ក្រសួងសុខាភិបាល សម្រួល​លក្ខខណ្ឌ​ធ្វើដំណើរ ការអនុវត្ត​វិធានការ​សុខាភិបាល និង​ការធ្វើ​ច​ត្តា​ឡី​ស័ក សម្រាប់​អ្នកដំណើរ​ចូល​កម្ពុជា ស្របតាម​គន្លង​ប​ក្រ​តី​ភាព​ថ្មី​

​ភ្នំពេញ​៖ រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​និង​ជា​ប្រធាន​គណៈកម្មការ​អន្តរក្រសួង​ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩ បាន​កែសម្រួល​លក្ខខណ្ឌ​ធ្វើដំណើរ ការអនុវត្ត​វិធានការ​សុខាភិបាល និង​ការធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​កម្ពុជា សម្រាប់​អ្នកដំណើរ​ចូល​កម្ពុជា​ស្របតាម​គន្លង​ប្រក្រតីភាព​ថ្មី​ដូចខាងក្រោម​៖

១-​អ្នកដំណើរ​ដែល​បាន​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ដូ​ស​មូលដ្ឋាន​បាន​ពេញលេញ ត្រូវ​ភ្ជាប់​មកជា​មួយ​នូវ​បណ្ណ ឬ​វិញ្ញាបនបត្រ​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ដែល​បញ្ជាក់​ពី​ការចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ដូ​ស​មូលដ្ឋាន​បាន​ពេញលេញ និង​វិញ្ញាបនបត្រ​បញ្ជាក់ថា​គ្មាន​ជំងឺ​កូ​វីដ​-១៩ (​តេស្ត PCR) ក្នុង​រយៈពេល ៧២ ម៉ោង មុនពេល​មកដល់​កម្ពុ​ជា ទទួលស្គាល់​ដោយ​អាជ្ញាធរ​សុខាភិបាល​នៃ​ប្រទេស​សាមី ឬ​ប្រទេស​សំណាក់​ចុងក្រោយ​មុន​ចាកចេញ​មកកាន់​កម្ពុជា​។ ពេលមកដល់​កម្ពុជា ត្រូវធ្វើ​តេស្ត​រហ័ស​រក​អង់​ទី​ហ្សែ​ន​កូ​វីដ​-១៩(Rapid Test)​នៅ​ច្រកចូល​ប្រទេស ហើយ​ត្រូវ​រង់ចាំ​លទ្ធផល​តេស្ត​នេះ​។​បន្ទាប់ពី​ទទួលបាន​លទ្ធផល​តេស្ត​វី​៥-១៩​អវិជ្ជមាន បុគ្គល​មិន​តម្រូវឱ្យធ្វើ​ច​ត្តា​ឡី​ស័ក​ឡើយ និង​អាចធ្វើ​ដំណើរ​ដោយ​សេរី​ទូទាំងប្រទេស​កម្ពុជា​។ ក្នុងករណី​ទទួលបាន​លទ្ធផល​តេស្ត​កូ​វីដ​-១៩ វិជ្ជមាន អ្នកជំងឺ​អាចដាក់​ឱ្យ​ព្យាបាល​ឬ​បញ្ជូនទៅ​កន្លែង​ព្យាបាល​ដែល​អនុញ្ញាត​ដោយ​ក្រសួងសុខាភិបាល​។​

២-​ចំពោះ​អ្នកដំណើរ​ដែល​មិនបាន​ចាក់​វាក់​សាំង​កូ​វីដ​-១៩ ឬ​មិនទាន់​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ដូ​ស​មូលដ្ឋាន បាន​ពេញលេញ ហើយ​ធ្វើដំណើរ​ចូលមក​កម្ពុជា​តម្រូវឱ្យ​យក​សំណាក​ធ្វើតេស្ត​រហ័ស​រក​អង់​ទី​ហ្សែ​ន​កូ​វីដ​-១៩ (Rapid Test) នៅ​ច្រកចូល​ប្រទេស​ហើយ​ត្រូវ​រង់ចាំ​លទ្ធផល​តេស្ត​នេះ​។ បន្ទាប់ពី​ទទួលបាន​លទ្ធផល​តេស្ត​កូ​វីដ​-១៩ អវិជ្ជមាន បុគ្គល​តម្រូវឱ្យធ្វើ​ច​ត្តា​ឡី​ស័ក​រយះពេល ១៤​ថ្ងៃ នៅ​ទីកន្លែង​ដែល​កំណត់ដោយ​ក្រសួងសុខាភិបាល ឬ​អាជ្ញា​ធរមាន​សមត្ថកិច្ច និង​ធ្វើតេស្ត​ដោយ​ម៉ាស៊ីន PCR នៅ​ថ្ងៃទី​១៣ នៃ​ការធ្វើ​ច​តា​ឡី​ស័ក​។ ប្រសិនបើ​ទទួលបាន​លទ្ធផល​តេស្ត​កូ​វីដ​-១៩​វិជ្ជមាន អ្នកជំងឺ​អាចដាក់​ឱ្យ​ព្យាបាល​ឬ​បញ្ជូនទៅ​កន្លែង​ព្យាបាល ដែល​អនុញ្ញាត​ដោយ​ក្រសួងសុខាភិបាល​។ អ្នកដំណើរ​ត្រូវមាន​ឯកសារ​កក់​សណ្ឋាគារ​ស​ម្រា​ប់​ការធ្វើ​ច​ត្តា​ឡី​ស័ក​។ ក្នុងករណី​ពុំមាន​ការ​កក់​សណ្ឋាគារ ត្រូវ​ត្រៀម​សាច់ប្រាក់​ចំនួន ២,០០០​ដុល្លារ​អាមេរិក​( សម្រាប់​អ្នកដំណើរ​បរទេស​) ដើម្បី​តម្កល់​នៅ​ច្រកចូល​កម្ពុជា សម្រាប់​ធានា​ចំណាយ​ទាំងអស់​ពាក់ព័ន្ធ​នឹង​ការធ្វើ​ច​តា​ឡី​ស័ក​ក្នុង អំឡុងពេល​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅពេល​មកដល់​កម្ពុជា​។​

៣-​ក្នុងករណី​ត្រូវការ​ទិដ្ឋាការ​ដើម្បី​ធ្វើដំណើរ​មក​កម្ពុជា អ្នកដំណើរ​ត្រូវ​ស្នើសុំ​ទិដ្ឋាការ​ដែលមាន​សុពលភាព ស្របតាម​នីតិវិធី​នៃ​ច្បាប់​ស្តីពី​អន្តោប្រវេសន៍ ពី​សំណាក់​ស្ថានទូត​កម្ពុជា​ឬ​ពី​ស្ថាន​កុងស៊ុល​កម្ពុជា​។​ការស្នើសុំ ទិដ្ឋាការ​ត្រូវធ្វើឡើង​មុន​ចេញដំណើរ​មក​កម្ពុជា​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា មិនទាន់​អនុញ្ញាត​ឱ្យមាន​ទិដ្ឋាការ​នៅពេល​មកដល់​(Visa on Arrival) នៅឡើយ​។ អ្នកដំណើរ​ដែល​កាន់​លិខិតឆ្លងដែន​នៃ​ប្រទេស​ដែល​មិន​តម្រូវឱ្យ​ស្នើសុំ​ទិដ្ឋាការ អាចធ្វើ​ដំណើរ​មក​កម្ពុ​ជា ដោយ​មិនចាំបាច់​ស្នើសុំ​ទិដ្ឋាការ​ទេ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close