភ្លើងបានជះចេញក្នុងរយៈកម្ពស់ ១ គីឡូម៉ែត្រពីមាត់រណ្ដៅ ហើយលំហូរកម្ទេចផេះពីមាត់រណ្តៅវិញគឺមានប្រវែង ១.៣គីឡូម៉ែត្រ នៅភាគខាងលិចនៃរណ្ដៅនេះ។ វាជាកម្រិតធ្ងន់ធ្ងរលើកដំបូងហើយ គិតចាប់តាំងពីខែតុលា ឆ្នាំ២០១៦។ មិនមានសេចក្តីរាយការណ៍ថា មាន អ្នក ស្លាប់ និង របួស ក្នុងហេតុការណ៍ផ្ទុះកាល ពី សប្តាហ៍ មុន នោះទេ។ ដោយឡែកអ្នក ឡើង ភ្នំ ចំនួន ១៦ នាក់ បាន ធ្វើ ដំណើរ ចុះ មក វិញដោយគ្មាន របួស៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។