អភិបាល​រាជធានី​ភ្នំពេញ ស្នើឱ្យ​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ កសាង​រោងចក្រ​ផលិត​ទឹកស្អាត​ថ្មី​មួយទៀត នៅ​សណ្តរ​ស្ទឹង​ព្រែក​ត្នោត​

​ភ្នំពេញ​៖ កាលពី​រសៀល​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២១ ឯកឧត្ដម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បានស្នើ​ឱ្យ​អគ្គនាយក​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ កសាង​រោងចក្រ​ផលិត​ទឹកស្អាត​ថ្មី​មួយកន្លែង​ទៀត នៅ​សណ្តរ​ស្ទឹង​ព្រែក​ត្នោត​ភាគ​ខាងលិច​រាជធានី​ភ្នំពេញ ដោយ​យក​ទឹក​ពី​ស្ទឹង​ព្រែក​ត្នោត​មក​ផលិត​ជា​ទឹកស្អាត ដើម្បី​ចែកជូន​ទៅ​ប្រជាពលរដ្ឋ ចំនួន​៣​ខណ្ឌ​នៅ​ជាយ​រាជធានី​ភ្នំពេញ ខណៈ​ដែរ ការផ្តល់​ទឹកស្អាត នៅក្នុង​រាជធានី​ភ្នំពេញ​មិនទាន់​គ្រប់គ្រាន់​នៅឡើយ​នោះ​។​

​ឯកឧត្ដម ឃួ​ង ស្រេង​បាន​មានប្រសាសន៍ថា លោក​មិនមែនជា​ជំនាញ​ពាក់ព័ន្ធ​នឹង​ការងារ​ផលិត​ទឹកស្អាត​នោះទេ ប៉ុន្តែ​អ្វីដែល​លោក​មើលឃើញ​នោះ​គឺ លោក​ចង់អោយ​រដ្ឋាករ​ទឹក​ស្វយ័ត​ក្រុងភ្នំពេញ​បង្កើត​រោងចក្រ​ផលិត​ទឹកស្អាត​មួយ​ថ្មី​ទៀត នៅ​សណ្តរ​ស្ទឹង​ព្រែក​ត្នោត ពោលគឺ​យក​ទឹក​ពី​ស្ទឹង​ព្រែក​ត្នោត មក​ផលិត​ជា​ទឹកស្អាត ដើម្បី​ផ្គត់ផ្គង់​ទឹកស្អាត​ទៅ​ឲ្យ បងប្អូន​ប្រជាពលរដ្ឋ ដែល​រស់នៅ​ខណ្ឌ​៣​នៅ​ជាយក្រុង ក្នុងនោះ​មាន​ខណ្ឌ​កំបូល​ខណ្ឌ ខណ្ឌដង្កោ​និង​ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ ការងារ​នេះ​លោក​ឃួ​ង ស្រេង ស្នើ​ឲ្យ​ខាង​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ​សហការ​ជាមួយនឹង​ក្រសួង​ធនធានទឹក ដើម្បី​សិក្សា​។​

​ក្នុងឱកាស​នោះដែរ ឯកឧត្ដម ឃួ​ង ស្រេង​ក៏បាន​ណែនាំ​ដល់​មន្ត្រីរដ្ឋបាល​រាជធានី​ភ្នំពេញ ពិសេស​លោក​នួន ផា​រ័ត្ន អភិបាលរង​រាជធានី​ភ្នំពេញ ត្រូវ​ណែនាំ​អាជ្ញាធរ​មូលដ្ឋាន ចុះ​ត្រួតពិនិត្យ​ពី​ការយក​តម្លៃ​ទឹកស្អាត​ពី​បងប្អូន​កម្មករ កម្មការិនី នៅតាម​ផ្ទះជួល ដោយ​លោក​ស្នើ​ឲ្យ​អាជ្ញាធរ​ធ្វើយ៉ាងណា​សម្របសម្រួល​ជាមួយ ម្ចាស់​ផ្ទះជួល ដើម្បី​កុំអោយ​ពួកគាត់​យក​តម្លៃ​ទឹកស្អាត​ថ្លៃ​ហួសហេតុ​ពេក គឺ​ត្រឹមតែ​យក​តម្លៃ​ផ្ទះជួល​បាន​ហើយ កុំ​យកចំណេញ​ពី​ទឹក​ប្រើប្រាស់​ថែមទៀត​។​

​ពាក់ព័ន្ធ​ទៅនឹង​ការជីក​កកាយ​ទ្រូងផ្លូវ​ដើម្បី​ដាក់​បំពង់​ទុយោ​ទឹកស្អាត លោក​ឃួ​ង ស្រេង ក៏បាន​ជំរុញ​ឲ្យ​ជំនាញ​ពាក់ព័ន្ធ​មាន​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ និង​មន្ទី​សា​ធារ​ការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​ត្រូវធ្វើ​ការជួសជុល​ឡើងវិញ​ឲ្យ​ត្រឹមត្រូវ​តាម​លក្ខណៈ​បច្ចេកទេស ដែល​អាច​ទទួលយកបាន ក្រោយពី​ការជីក​ដាក់​បំពង់​ទុយោ​ទឹកស្អាត​រួចរាល់​។​

​ក្រោយ​ជំនួប​នោះដែរ ឯកឧត្ដម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​ក៏បាន​ទទួល​អំណោយ​ពី​អគ្គនាយក​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ​នេះ​ផងដែរ ដើម្បី​យកទៅ​ឧបត្ថម​ជីវភាព​ជូន​ប្រជាពលរដ្ឋ​និង​វិធានការ​ទប់ស្កាត់​ការរីក​រាលដាល​ជម្ងឺ​កូ​វីដ​-១៩ នៅក្នុង​រាជធានី​ភ្នំពេញ ដោយ​ក្នុងនោះ បាន​ឧ​បត្ដ​ម​មក​រដ្ឋបាល​រាជធានី​ភ្នំពេញ នូវ​អង្ករ​ចំនួន​២០​តោន អាកុល​២០​កាន​និង​ម៉ាស់​ចំនួន​២០០០០​ម៉ាស់​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close